សៀវភៅ ស្ត្រីដែលនៅពីក្រោយបុរសខ្លាំង នឹងបង្ហាញអំពីឥទ្ធិពលរបស់ស្រ្តីក្នុងការជ្រោមជ្រែងបុរសជោគជ័យ

“ស្ត្រីដែលនៅពីក្រោយបុរសខ្លាំង” ជាសៀវភៅដែលលើកយកសាច់រឿងរបស់ភរិយានិងអតីតភរិយារបស់មេដឹកនាំកំពូលនិងមហាសេដ្ឋីនៅក្នុងពិភពលោកចំនួន៦រូប ដែលពួកគេបានចំណាយទាំងពេលវេលា ទាំងធនធាន ដើម្បីកសាងស្នាដៃទាំងនៅក្នុងវិស័យនយោបាយ ជំនួញ និងមនុស្សធម៌ ព្រមទាំងជាការចូលរួមផ្លាស់ប្តូរសង្គមជាតិនិងពិភពលោកឱ្យកាន់តែវិវត្តប្រសើរទៅមុខ។ ជាពិសេស សៀវភៅនេះនឹងជាផ្លូវទៅរកការបកស្រាយអំពីឃ្លាមួយដែលបានលើកឡើងថា “គ្មានបុរសជោគជ័យណាដែលគ្មានស្ត្រីនៅពីក្រោយនោះឡើយ” រហូតដល់ឃើញថា បុរសនិងស្ត្រីគឺជាការផ្គួបផ្សំរវាងថាមពលនិងថាមពលដែលធ្វើឱ្យពួកគេកាន់តែខ្លាំងនិងយកឈ្នះលើបញ្ហាទាំងឡាយបាន រួមទាំងឆន្ទៈដ៏រឹងមាំរបស់ស្ត្រីដែលបានជួយជ្រោមជ្រែងដល់ភាពជោគជ័យរបស់បុរស។

ស្ត្រីរឹងមាំ ក្លាហាន និងជាឧត្តមភរិយាទាំង៦ដែលសៀវភៅនេះលើកយកមកបង្ហាញមានដូចជា៖

  • លោកស្រី មីឆែល អូបាម៉ា ភរិយារបស់លោក បារ៉ាក់ អូបាម៉ា
  • លោកស្រី ផឹង លីយាន ភរិយារបស់លោក ស៊ី ជីនពីង
  • លោកស្រី ជីល បៃដិន ភរិយារបស់លោក ចូ បៃដិន
  • លោកស្រី មេលីនដា ហ្គេតស៍ អតីតភរិយារបស់លោក ប៊ីល ហ្គេតស៍
  • លោកស្រី ព្រីស៊ីឡា ចាន់ ភរិយារបស់លោក ម៉ាក ហ្សាក់កឺបឺក
  • លោកស្រី ចាង អ៊ីង ឬ ខាស៊ី ចាង ភរិយារបស់លោក ជែក ម៉ា។

អ្នកអានទាំងឡាយ ជាពិសេសស្ត្រីៗនឹងទទួលជ្រាបកាន់តែច្បាស់នូវដំណើរជីវិតរបស់ស្ត្រីខ្លាំងទាំងនោះចាប់តាំងពីកំណើត ប្រវត្តិសិក្សា ចំណងអាពាហ៌ពិពាហ៌ រួមទាំងការរួបរួមគ្នាជាមួយនឹងស្វាមីដើម្បីភាពរីកចម្រើនក្នុងគ្រួសារ សង្គម និងពិភពលោក ព្រមទាំងដើរតួជាជំហរដ៏រឹងមាំដើម្បីកសាងសមិទ្ធផលដ៏ថ្លៃថ្លា ជាពិសេសមេរៀនជីវិតដែលជាកត្តាជំរុញដល់ការលូតលាស់ កម្លាំងសាមគ្គី និងការមិនងាយចុះចាញ់ផងដែរ។ កាន់តែពិសេសជាងនេះ គឺអ្នកនឹងបានឃើញច្បាស់ថា ក្នុងកាលៈទេសៈណាក៏ដោយ ស្ត្រីនៅតែមានតម្លៃផ្ទាល់ខ្លួនជានិច្ ចមិនថាជួយជ្រោមជ្រែងបុរសនៅពីក្រោយឬចេញមុខដោយផ្ទាល់នោះទេ ហើយក៏គ្មានដំណើរប្រព្រឹត្តទៅណាដែលរហូនសឹងតែមិនចួបឧបសគ្គឡើយ។

សូមបញ្ជាក់ថា ប្រសិនបើបងប្អូនដែលមានចំណាប់អារម្មណ៍ចង់ជាវសៀវភៅខាងលើនេះ អាចស្វែងរកនៅក្នុងបណ្ណាគារមួយចំនួននៅក្បែរលោកអ្នក ឬទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក HeartBookCambodia ជាដើម៕

អត្ថបទដោយ៖ ឆេង ភត្រា

ត្រួតពិនិត្យនិងកែសម្រួលដោយ៖ លក់ តុងអេង

សៀវភៅ ស្ត្រីដែលនៅពីក្រោយបុរសខ្លាំង