គុណសម្បត្តិនិងគុណវិបត្តិរបស់សិស្សមហាវិទ្យាល័យដែលសិក្សានិងធ្វើការក្នុងពេលតែមួយ

បច្ចុប្បន្ននេះ ចំនួននិស្សិតមហាវិទ្យាល័យដែលសិក្សាផងនិងធ្វើការផងមានការកើនឡើងយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ។ បើយោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា មានរហូតដល់ទៅជិត៨០%នៃសិស្សនិស្សិតមហាវិទ្យាល័យដែលបានធ្វើការផងនិងសិក្សាផង។ យ៉ាងណាមិញ ការធ្វើការងារនិងសិក្សានៅមហាវិទ្យាល័យក្នុងពេលតែមួយអាចផ្ដល់មកឱ្យអ្នកទាំងគុណសម្បត្តិទាំងគុណវិបត្តិ។ តើគុណសម្បត្តិនិងគុណវិបត្តិទាំងនោះមានអ្វីខ្លះ? ចំណុចខាងក្រោមនេះនឹងជួយស្រាយចម្ងល់របស់អ្នកទាំងអស់គ្នា៖

១- ផលវិជ្ជមាន

ការសិក្សានៅមហាវិទ្យាល័យគ្រាន់តែបានផ្ដល់ចំណេះដឹងដល់សិស្សតាមបែបទ្រឹស្ដីប៉ុណ្ណោះ។ ចំណែកឯកំលុងពេលធ្វើការវិញ និស្សិតអាចយល់ដឹងអំពីរបៀបធ្វើការពិតប្រាកដ ក៏ដូចជាយល់ដឹងពីបរិយាកាសការងារ ជាពិសេសអាចនាំយកចំណេះដឹងពីការសិក្សាមកអនុវត្តផ្ទាល់ទៀតផង។ ធ្វើការក្នុងកំលុងពេលសិក្សាអាចជួយនិស្សិតឱ្យមានប្រវត្តិការងារនិងបទពិសោធ ដែលអាចរួមចំណែកដល់ការជួយពួកគេឱ្យទទួលបានប្រាក់ខែខ្ពស់ នៅពេលដែលចេញទៅធ្វើការជាផ្លូវការ បន្ទាប់ពីបានបញ្ចប់ការសិក្សា។

ប្រភពរូបភាព៖ suneducationgroup.com

២- ផលអវិជ្ជមាន

បន្ទុកការងារនិងបញ្ហានៅកន្លែងការងារអាចជះឥទ្ធិពលមិនល្អដល់ការសិក្សា។ ធ្វើការផងសិក្សាផងក្នុងកំលុងពេលតែមួយពិតជាកិច្ចការលំបាក ដែលតម្រូវឱ្យសិស្សនិស្សិតត្រូវចំណាយពេលវេលាច្រើនទាំងទៅលើការងារ ទាំងការសិក្សា។ ការចំណាយពេលវេលាលើការងារច្រើនពេកអាចបណ្ដាលឱ្យសិស្សធុញថប់ ហើយពេលខ្លះ ក៏អាចបណ្ដាលឱ្យគេចង់បោះបង់ចោលការសិក្សាទៀតផង។ ដើម្បីឱ្យការងារនិងការសិក្សាទៅមុខបានល្អ ពួកគេត្រូវចេះគ្រប់គ្រងពេលវេលាឱ្យបានត្រឹមត្រូវ ប៉ុន្តែពេលខ្លះស្ថានភាពការងារបង្ខំឱ្យត្រូវចំណាយពេលច្រើនជាងការកំណត់ទុក ដូច្នេះពួកគេអាចនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើកិច្ចការសាលាដែលអាចបណ្ដាលឱ្យពិន្ទុធ្លាក់ចុះនិងអាចប៉ះពាល់ដល់លទ្ធផលGPAផងដែរ។ ចំពោះអ្នកដែលធ្វើការផងសិក្សាផង ពួកគេស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯងនិងគ្រួសារច្រើនដូចសិស្សនិស្សិតដែលគ្រាន់តែសិក្សាមួយមុខនោះទេ។

អត្ថបទដោយ៖ ឡាយ សៀកលីម

ពិនិត្យនិងកែសម្រួលដោយ៖ គួច គីមហ្គេច

សៀវភៅ គន្លឹះសិក្សាជោគជ័យ និង ហេតុអ្វីត្រូវសិក្សាមុខវិជ្ជាទាំងនេះ?