ស្ទឹង​ពង្រូល ទឹកធ្លាក់លាក់ខ្លួនដែលអ្នកមិនគួរមើលរំលង

ជួរភ្នំ​ដង​រែកគ្របដណ្ដប់​ដោយ​ព្រៃ​បៃតង មាន​ទឹកជ្រោះ ទឹក​ធ្លាក់ ជ្រលងដងអូរជាច្រើន​កន្លែង ដែលសុទ្ធសឹង​តែ​មាន​ទេសភាព​ស្រស់ត្រកាល​ ម្លប់ឈើ​ត្រជាក់ ខ្យល់អាកាស​ធម្មជាតិ សក្តិ​សម​ជា​ទី​សម្រាក​លម្ហែ​ដល់​អ្នក​រាល់គ្នា។ នៅ​ក្នុង​បណ្ដា​តំបន់កម្សាន្ត​ទាំង​នោះ ស្ទឹង​ពង្រូល​មាន​ទេស​ភាព​ធម្មជាតិ​ទាក់ទាញយ៉ាង​ខ្លាំង ទាំង​ទឹក​ធ្លាក់ ​សត្វព្រៃ ​និង​សម្រស់ព្រៃ​បៃតង​អម​ជុំ​វិញ​ស្ទឹង​នេះ

ស្ទឹងពង្រូល​ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង នៅ​ក្នុង​តំបន់អភិរក្ស​របស់​សហគមន៍​ភ្នំទ័ព​ជាង​។ អ្នក​អាច​​ធ្វើ​ដំណើរទៅ​កាន់ទីនោះ​តាម​ផ្លូវ​​៣ខ្សែគឺ ១ខ្សែ​ចូល​តាម​ស្រុកស្រែអំបិល និង​២ខ្សែទៀត​ចូល​តាម​ស្រុក​កំពង់សិលា ​ផ្លូវ​ជាតិ​លេខ៤។ ស្ទឹង​ធម្មជាតិ​មួយ​នេះ​មាន​ទឹក​ហូរ​ខួប​ប្រាំង​ ខួប​វស្សា​ មានទឹក​ធ្លាក់៧ដំណាក់ ចែក​ជា​២តំបន់ គឺ​តំបន់​ខាង​លើនិង​តំបន់ខាង​ក្រោម។ ទឹក​ហូរ​ជ្រែក​តាម​ផែន​ផ្ទាំង​ថ្មធំៗដែល​ផ្ដុំ​គ្នា​ពូន​ជា​ច្រាំង​ចោត​កម្ពស់​ប្រមាណ​ជាង​១០ម៉ែត្រ បង្កើត​ជា​ទី​មនោរម្យ​សម្រាប់អ្នក​មក​កម្សាន្ត​អង្គុយលេង​ ជជែក​គ្នា ងូត​ទឹក​ធ្លាក់ និង​ថតរូប​ស្អាតៗទុក​ជា​អនុស្សាវរីយ៍។ ថ្វី​បើ​ផ្លូវ​ធ្វើ​ដំណើរទៅ​កាន់​ស្ទឹង​ពង្រូល​​នៅ​មាន​លក្ខណៈលំបាក ដោយ​ផ្លូវ​ក្រួស​ក្រហម ឡើង​ទួល​ចុះទួល​ក៏ដោយ ក៏​នៅ​តែមាន​អ្នក​ទេសចរជាច្រើន​ទៅ​កម្សាន្ត​។ ស្ទឹង​ផ្នែក​ខាង​លើ​មាន​ការ​លំបាក​ក្នុង​ការ​ឡើង ប៉ុន្តែ​មាន​ទេសភាព​ស្រស់ស្អាត​និ​ង​អាច​ឱ្យ​ភ្ញៀវ​សម្រាក​បោះតង់បាន។ ប្រសិន​បើអ្នកមិន​ចង់​ឡើង​ទៅ​ផ្នែក​ខាង​លើ​ អ្នក​អាច​កម្សាន្ត​​ងូត​ទឹក​លេង​នៅ​ស្ទឹង​ផ្នែក​ខាង​ក្រោម​ដែល​មាន​ការ​រៀប​ចំ​ជា​​​​តូប​សម្រាប់ឱ្យ​ភ្ញៀវ​អង្គុយ​លេង​និង​មាន​លក់​ចំណីអាហារ​ផងដែរ។ ក្រោម​កិច្ចសហការរវាងអាជ្ញាធរនិងប្រជា​សហគមន៍ ប្រជាពល​រដ្ឋ​ក្នុង​តំបន់​មាន​ការ​យល់​ដឹង​ច្រើន​ពី​អត្ថ​ប្រយោជន៍​ព្រៃ​ឈើ​និង​សត្វ​ព្រៃ និងបាន​ចូល​រួម​ជា​មួយនឹង​មន្ត្រី​អនុរក្ស​និង​អង្គការ​ដៃ​គូ​ក្នុង​កិច្ចការការពារ​ និង​អភិរក្ស​ព្រៃឈើ​និង​សត្វ​ព្រៃ​នៅ​ក្នុង​តំបន់នេះ។ អ្ន​ក​អាច​នឹង​មាន​ឱកាស​បាន​ឃើញសត្វព្រៃដូចជា សត្វទន្សោង ខ្ទីង ដំរី​ ឈ្លូស ជ្រូក​ព្រៃ ស្វា និង​ប្រភេទ​សត្វ​តូច​ដែល​កំពុង​រស់​នៅយ៉ាង​សុខសាន្ត​នៅ​ទីនោះ។

ទឹកធ្លាក់ស្ទឹងពង្រូល (ប្រភព៖ រដ្ឋបាលខេត្តកោះកុង)

រៀបរៀង​ដោយ​៖ គង់​ លក្ខណា

ឯកសារយោង៖

  • ហេង គីមឆេន.(២០២១). ទឹកធ្លាក់ស្ទឹងពង្រូល ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង. រដ្ឋបាលខេត្ត​កោះកុង. អាច​ទាញ​យក​បាន​តាម៖ https://www.kohkong.gov.kh/archives/123061
  • ICT.(១៥ មករា ២០១៦). ទឹក​ធ្លាក់​ស្ទឹង​ពង្រូល​ហូរ​ជ្រែក​ក្រហែង​​ថ្ម​ធំ​ខួប​ប្រាំង​ខួប​វស្សា. ភ្នំពេញប៉ុស្ដិ៍. អាច​ទាញ​យក​បាន​តាម៖ https://www.postkhmer.com
  • Madepo Chin. (១៥ តុលា ២០២១).ទឹកធ្លាក់ស្ទឹងពង្រូលជាទីកម្សាន្តដ៏មនោរម្យសម្រាប់អ្នកទេសចរងូតទឹកលេងនិងទស្សនាព្រៃភ្នំ. AMS CENTRAL. អាច​ទាញ​យក​បានតាម៖ https://ams.com.kh/central/detail/583373

សៀវភៅ ប្រទេសមីយ៉ាន់ម៉ាដ៏ស្មុគស្មាញ