ចំណុចពិសេសទាំង​៤អំពីសត្វឆ្មាដែលអ្នកប្រហែលមិនធ្លាប់បានដឹង

នរណាៗក៏ស្រឡាញ់សត្វឆ្មាដែរ ព្រោះពួកវាជាសត្វចិញ្ចឹមមួយប្រភេទដែលមានអាកប្បកិរិយាខុសប្លែកពីសត្វដទៃ​។ ក្រៅពីអាកប្បកិរិយាបែបកំប្លែង និងគួរឱ្យចាប់អារម្មណ៍ សត្វឆ្មាក៏មានចំណុចពិសេសដែលមនុស្សភាគច្រើនមិនបានដឹងផងដែរ។ ខាងក្រោមនេះគឺជា​ចំណុចពិសេសទាំង៤អំពីសត្វឆ្មា៖

​១-​ សត្វឆ្មាមិនអាចដឹងរសជាតិផ្អែមបានទេ

​នៅក្នុងឆ្នាំ២០០៥ អ្នកវិទ្យាសាស្រ្តមកពីមជ្ឈមណ្ឌលម៉ូណែល ខេមីខល សេន(Monell Chemical Senses) នៃក្រុងហ្វីឡាឌែលហ្វៀ(Philadelphia) ​បានរកឃើញថា​ សត្វឆ្មាមិនមានហ្សែនដែលអាចភ្លក្សដឹងរសជាតិផ្អែមបានទេ។ ប៉ុន្តែ​ប្រសិនបើសត្វឆ្មាមិនអាចដឹងរសជាតិផ្អែម តើហេតុអ្វីបានជាវានៅតែស៊ីរបស់ដែលមានជាតិផ្អែមដូចជា ស្ករគ្រាប់ ឬការ៉េម? ​ព្រោះថាក្នុងស្ករគ្រាប់ឬការ៉េមទាំងនោះ មានសារធាតុផ្សំជាច្រើនដែលអាចទាក់ទាញសត្វឆ្មាបាន ដូចជា ក្លិនជាដើម។

២- ក្នុងខ្លួនសត្វឆ្មាមានឆ្អឹងច្រើនជាងមនុស្ស

ក្នុងខ្លួនសត្វឆ្មាមានឆ្អឹងច្រើនជាង២៣០ ខណៈពេលដែលក្នុងខ្លួនមនុស្សយើងមានឆ្អឹងត្រឹមតែ២០៦ប៉ុណ្ណោះ។ ឆ្អឹងដែលលើសនោះ គឺមាននៅក្នុងឆ្អឹងខ្នង និងកន្ទុយរបស់សត្វឆ្មា​ វាជួយឆ្មាឱ្យបត់បែនខ្លួនបានយ៉ាងងាយ​ ព្រមទាំងអាចធ្វើឱ្យឆ្មាមានសមត្ថភាពក្នុងការបង្រួមខ្លួនចូលទៅកាន់ទីកន្លែងចង្អៀតផងដែរ។

៣- អណ្ដាតរបស់ឆ្មាមានរាងដូចជាក្រាសសិតសក់

​ប្រសិនបើអ្នកសំឡឹងមើលអណ្ដាតរបស់សត្វឆ្មាឱ្យជិតនោះ អ្នកនឹងឃើញថា អណ្ដាតរបស់វាមិនមានសភាពរលោងដូចអណ្ដាតសត្វដទៃទៀតនោះទេ គឺវាមានរាងដូចជាក្រាសសិតសក់ទៅវិញ។ មូលហេតុដែលអណ្ដាតរបស់សត្វឆ្មាមានរូបរាងបែបនេះ ក៏ព្រោះតែអណ្ដាតវាមានតួនាទីយ៉ាងសំខាន់ក្នុងការសម្អាតរោមរបស់សត្វឆ្មាឱ្យបានស្អាត។ ដូច្នេះហើយ ទើបយើងតែងតែឃើញរោមរបស់សត្វឆ្មាស្អាតជានិច្ច។​

៤- ​​ឆ្មាអាចផឹកទឹកអំបិលបាន

ចំពោះមនុស្សយើងជាទូទៅ មិនអាចផឹកទឹកអំបិលបានទេ ព្រោះ​ជាតិអំបិលនៅក្នុងទឹកអាចធ្វើឱ្យយើងខូចតម្រងនោមបាន​។ ប៉ុន្តែចំពោះសត្វឆ្មាគឺមិនដូចគ្នានោះទេ ដោយសារតែតម្រងនោមរបស់សត្វឆ្មាអាចច្រោះជាតិអំបិលចេញពីទឹកដែលអាចឱ្យពួកវាប្រើប្រាស់និងផ្តល់ជាតិទឹកឡើងវិញដោយការផឹកទឹកអំបិល។ តែទោះជាសត្វឆ្មាអាចធ្វើបែបនេះបាន ក៏មិនបានន័យថា វាអាចផឹកទឹកអំបិលក្នុងបរិមាណច្រើននោះដែរ ព្រោះបើវាផឹកទឹកអំបិលច្រើន គឺអាចធ្វើឱ្យប៉ះពាល់តម្រងនោមរបស់សត្វឆ្មាទៅវិញ៕

ប្រែសម្រួលដោយ៖ ជ័ង យៀកលីន

ឯកសារយោង៖

https://www.petcarerx.com/article/10-most-amazing-facts-about-cats/2820

https://www.petful.com/food/why-cant-cats-taste-sweet-things/

https://www.cats.org.uk/cats-blog/why-do-cats-have-rough-tongues

https://basepaws.com/blogs/news/top-10-random-facts-about-cats

សៀវភៅចំណេះដឹងទូទៅរបស់ហាតប៊ុក