ការពិត៧យ៉ាងដែលអ្នកប្រហែលមិនធ្លាប់បានដឹងអំពីសត្វដំរី

ដំរី គឺជាសត្វដែលធំជាងគេនៅក្នុងពិភពលោកក្នុងចំណោមសត្វជើងបួនដែលរស់នៅលើដីទាំងអស់ ដែលដំរីឈ្មោលជាមធ្យមមានកម្ពស់រហូតដល់៣ម៉ែត្រ និងមានទម្ងន់រហូតដល់ទៅ៦តោន។ ដំរីឈ្មោលពេញវ័យនៅអាយុ៣៥-៤០ឆ្នាំ គឺស្មើនឹងពាក់កណ្ដាលជីវិតរបស់ពួកវាទៅហើយ ព្រោះដំរីអាចរស់នៅបានពី ៦០-៧០ ឆ្នាំ។ ជាពិសេសមិនត្រឹមតែដំរីដែលពេញវ័យប៉ុណ្ណោះទេដែលមានមាឌធំ សូម្បីតែកូនដំរីក៏មានមាឌធំដែរ ពោលគឺវាកើតមកអាចមានទម្ងន់រហូតដល់ទៅ១២០គីឡូក្រាមឯណោះ។ ខាងក្រោមនេះគឺជាការពិតដ៏គួរឱ្យចាប់អារម្មណ៍៧យ៉ាងដែលអ្នកប្រហែលមិនធ្លាប់ដឹងអំពីសត្វដំរី៖

ប្រភពរូបភាព៖ គេហទំព័រ South China Morning Post

១- លក្ខណៈពិសេសនៃត្រចៀកដំរីទាំងពីរប្រភេទ

សត្វដំរីត្រូវបានបែងចែកជាពីរប្រភេទគឺដំរីអាហ្វ្រ៊ិកនិងដំរីអាស៊ី។ ត្រចៀកដំរីទ្វីបអាហ្វ្រ៊ិកធំជាងត្រចៀកដំរីនៅទ្វីបអាស៊ី។ មិនតែប៉ុណ្ណោះ វាក៏មានប្រមោយខុសគ្នាផងដែរ។ តួយ៉ាង ដំរីអាហ្វ្រិកមានចុងប្រមោយព្រែកជាពីរ ចំណែកដំរីអាស៊ីមានប្រមោយតែមួយប៉ុណ្ណោះ។

២- ប្រមោយរបស់វាមានជំនាញដ៏អស្ចារ្យ

ប្រមោយរបស់សត្វដំរីគឺជាសរីរាង្គរសើបបំផុតក្នុងចំណោមសរីរាង្គទាំងអស់នៅក្នុងសារពាង្គកាយសត្វដំរី។ ដំរីមានសមត្ថភាពអាចប្រើប្រមោយរបស់វាដើម្បីបូមទឹក ហើយវាអាចផ្ទុកទឹកបានដល់ទៅ៨លីត្រឯណោះ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺវាអាចប្រើប្រមោយដើម្បីហែលទឹកបានទៀតផង។

៣- ភ្លុកដំរីគឺជាធ្មេញ

ភ្លុកដំរីគឺជាធ្មេញរបស់វា ដែលដុះចេញមកនៅពេលដែលវាមានអាយុប្រហែល២ឆ្នាំ។ ភ្លុកដំរីបានបន្តដុះរហូតពេញមួយជីវិតរបស់វា។ ភ្លុកត្រូវបានប្រើជាជំនួយក្នុងការរកចំណី ជីកឫសឈើ ឬសម្រាប់ជល់ប្រយុទ្ធគ្នាផងដែរ។ ប៉ុន្តែភ្លុកដ៏ស្រស់ស្អាតនេះក៏អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់វាទៀតផង ព្រោះមនុស្សចង់បានភ្លុកដំរីដើម្បីយកទៅធ្វើជាគ្រឿងមានតម្លៃផ្សេងៗ ដែលជាហេតុនាំឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់ពួកវា។

៤- ដំរីជាសត្វដែលមានស្បែកក្រាស់

ស្បែករបស់ដំរីមានកម្រាស់រហូតដល់ទៅ២.៥សង់ទីមែត្រ។ ស្បែកដែលជ្រួញរបស់វាអាចរក្សាជាតិទឹកបានលើសស្បែករាបស្មើធម្មតារហូតដល់ទៅ១០ដង ដែលជួយឱ្យខ្លួនវាត្រជាក់ និងរក្សាស្បែកមិនឱ្យស្ងួត ព្រមទាំងការពារស្បែកពីពន្លឺព្រះអាទិត្យក្តៅខ្លាំងបានថែមទៀតផង។

៥- ពួកវាទាក់ទងគ្នាតាមសំឡេងលំញ័រ

សត្វដំរីប្រាស្រ័យទាក់ទងគ្នាតាមវិធីច្រើនយ៉ាង ទាំងសំឡេងដូចជាការស្រែករោទិ៍ ភាសាកាយវិការ ការប៉ះ និងក្លិនជាដើម។ ពួកវាក៏អាចដឹងបានតាមរយៈរញ្ជួយដីផងដែរ ព្រោះវាជាសំឡេងដែលបង្កើតឱ្យមានលំញ័រនៅក្នុងដីដែលពួកវាអាចដឹងតាមរយៈឆ្អឹងរបស់វាបាន។

៦- កូនដំរីអាចឈរបាន២០នាទី នៅពេលដែលវាកើតមកភ្លាម

វាពិតជាអស្ចារ្យណាស់ដែលកូនដំរីអាចឈរបាន២០នាទីនិងដើរបានមួយម៉ោងក្រោយពេលកើតមកភ្លាម។ ក្រោយពេលកើតបាន២ថ្ងៃ វាអាចដើរជាមួយនឹងហ្វូងដំរីបាន។ សមត្ថភាពដ៏អស្ចារ្យនេះ អាចធ្វើឱ្យពួកវាធ្វើដំណើរដើម្បីស្វែងរកអាហារ និងទឹកដើម្បីចិញ្ចឹមជីវិតបាន។

៧- ដំរីមិនងាយភ្លេចទេ

សត្វដំរីជាសត្វដែលមានខួរក្បាលធំ ហេតុនេះហើយទើបធ្វើឱ្យវាក្លាយជាសត្វដែលមិនងាយភ្លេច ព្រមទាំងងាយចងចាំបានយ៉ាងល្អជាទីបំផុត។

ទោះបីយ៉ាងណាក៏ដោយ វាគឺជារឿងដែលគួរឱ្យស្តាយណាស់ ព្រោះដំរីប្រហែល៩០%នៅទ្វីបអាហ្វ្រិកត្រូវបានសម្លាប់ច្រើនទសវត្សរ៍មកហើយ ដោយសារការជួញដូរភ្លុកដែលធ្វើឱ្យដំរីដែលរស់នៅសព្វថ្ងៃមានប្រមាណតែ៤១៥ ០០០ក្បាលប៉ុណ្ណោះ។ ដំរីអាស៊ីក៏កំពុងរងការគំរាមកំហែងផងដែរ ពោលគឺដំរីយ៉ាងតិច៥០%បានធ្លាក់ចុះនៅរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះដំរីគឺនៅសល់តែប្រមាណ៤៥ ០០០ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃបច្ចុប្បន្ន ហើយវាត្រូវបានផ្លាស់ប្ដូរជម្រកជាញឹកញាប់ ដោយសារមនុស្សកាប់ព្រៃឈើយកទៅធ្វើផ្ទះ ហើយពួកវាថែមទាំងពិបាកក្នុងការស្វែងរកអាហារនិងទឹក ជាពិសេសអាចមានគ្រោះថ្នាក់នៅពេលចួបមនុស្ស៕

ប្រែសម្រួលដោយ៖ ស៊ុយ សុមិនា

ត្រួតពិនិត្យ និងកែសម្រួលដោយ៖ លក់ តុងអេង

ប្រភព៖ គេហទំព័រ wwf

សៀវភៅចំណេះដឹងទូទៅរបស់ហាតប៊ុក