រឿងពិតដែលគួរឱ្យចាប់អារម្មណ៍ទាំង៥ចំណុចអំពីសត្វត្រី

​ត្រី គឺជាសត្វមួយប្រភេទដែលមិនសូវទទួលបានការចាប់អារម្មណ៍ពីមនុស្សប៉ុន្មានទេ ព្រោះយើងគិតថា ក្រៅពីជាចំណីអាហាររបស់មនុស្សនិងជាសត្វសម្រាប់តាំងលម្អនៅក្នុងអាងហើយនោះ ត្រីគ្មានអ្វីពិសេសដែលយើងគួរឈ្វេងយល់ទៀតឡើយ។ តាមការពិតទៅ ត្រីក៏មានលក្ខណៈពិសេសជាច្រើនដែលមនុស្សយើងមិនធ្លាប់បានដឹង។ ខាងក្រោមនេះ គឺជាចំណុចពិសេសទាំងប្រាំយ៉ាងអំពីសត្វត្រី៖

១- ត្រីក៏ចេះលង់ទឹកដែរ៖ ត្រីអាចរស់បានគឺដោយសារតែអុកស៊ីសែនដែលមាននៅក្នុងទឹក។ ហេតុនេះហើយ បានជាអាងត្រីភាគច្រើនមានអុកស៊ីសែនសម្រាប់ឱ្យត្រីបានដកដង្ហើម។ បើមិនដូច្នេះទេ វានឹងលង់ទឹកស្លាប់

២-​ ត្រីអាចការពារត្រីផ្សេងៗទៀតពីជំងឺ៖ ​ត្រីមួយប្រភេទដែលអ្នកវិទ្យាសាស្រ្តហៅថា ត្រីអ្នកសម្អាត ឬ Cleaner Fish អាចការពារត្រីផ្សេងៗទៀតពីជំងឺបាន ដោយវាបានស៊ីប៉ារ៉ាស៊ីតឬសាច់ងាប់ៗចេញពីខ្លួនរបស់ត្រីផ្សេងទៀត។ ត្រីផ្សេងៗតែងតែរកកន្លែងដែលមានត្រីប្រភេទនេះរស់នៅដើម្បីសម្អាតខ្លួនរបស់ពួកវា

រូបភាពត្រីគ្លីននើហ្វីស(Cleaner Fish) (ប្រភពរូបភាព៖ faunalytics)

៣- ត្រីឆ្លាមក៏មានត្របកភ្នែកដែរ៖ ត្រីទាំងអស់មិនមានត្របកភ្នែកទេ លើកលែងតែត្រីឆ្លាមប៉ុណ្ណោះដែលមានត្របកភ្នែក។ ត្របកភ្នែករបស់ត្រីឆ្លាមមានតួនាទីសម្រាប់ការពារភ្នែករបស់វា នៅពេលដែលវាស៊ីឬប្រយុទ្ធជាមួយនឹងត្រីឆ្លាមផ្សេងទៀត។ តែទោះជាយ៉ាងនេះក្ដី ត្របកភ្នែករបស់ត្រីឆ្លាមក៏មិនអាចការពារភ្នែករបស់វាបានទាំងស្រុងនោះដែរ

រូបភាពត្របកភ្នែករបស់ត្រីឆ្លាម (ប្រភពរូបភាព៖Only Zoology)

៤- ​ត្រីអាចកំណត់អត្តសញ្ញាណត្រីផ្សេងទៀតបាន៖ នៅពេលដែលយើងសម្លឹងមើលត្រីដែលមានប្រភេទដូចគ្នា យើងដឹងត្រឹមតែថា ត្រីទាំងនោះមានលក្ខណៈនិងពណ៍សម្បុរដូចគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែចំពោះត្រីគ្នាឯងវិញ វាពិតជាអាចបែកចែកអត្តសញ្ញាណគ្នាឯងបាន។ លើសពីនេះទៅទៀត ត្រីក៏អាចកំណត់សម្គាល់មុខរបស់មនុស្សបានផងដែរ។

៥-​ ត្រីក៏ចេះប្រើឧបករណ៍ដែរ៖ ឧបករណ៍ក្នុងន័យនេះមិនសំដៅទៅដល់ទួរណឺវិសឬឧបករណ៍សម្រាប់ជួសជុលផ្សេងៗឡើយ ប៉ុន្តែគឺសំដៅទៅលើការប្រើប្រាស់ថ្មនៅក្នុងទឹកដើម្បីបំបែកសំបករបស់ប្រភេទសត្វដែលមានសំបកដូចជា ខ្យង ខ្ចៅជាដើម។ នៅក្នុងឆ្នាំ២០០៩ ត្រី Tusk fish ពណ៌ទឹកក្រូច​(Orange-Dotted Tuskfish) ​ត្រូវបានថតជាប់ដោយវាកំពុងតែបំបែក​សំបករបស់សត្វងាវទៅនឹងថ្មដើម្បីបានចូលទៅក្នុងសំបករបស់សត្វងាវនោះ៕

រូបភាពត្រី Tusk fish ពណ៌ទឹកក្រូច​(Orange-Dotted Tuskfish) (ប្រភពរូបភាព៖ Radio times)

អត្ថបទប្រែសម្រួលដោយ៖​ ជ័ង យៀកលីន

ប្រភពឯកសារ៖ facts.net និង thehumaneleague

ពិនិត្យនិងកែសម្រួលដោយ៖ គួច គីមហ្គេច

សៀវភៅ ញញឹមទៅកាន់ពិភពលោក ចេញផ្សាយឆាប់ៗនេះ