កន្លែងណាដែលល្អបំផុត សម្រាប់ការអានសៀវភៅ?

បើនិយាយពីការអានសៀវភៅ ប្រហែលជាកំសត់បន្តិចសម្រាប់ប្រជាជនកម្ពុជា ប្រសិនបើយើងប្រៀបធៀបជាមួយប្រជាជនពួកលោកខាងលិច (បស្ចិមប្រទេស)។ នៅតាមឡានក្រុង យន្តហោះ សួនកំសាន្ត ភោជនីយដ្ឋាន និងកន្លែងដទៃទៀត យើងតែងសង្កេតឃើញថាពួកគាត់ចូលចិត្តអានសៀវភៅ ដែលយើងចាត់ទុកជារឿងធម្មតា។ ប៉ុន្តែបើមានប្រជាជនខ្មែរណាម្នាក់អង្គុយលើសួនច្បារ ឬជិះឡានក្រុង ហើយអានសៀវភៅ ប្រហែលហាក់ចំឡែកក្នុងក្រសែភ្នែកអ្នកផងផ្សេងទៀត។ នៅស្រុកខ្មែរ គេសង្កេតឃើញការអានភាគច្រើន គឺនៅផ្ទះរបស់គេ មិនសូវមានឡើយនៅទីសាធារណៈ ប៉ុន្តែយើងខ្ញុំសូមចែករំលែកបន្ថែមពីកន្លែងដែលសាកសមសម្រាប់ការអាន។ 

១. សួនសាធារណៈ៖ វាគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការអាន ពីព្រោះមានខ្យល់អាកាសល្អ បរិសុទ្ធ ដែលធ្វើឲ្យយើងមានអារម្មណ៍ជ្រះថ្លាបំផុត។ ដើមឈើ សួរច្បារស្រស់បំព្រង មនុស្សម្នាដើរទៅមក សុទ្ធតែចូលរួមបង្កើតភាពរីករាយសម្រាប់អ្នកអាន។

២. បណ្ណាល័យ៖ មិនត្រឹមតែផ្ទុកសៀវភៅរាប់ពានក្បាលប៉ុណ្ណោះទេ បណ្ណាល័យក៏ជាកន្លែងស្ងប់ស្ងៀតផងដែរសម្រាប់ការអាន។ អ្នកអាចរកសៀវភៅផ្សេងៗដែលអ្នកពេញចិត្ត រួចក៏អាចអង្គុយអានយ៉ាងស្ងប់ចិត្តផងដែរ។

៣. បណ្ណាគារ ឬហាងកាហ្វេ៖ ក៏ជាកន្លែងសមស្របសម្រាប់ការអានដែរ។ នៅភ្នំពេញ ហាងកាហ្វេ គឺជាកន្លែងពេញនិយមបំផុតសម្រាប់មនុស្សសម័យថ្មី ពិសេសសិស្សនិស្សិតក្នុងការជួបជុំពិភាក្សា ធ្វើកិច្ចការសាលា ឬអានសៀវភៅ។ ទទួលកាហ្វេមួយកែវ កាន់សៀវភៅមួយក្បាល ក៏ធ្វើឲ្យអារម្មណ៍​អ្នកល្អផងដែរជាមួយចំណេះដឹង។

៤. រថយន្តក្រុង ឬរថភ្លើង៖ នៅលើរថយន្តក្រុង ឬរថភ្លើងយើងត្រូវចំណាយពេលរាប់សិបម៉ោង ដើម្បីទៅដល់គោលដៅ ដូចនេះបើយើងយកពេលវេលានោះមកអានសៀវភៅ គឺល្អបំផុត។ ទោះបីជាអ៊ូអរបន្តិច ប៉ុន្តែរយៈពេល ពិតជាអំណោយផលសម្រាប់អ្នកអាន។

៥. គ្រែគេង៖ ហាសហា! ពិតជាពេញនិយមណាស់ សម្រាប់មនុស្សគ្រប់គ្នា បើនិយាយអំពីគេងអានសៀវភៅ។ មិនត្រឹមតែជាកន្លែងប្រសើរសម្រាប់ការអានទេ សៀវភៅក៏ជាថ្នាំងងុយគេងដ៏ល្អបំផុតដែរ ដោយសៀវភៅកាន់តែក្រាស់ កាន់តែឆាប់ងុយគេង។ មិនមែនបែបនេះទេ ការអានសៀវភៅមុនគេង គឺជាទម្លាប់ល្អបំផុតទៀតផង។ ទុកសៀវភៅមួយក្បាលលើក្បាល​ដំណែក រួចកំណត់ទំព័រអាន គឺល្អណាស់។

៦.​​ បន្ទប់ទឹក ឬបង្គន់៖ ប្រហែលជាចំឡែកបន្តិចសម្រាប់អ្នកមិនធ្លាប់ធ្វើ ប៉ុន្តែអស្ចារ្យណាស់ ពិសេសអារម្មណ៍ពេលអានសៀវភៅលើចានបង្គន់។ ពេលឈឺបត់ជើង កុំភ្លេចកាន់សៀវភៅមួយក្បាលទៅផង ពីព្រោះវាធ្វើឲ្យយើងអានចូលបំផុត។ សាកមើលទៅ ពិតជាមានអារម្មណ៍អស្ចារ្យណាស់!!!

ដកស្រង់ពីសៀវភៅ៖ មនុស្ស០០គំនិត១០០០