រំដោះខ្លួនចេញពីភាពឈឺចាប់ដោយសារអតីតកាលនិងបច្ចុប្បន្នកាលតាមរយៈសៀវភៅ ឥទ្ធិពលនៃបច្ចុប្បន្នកាល

“ឥទ្ធិពលនៃបច្ចុប្បន្នកាល” គឺជាសៀវភៅមួយចំណងជើងដែលត្រូវបានប្រែសម្រួលមកពីសៀវភៅ “The Power of Now” ដែលជាសៀវភៅបរទេសដ៏ល្បីល្បាញរបស់អ្នកនិពន្ធជនជាតិដ់ើមអាល្លឺម៉ង់ អេតខាត ថូឡឺ (Eckhart Tolle) ត្រូវបានប្រែសម្រួលនិងរៀបរៀងជាខេមរភាសាដោយលោក ស៊ូ សុភក្ត្រា និងចេញផ្សាយជាផ្លូវការនៅក្នុងខែកក្កដា ឆ្នាំ២០២១ ដោយគ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក។ សៀវភៅនេះនិយាយទាក់ទងទៅនឹងវិធីសាស្រ្តដែលអាចជួយឱ្យបច្ចុប្បន្នកាលរបស់អ្នកមានភាពល្អប្រសើរ ហើយក៏ផ្ដោតសំខាន់ទៅលើវិធីសាស្រ្តរំដោះខ្លួនចេញពីភាពឈឺចាប់និងការកសាងសេចក្ដីសុខផ្លូវចិត្តផងដែរ។

លោក អេតខាត ថូឡឺ ដែលជាអ្នកនិពន្ធសៀវភៅមួយក្បាលនេះ គឺជាអ្នកជំនាញខាងផ្នែកចិត្តវិញ្ញាណដែលត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយថាជា បុគ្គលដ៏សំខាន់មួយរូបដែលបានលើកទឹកចិត្តនិងជួយដល់សុខភាពផ្លូវចិត្តរបស់មនុស្សជាច្រើននៅលើពិភពលោក។ ក្រៅពីសៀវភៅ The Power of Now លោកក៏បាននិពន្ធសៀវភៅជាច្រើនទៀតអំពីសុខភាពផ្លូវចិត្តនិងការស្វែងរកភាពជាខ្លួនឯងផងដែរ។ កាលពីឆ្នាំ២០១១កន្លងទៅ លោក អេកខាត ត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញខាងចិត្តវិញ្ញាណនិងមានឥទ្ធិពលជាងគេបំផុតនៅលើពិភពលោក តាមរយៈការវាយតម្លៃទៅលើស្នាដៃរបស់លោក ថាជាបុគ្គលដែលបានជួយមនុស្សជាច្រើនឱ្យចៀសផុតពីជំងឺផ្លូវចិត្ត។ គួរបញ្ជាក់ផងដែរថា សៀវភៅ The Power of Now មួយក្បាលនេះ ត្រូវបានអាននិងទទួលស្គាល់ដោយបុគ្គលល្បីៗជាច្រើននៅជុំវិញ ពិភពលោកដូចជា លោកស្រី អូប្រា វីនហ្វ្រ៊ី(Oprah Winfrey), លោក ឌីផាក ឆូប្រា(Deepak Chopra) ដែលជាអ្នកនិពន្ធសៀវភៅ The Seven Spiritual of Success ជាដើម។

សៀវភៅ ឥទ្ធិពលនៃបច្ចុប្បន្នកាល

ខ្លឹមសារនៃសៀវភៅនេះគឺពិតជាសក្តិសមបំផុតចំពោះបងប្អូនដែលចួបប្រទះបញ្ហាផ្លូវចិត្ត តែងតែមានភាពស្មុគស្មាញច្រើន មិនសូវផ្តល់តម្លៃឱ្យជីវិត តែងតែនឹកគិតអំពីអតីតកាលដែលមិនល្អ ឬកំពុងតែស្វែងរកពិធីបំភ្លេចអតីតកាល ឬក៏បញ្ឈប់ខ្លួនឯងពីការខ្វល់អំពីរឿងដែលមិនទាន់កើតឡើង។

គួរបញ្ជាក់ផងដែរថា គ្រប់ចំណុចទាំងអស់នៅក្នុងសៀវភៅនេះ មានលំហាត់ឱ្យអ្នកអានអនុវត្ត, ចំណែកឯមាតិកាវិញ ត្រូវបានបែងចែកទៅជា៨ចំណុចសំខាន់រួមមាន៖

១- អ្នកមិនមែនជាចិត្តរបស់អ្នកឡើយ៖  ក្នុងចំណុចនេះ អ្នកនិពន្ធ សរសេរអំពីការរំដោះខ្លួនឯងចេញពីការគិតអវិជ្ជមាន និងការគ្រប់គ្រងអារម្មណ៍ដែលមានប្រតិកម្មចំពោះរាងកាយអ្នក

២- រំដោះខ្លួនចេញពីសេចក្តីឈឺចាប់៖ ក្នុងចំណុចនេះ អ្នកនិពន្ធសរសេរអំពីការរំលាយសេចក្តីឈឺចាប់ពីអតីតកាល បញ្ឈប់ការឈឺចាប់ក្នុងពេលបច្ចុប្បន្ន និងឈ្វេងយល់អំពីប្រភពនៃភាពភ័យខ្លាច

៣- ដំណើរចូលទៅបច្ចុប្បន្នកាល៖ ក្នុងចំណុចនេះអ្នកនិពន្ធសរសេរអំពីការស្វែងរកខ្លួនឯងនៅក្នុងចិត្ត រំដោះខ្លួនចេញពីពេលវេលាផ្លូវចិត្ត  ដកខ្លួនចេញពីអ្វីដែលស្ថិតនៅពីក្រោយស្ថានភាពជីវិត ធ្វើឱ្យអ្នកអានយល់ថាគ្រប់បញ្ហាគឺគ្រាន់តែជារូបភាពបំភាន់ដែលកើតចេញពីចិត្ត

៤- លក្ខណៈនៃបច្ចុប្បន្នកាល៖ ក្នុងចំណុចនេះអ្នកនិពន្ធសរសេរអំពីសម្រស់ដែលកើតចេញមកពីភាពនឹងធឹងនៃបច្ចុប្បន្នកាល ព្រមទាំងអត្ថន័យនៃការរង់ចាំ

៥- ថាមពលផ្នែកខាងក្នុង៖ ក្នុងចំណុចនេះ អ្នកនិពន្ធសរសេរអំពីការរស់នៅក្នុងនាមជាខ្លួនឯងពិតប្រាកដ ការពង្រឹងភាពស៊ាំផ្លូវចិត្ត ការប្រើចិត្តប្រកបដោយភាពច្នៃប្រតិដ្ឋ

៦- ទំនាក់ទំនងដែលប្រកបដោយសតិសម្បជញ្ញៈ៖ ក្នុងចំណុចនេះ អ្នកនិពន្ធសរសេរអំពីដំណើរនៃសេចក្តីស្រឡាញ់ចូលទៅក្នុងបច្ចុប្បន្នកាល ទំនាក់ទំនងស្នេហាប្រកបដោយការពិចារណា ការប្រើសេចក្តីស្រឡាញ់ និងស្វែងរកភាពពេញលេញនៃជីវិត ការផ្លាស់ប្តូរស្នេហាបែបថ្នាំញៀនទៅជាស្នេហាបែបបញ្ញា

៧- សន្តិភាពផ្លូវចិត្តស្ថិតនៅពីក្រោយសុភមង្គលនិងទុក្ខលំបាក៖ ក្នុងចំណុចនេះ អ្នកនិពន្ធសរសេរអំពីធម្មជាតិនៃចិត្តករុណា បោះបង់ចោលនូវគំនិតអវិជ្ជមាន យល់អំពីភាពមិនទៀងទាត់ និងវដ្ដនៃជីវិត

៨- អត្ថន័យពិតប្រាកដនៃការមិនជំទាស់អ្វីៗដែលបានកើតឡើង៖ ក្នុងចំណុចនេះ អ្នកនិពន្ធសរសេរអំពីការទទួលស្គាល់បច្ចុប្បន្នកាល និងការកែប្រែការឈឺចាប់ឱ្យទៅជាសន្តិភាពផ្លូវចិត្ត។

បងប្អូនដែលចាប់អារម្មណ៍ចង់អានសៀវភៅមួយចំណងជើងនេះ អាចស្វែងរកបាននៅតាមបណ្ណាគារនានាគ្រប់ខេត្ត-រាជធានី បណ្ណាគារអនឡាញ ឬអាចទាក់ទងដោយផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក HeartBookCambodia ក៏បាន។

អត្ថបទដោយ៖ នៅ ចន្ធី

សៀវភៅ ឥទ្ធិពលនៃបច្ចុប្បន្នកាល