ហេតុអ្វីទើបបានជាមនុស្សមួយចំនួនភ័យខ្លាចក្នុងការមានស្នេហា?

ភាពភ័យខ្លាចក្នុងការមានទំនាក់ទំនងស្នេហា គឺជាជំងឺផ្លូវចិត្តមួយបែបដែលអាចធ្វើឱ្យមនុស្សមិនហ៊ានបង្កើតទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលណាម្នាក់ ដោយភ័យខ្លាចថា មិនអាចថែរក្សាស្នេហានោះបាន។ ក្នុងពេលបច្ចុប្បន្ន មានមនុស្សជាច្រើនដែលកំពុងរងគ្រោះដោយការភ័យខ្លាចមួយនេះ ដែលនៅក្នុងលក្ខខណ្ឌតិចតួច គឺត្រឹមតែមិនហ៊ានមានស្នេហាប៉ុណ្ណោះ ប៉ុន្តែបើក្នុងលក្ខខណ្ឌធ្ងន់ធ្ងរបំផុតនោះ វាអាចធ្វើឱ្យពួកគេមានអារម្មណ៍ថាឯកា ឬខ្វះសេចក្ដីស្រលាញ់។ មូលហេតុដែលបណ្ដាលឱ្យមនុស្សទាំងនោះមានភាពភ័យខ្លាចក្នុងការមានស្នេហារួមមាន៖

ប្រភពរូបភាព៖ Leaf TV

១- បទពិសោធកាលពីអតីតកាល៖ បទពិសោធទាំងអស់នោះអាចមានដូចជា ធ្លាប់ត្រូវបានមនុស្សដែលខ្លួនស្រលាញ់បោកប្រាស់ ក្បត់ ឬធ្លាប់បែកបាក់ស្នេហាជាដើម។ លើសពីនេះទៅទៀត បទពិសោធស្នេហារបស់អ្នកដទៃក៏អាចជះឥទ្ធិពលបានដែរ។ ជាឧទាហរណ៍៖ ទំនាក់ទំនងរបស់ឪពុកម្ដាយដែលតែងតែឈ្លោះគ្នា ឬនៅពេលដែលឃើញមិត្តភក្តិនិងមនុស្សដែលជិតស្និតខូចចិត្តនឹងរឿងស្នេហាជាដើម

២- ភាពភ័យខ្លាចនូវការបដិសេធ៖ មានមនុស្សជាច្រើនមិនហ៊ានសារភាពពីអារម្មណ៍របស់ខ្លួនទៅកាន់នរណាម្នាក់ឡើយ ព្រោះខ្លាចគេបដិសេធដែលអាចធ្វើឱ្យឈឺចាប់បានផងដែរ។

សញ្ញាណដែលបញ្ជាក់ថាអ្នកមានភាពភ័យខ្លាចក្នុងការមានស្នេហាមានដូចជា មិនសូវមានភាពស្និទ្ធស្នាលក្នុងទំនាក់ទំនងស្នេហា តែងតែមានភាពភ័យខ្លាចក្នុងការបង្កើតវា ចង្វាក់បេះដូងលោតលឿន ដកដង្ហើមខ្លីៗ ឬការភ័យស្លន់ស្លោ ឬការថប់អារម្មណ៍ដែលអាចរួមមានការឈឺដើមទ្រូងជាដើម។

ប៉ុន្តែសូមកុំព្រួយបារម្ភ ចំពោះបញ្ហាទាំងនេះតែងមានដំណោះស្រាយជានិច្ច។ ក្នុងនោះ អ្វីដែលអ្នកអាចធ្វើបានរួមមាន៖

១- ពិចារណាឡើងវិញថា តើប្រវត្តិស្នេហាកន្លងមកជាកត្តាដែលធ្វើឱ្យអ្នកមិនហ៊ានមានស្នេហា ព្រោះខ្លាចរឿងដដែលកើតឡើងម្ដងទៀត ឬយ៉ាងណា?
២- រកមើលនូវគំនិតអវិជ្ជមានទាំងឡាយដែលហាមឃាត់អ្នកមិនឱ្យមានស្នេហាដែលល្អពេញលេញ បន្ទាប់មកស្វែងរកនូវដំណោះស្រាយបន្ថែមទាក់ទងនឹងបញ្ហាមួយនេះ
៣- អនុញ្ញាតឱ្យខ្លួនអ្នកទទួលយកបទពិសោធទាំងនោះដើម្បីជួយអ្នកជម្នះក្នុងការកម្ចាត់នូវភាពភ័យខ្លាច
៤- វាយតម្លៃ និងពិចារណាម្ដងទៀតអំពីមូលហេតុដែលធ្វើឱ្យអ្នកតែងតែខ្លាចអំពីស្នេហាជារឿងពិតមែនដែរឬទេ?
៥- ទទួលស្គាល់នូវមូលហេតុដែលធ្វើឱ្យអ្នកមិនហ៊ានបើកចិត្តទទួលយកមនុស្សថ្មី៕

ប្រែសម្រួលដោយ៖ ជុំ អូវីស្សា

ប្រភព៖ webmd

ត្រួតពិនិត្យនិងកែសម្រួលដោយ៖ លក់ តុងអេង

ឈុតសៀវភៅស្នេហារបស់ហាតប៊ុក