ឈ្វេងយល់អំពីប្រវតិ្តរបស់ជណ្តើរយោងដែលយើងកំពុងប្រើសព្វថ្ងៃនេះ

ដោយសារតែការរីកចម្រើនរបស់បច្ចេកវិទ្យានិងសេដ្ឋកិច្ច​ ប្រទេសជាច្រើននៅជុំវិញពិភពលោកបាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ហើយជាមួយគ្នានេះ អគារខ្ពស់ៗកប់ពពកក៏ត្រូវបានសាងសង់ផងដែរ។ វត្តមានរបស់អគារខ្ពស់ៗទាំងនោះ ត្រូវការចាំបាច់នូវជណ្តើរយោង ដើម្បីធ្វើជាដំណោះស្រាយក្នុងការដឹកជញ្ជូនអ្នកដំណើរពីជាន់មួយទៅជាន់មួយទៀតនៅក្នុងអគារ។ ក្នុងអត្ថបទនេះ​ យើងនឹងឈ្វេងយល់អំពីប្រវត្តិនៃការបង្កើតជណ្តើរយោង ដែលយើងកំពុងប្រើសព្វថ្ងៃ។

គំនិតនៃការបង្កើតជណ្តើរយោង ត្រូវបានចាប់ផ្តើមដោយការប្រើខ្សែដើម្បីយោងវត្ថុមួយពីទីទាបទៅទីខ្ពស់។ នៅឆ្នាំ២៣៦មុនគ្រិស្តសករាជ គណិតវិទូនិងរូបវិទូជនជាតិក្រិកឈ្មោះ អាឈីមីដេស(Archimedes) បានបង្កើតប្រព័ន្ធខ្សែយោងដោយប្រើខ្សែនិងដុំរ៉ក ហើយភ្ជាប់ខ្សែជាមួយនឹងដុំកង់កមួយដែលមានដៃសម្រាប់បង្វិលទាញខ្សែ។

ជណ្ដើរយោងដំបូងបង្អស់ដែលត្រូវបានគេបង្កើតឡើង (ប្រភព៖ Four2courses)

ក្រោយមកទៀត ជនជាតិរ៉ូម៉ាំងបានច្នៃឧបករណ៍យោងនេះ ដោយប្រើដុំទម្ងន់ធ្វើជាកម្លាំងប្រឈម (counterweight) ដើម្បីទាញខ្សែ។ លុះមកដល់ពាក់កណ្តាលសតវត្សរ៍ទី១៩ ជណ្តើរយោងត្រូវបានកែច្នៃនិងអភិវឌ្ឍទៅជាច្រើនទម្រង់។ លោក អេលីហ្សា អូទីស(Elisha Otis) ជាជនជាតិអាម៉េរិក បានបង្កើតជណ្តើរយោងដែលដំណើរការដោយប្រើចំហាយទឹកនៅឆ្នាំ១៨៥៧ ដោយអាចប្រើបានសម្រាប់អគារកម្ពស់៥ជាន់  ផ្ទុកបានទម្ងន់៤៥០គីឡូក្រាម និងមានល្បឿនអតិបរមា១២ម៉ែត្រ/នាទី។ នៅទ្វីបអឺរ៉ុបវិញ លោក ឡេអុន អ៊ីដូក(Leon Edoux) ដែលជាជនជាតិបារាំង បានបង្កើតជណ្តើរយោងដោយប្រើកម្លាំងទឹក​(Hydraulic Power) ដែលមានល្បឿនអតិបរមា១៥០ម៉ែត្រ/នាទី។ ឆ្នាំ១៨៨០ ក្រុមហ៊ុនអាល្លឺម៉ង់ឈ្មោះ Siemens បានផលិតជណ្តើរយោងដែលប្រើថាមពលអគ្គីសនី។ ត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ នៅឆ្នាំ១៨៨៩ ​លោក ណូតុន អូទីស(Norton Otis) ដែលជាកូនប្រុសរបស់លោក អេលីហ្សា អូទីស បានបន្តបង្កើតជណ្តើរ​យោងតពីឪពុករបស់ខ្លួន ដោយបានផលិតជណ្តើរយោងដឹកមនុស្សដែលអាចផ្ទុកបានដល់៦៧៥គីឡូក្រាម និង១តោន១២៥គីឡូក្រាមសម្រាប់ដឹកទំនិញ និងមានល្បឿនអតិបរមា៣០ម៉ែត្រ/នាទី សម្រាប់ប្រើជាមួយនឹងអគារដែលមានកម្ពស់រហូតដល់២១ម៉ែត្រ។

អស់រយៈពេលជាងពីរសតវត្សរ៍ចុងក្រោយនេះ ជណ្តើរយោងត្រូវបានកែសម្រួលនិងអភិវឌ្ឍឱ្យកាន់តែទំនើប ដោយអាចផ្ទុកទម្ងន់កាន់តែច្រើននិងមានល្បឿនកាន់តែលឿន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យសំណង់ខ្ពស់ៗ រួមជាមួយនឹងការបំពាក់ប្រព័ន្ធសុវត្ថិភាពកាន់តែច្រើននិងទំនើបជាងមុន៕​

សៀវភៅចំណេះដឹងទូទៅរបស់ហាតប៊ុក