មកឈ្វេងយល់អំពីភាពស្មុគស្មាញនៃប្រទេសមីយ៉ាន់ម៉ាតាមរយៈសៀវភៅ ប្រទេសមីយ៉ាន់ម៉ាដ៏ស្មុគស្មាញ

សៀវភៅ ប្រទេសមីយ៉ាន់ម៉ាដ៏ស្មុគស្មាញ គឺជាស្នាដៃរៀបរៀងថ្មីមួយដែលទើបនឹងចេញផ្សាយកាលពីដើមខែវិច្ឆិកាដោយគ្រឹះស្ថានហាតប៊ុក ដែលសៀវភៅមួយចំណងជើងនេះបានលើកយកនូវព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាមកបង្ហាញ ជាពិសេសស្ថានភាពវិវត្តន៍ចុងក្រោយនៃនយោបាយក្នុងប្រទេស ស្របពេលដែលយោធាបានឡើងកាន់អំណាចក្រោយការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលចាស់បានដោយជោគជ័យកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ តាមរយៈស្នាដៃថ្មីនេះ បងប្អូនប្រាកដជានឹងភ្ញាក់ផ្អើលចំពោះចំណេះដឹងអំពីប្រទេសក្នុងតំបន់មួយនេះជាមួយនឹងកម្ពុជាជុំវិញទិដ្ឋភាពផ្ទៃក្នុងនិងអន្តរជាតិ ជាពិសេសគឺការប្រៀបធៀបរវាងប្រទេសមីយ៉ាន់ម៉ានិងកម្ពុជា និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ។

សៀវភៅ ប្រទេសមីយ៉ាន់ម៉ាដ៏ស្មុគស្មាញ

សៀវភៅ ប្រទេសមីយ៉ាន់ម៉ាដ៏ស្មុគស្មាញ ក្តោបខ្លឹមសារលើមាតិកាសំខាន់ៗមួយចំនួនដូចជា ស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ ប្រវត្តិសាស្ត្រ រចនាសម្ពន្ធនិងការគ្រប់គ្រងប្រទេស ទំនាក់ទំនងការទូតរបស់ប្រទេសមីយ៉ាន់ម៉ាជាមួយនឹងប្រទេសកម្ពុជា ការវិវត្តនៃសេដ្ឋកិច្ចជាតិនិងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ និងទិដ្ឋភាពនៃសង្គម-វប្បធម៌របស់មីយ៉ាន់ម៉ា។

ចំពោះបងប្អូនដែលមានទំនោរចូលចិត្តការអានបែបសង្គមជាតិនិងនយោបាយ សៀវភៅនេះគឺពិតជាសក្តិសមសម្រាប់ប្រើជាមូលដ្ឋានពង្រីកចំណេះដឹងអំពីប្រទេសមីយ៉ាន់ម៉ាដែលធ្លាប់ជាមហាអំណាចនៅអាស៊ីអាគ្នេយ៍កាលពីអតីត។ ជាងនេះទៅទៀត បងប្អូននឹងបានដឹងឮអំពីភាពខ្លាំង-ភាពខ្សោយរបស់ប្រទេសនិងឥទ្ធិពលដែលសាយភាពចេញពីទង្វើរបស់អ្នកដឹកនាំ ដែលសមទៅនឹងពាក្យមួយឃ្លាថា “អ្នកដឹកនាំជាការកាន់ចង្កូតនាវាប្រទេស”។ ជាពិសេស រាល់ពុទ្ធិទាំងនេះនឹងជាជំនួយដល់ការវិភាគនិងការសម្រេចចិត្តស្របតាមស្ថានភាពចាំបាច់ផងដែរ។

ជារួម សៀវភៅនេះមិនត្រឹមតែដើរតួជាមគ្គទេសក៍វៃឆ្លាតដែលអាចនាំបងប្អូនទៅគយគន់ទស្សនានូវលក្ខណសម្បត្តិនៃទឹកដីមីយ៉ាន់ម៉ា ទិដ្ឋភាពប្រជាជនមីយ៉ាន់ម៉ា ដំណើរដើមទងនៃការកកើតប្រទេសមីយ៉ាន់ម៉ា សង្គ្រាមបែកបាក់ចម្បាំងរាំងជល់ ការរើសអើង ការផ្សះផ្សារនិងការរួបរួមប៉ុណ្ណោះទេ ថែមទាំងជាផ្លូវឆ្ពោះទៅរកចំណេះដឹងថ្មីៗទាក់ទងនឹងការដឹកនាំ ចិត្តសាស្ត្រ ការតស៊ូជម្នះ ការឆ្លើយតបនឹងបញ្ហាបន្ទាន់ និងភាពស្មុគស្មាញដែលបានកើតឡើងនៅក្នុងប្រទេសនេះ។

សៀវភៅ ប្រទេសមីយ៉ាន់ម៉ាដ៏ស្មុគស្មាញ

គួរបញ្ជាក់ថា បន្ថែមពីការសិក្សាឈ្វេងយល់ពីភាគស្មុគស្មាញរបស់ប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានយកមកសម្រាយយ៉ាងក្បោះក្បាយនៅក្នុងសៀវភៅនេះ បងប្អូនក៏អាចឈ្វេងយល់ពីប្រទេសថៃ វៀតណាម និងឡាវ តាមរយៈសៀវភៅរបស់គ្រឹះស្ថានហាតប៊ុកមួយចំណងទៀតគឺ ប្រទេសជិតខាងកម្ពុជា ដែលសៀវភៅនេះបានបង្កប់នូវពុទ្ធិជាច្រើនតាំងពីភូមិសាស្ត្រ សេដ្ឋកិច្ច នយោបាយ ដល់ប្រវត្តិសាស្ត្រទៀតផង។

ប្រសិនបើបងប្អូនចាប់អារម្មណ៍ចង់ជាវសៀវភៅខាងលើនេះ អាចស្វែងរកបាននៅតាមបណ្ណាគារ តូបលក់សៀវភៅ និងបណ្ណាគារសៀវភៅអនឡាញនានានៅតាមបណ្ដាខេត្ត/រាជធានី ឬអាចទាក់ទងដោយផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក HeartBookCambodia ក៏បាន។ សូមអរគុណ!

សៀវភៅ ប្រទេសជិតខាងកម្ពុជា