ប្រាសាទបុរាណទាំង៤ក្នុងខេត្តបាត់ដំបង

បាត់ដំបង ជាខេត្តចំណាស់មួយស្ថិតនៅក្នុងភូមិភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា។ វាមានចម្ងាយ២៩១គ.ម ពីរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥។ ទឹកដីមួយនេះមានភាពល្បីល្បាញច្រើនយ៉ាង ទាំងអាហារឆ្ងាញ់ ដំណាំសម្បូរបែប ប្រជាជនមានអធ្យាស្រ័យល្អ និងមានកន្លែងកម្សាន្តច្រើនប្រភេទ ទាំងប្រវត្តិសាស្រ្ត វប្បធម៌ ធម្មជាតិ និងកែច្នៃ។ ថ្វីបើខេត្តបាត់ដំបងមិនសម្បូរប្រាង្គប្រាសាទដូចជាខេត្តសៀមរាបក្ដី ក៏ខេត្តមួយនេះមានប្រាសាទល្បីៗទទួលអ្នកទស្សនាទាំងក្នុងស្រុកនិងជនបរទេសផងដែរ។ ទីទួលប្រាសាទបុរាណមាននៅពាសពេញខេត្ត ប៉ុន្តែភាគច្រើនគឺជាដីទួលបុរាណ ឬបង្គោលគ្រឹះប៉ុណ្ណោះ។ ចំណែកឯប្រាសាទដែលនៅមានរូបរាងច្បាស់ សព្វថ្ងៃមានចំនួន ៤ប្រាសាទគឺ ប្រាសាទបាណន់ ប្រាសាទឯកភ្នំ ប្រាសាទស្នឹង និងប្រាសាទបាសែត។

១- ប្រាសាទបាណន់ (Banan Temple)

ប្រភពរូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

រមណីយដ្ឋានភ្នំបាណន់ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងខេត្តបាត់ដំបងដោយសារវត្តមានប្រាសាទបាណន់ដែលឈរសម្ញែងខ្លួននៅលើភ្នំបាណន់។ ប្រាសាទនេះស្ថិតនៅខាងត្បូងទីរួមខេត្ត មានចំងាយប្រមាណ២០.២០គ.ម ពីទីរួមខេត្តបាត់ដំបង នៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្ដាលស.វ.ទី១១ និងចុងស.វ.ទី១២ ដោយព្រះបាទឧទយាទិត្យាវរ្ម័នទី២ និងក្រោយមកដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានលក្ខណៈនិងរចនាបទដូចទៅនឹងប្រាសាទអង្គរវត្ត។ មានល្អាងសំខាន់ពីរនៅជើងភ្នំ គឺល្អាងអង្គរបិទមាស ទោះមិនមានមាសក្ដីតែអ្នកអាចឃើញពន្លឺផ្លេកដែលមាននៅតាមជញ្ជាំងល្អាងដូចពន្លឺមាស និងល្អាងមួយទៀតឈ្មោះ ល្អាងឈូង ឬឈូងអាជ័យ។ ទេសភាពនិងខ្យល់អាកាសនៅទីនោះពិតជាមនោរម្យសម្រាប់អ្នកទស្សនាគ្រប់គ្នា។

២- ប្រាសាទឯកភ្នំ (Ek Phnom Temple)

ប្រភពរូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

ប្រាសាទឯកភ្នំ ក៏ជាប្រាសាទដែលមានប្រជាប្រិយមួយផងដែរសម្រាប់អ្នកខេត្តបាត់ដំបង។ ថ្ងៃឈប់សម្រាកសំខាន់ៗ តែងមានមនុស្សចូលទស្សនាមិនដែលដាច់។ ប្រាសាទឯកភ្នំ ត្រូវបានសង់លើទួលខ្ពស់ដូចកូនភ្នំ ដែលស្ថិតនៅក្នុងភូមិចុងឆ្មារ ឃុំពាមឯក ស្រុកឯកភ្នំ ចម្ងាយប្រមាណ១២.២៩គ.ម ពីទីរួមខេត្ត។ ប្រាសាទនេះត្រូវបាងកសាងក្នុងស.វ.ទី១១ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា។ប្រាសាទឯកភ្នំ មានរាង៤ជ្រុង សង់លើខឿនមួយមានពីរថ្នាក់ និងមានថែវព័ទ្ធជុំវិញ។ នៅតាមផ្នែកមួយចំនួននៃប្រាសាទគេសង្កេតឃើញមានចម្លាក់និងសិលាចារឹកខ្លះបន្សល់ទុក មានភាពច្បាស់និងរស់រវើកគួរជាទីទស្សនា ព្រមទាំងមានម្លប់ដើមពោធិ៍ត្រឈឹងត្រឈៃជាច្រើនដុះនៅជុំវិញប្រាសាទ បង្កើតបានជាម្លប់ត្រជាក់និងខ្យល់បរិសុទ្ធ។ គូទឹកខាងត្បូងត្រូវបានក្លាយជាស្រះទឹកសម្រាប់ព្រះសង្ឃប្រើប្រាស់ រីឯគូទឹកខាងជើងមានព្រះពុទ្ធបដិមាធំមួយដែលសាងសង់មិនហើយ ដោយសារមានបញ្ហាចម្រូងចម្រាសរវាងគណៈកម្មការវត្តឯកភ្នំនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ព្រោះតែបដិមានោះសង់ក្នុងគូទឹកនិងមានកម្ពស់ខ្ពស់ជាងប្រាសាទឯកភ្នំ។

៣- ប្រាសាទបាសែត (Baset Temple)

ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

ប្រាសាទបាសែតត្រូវបានសង់នៅលើទីទួលស្ថិតនៅក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ចំងាយ១៤គ.ម ពីទីរួមខេត្ត។ ប្រាសាទបាសែត ឬប្រាសាទជ័យក្សេត្រត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ ក្នុងស..ទី១១។ មានស្រះបុរាណមួយស្ថិតនៅ ក្នុងបរវេណប្រាសាទ អាចផ្ដល់ទឹកបានខួបប្រាំងខួបវស្សាបាន។ វាមានបណ្ដោយ២០ម៉ែត្រ ទទឹង១២ម៉ែត្រនិងជម្រៅ១០ម៉ែត្រ។ ប្រាសាទបាសែត មិនមានរូបរាងនៅល្អច្រើនដូចប្រាសាទបាណន់ និងប្រាសាទឯកភ្នំឡើយ។ ដោយសារភាពចំណាស់ រងការប៉ះពាល់ពីធម្មជាតិនិងមនុស្ស ជាពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានវាយបំផ្លាញចោលនិងវាយយកថ្មប្រាសាទទៅធ្វើសំណង់នានា ព្រមទាំងមានការជីកកកាយរកវត្ថុមានតម្លៃផងដែរ ទើបធ្វើឱ្យប្រាសាទនេះខូចខាតនិងបាក់បែកស្ទើររាបដល់ដី។ ក្រោមគម្រោងជួសជុលប្រាសាទដ៏ប្រណីតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រាសាទបាសែតបានជួសជុលឡើងវិញចាប់ពីឆ្នាំ២០១៥ដល់ឆ្នាំ២០១៨។ ក្នុងកំឡុងពេលនោះគេបានរកឃើញបដិមានិងវត្ថុបុរាណជាច្រើន ហើយបានប្រគល់ឱ្យរក្សាទុកនៅក្នុងសារៈមន្ទីរខេត្ត។ ក្រោយការជួសជុលបានបញ្ចប់ ប្រាសាទបាសែត ត្រូវបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញនៅពាក់កណ្ដាលឆ្នាំ២០១៨។

៤- ប្រាសាទស្នឹង (Sneng Temple)

ប្រភពរូបភា៖ រដ្ឋបាលខេត្ដបាត់ដំបង

ប្រាសាទស្នឹងជាប្រាសាទចំណាស់មួយនៃខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិស្នឹងខាងកើត ឃុំស្នឹង ស្រុកបាណន់ ចម្ងាយប្រមាណ២២.៥៨គ.ម ពីទីរួមខេត្ត។ ប្រាសាទនេះត្រូវបានកសាងក្នុងស.វទី១២ និងត្រូវបែងចែកជាពីរគឺ ប្រាសាទស្នឹងខាងកើត និងប្រាសាទស្នឹងខាងលិច។ ប្រាសាទទាំងពីរនេះស្ថិតនៅក្នុងបរិវេណវត្តស្នឹង។ ប្រាសាទស្នឹងខាងកើតត្រូវបានកសាងឡើងពីឥដ្ឋនៅលើដីទួល មានលក្ខណៈដូចចេតិយ មានប៉មចំនួនបីនៅដាច់ពីគ្នា។ នៅខាងមុខប្រាសាទមានស្រះទឹកធំមួយដែលលាតសន្ធឹងពីជើងទៅត្បូង។ ចំណែកប្រាសាទស្នឹងខាងលិចជាប្រាសាទទោលមានទ្វារទាំង៤ទិស ធ្វើពីថ្មភក់។ កំពូលប្រាសាទនេះបានធ្លាក់ចុះដែលមិនអាចឱ្យយើងចូលទៅខាងក្នុងបានឡើយ។

រៀបរៀងដោយ៖ គង់ លក្ខណា

ពិនិត្យ និងកែសម្រួលដោយ៖ លក់ តុងអេង

ឯកសារយោង៖
គេហទំព័ររដ្ឋបាលខេត្តបាត់ដំបង
គេហទំព័រមន្ទីរទេសចរណ៍ខេត្តបាត់ដំបង
គេហទំព័រAMS CENTRAL
គេហទំព័រវិទ្យុបារាំង RFI
គេហទំព័រភ្នំពេញប៉ុស្ស
គេហទំព័រOHH! កម្ពុជា
គេហទំព័រសារព័ត៌មានអេឡិចត្រូនិច ថ្មីៗ២៥រាជធានី-ខេត្ត