ឈ្វេងយល់ពីប្រវត្តិរបស់ត្រីវិស័យ

ប្រសិនបើយើងត្រូវបានគេសួរថា តើយើងត្រូវធ្វើដូចម្តេចដើម្បីដឹងថា ទិសដែលយើងកំពុងបែរមុខទៅ ជាទិសអ្វី យើងប្រាកដជាឆ្លើយថា យើងត្រូវប្រើត្រីវិស័យ ដើម្បីដឹងពីឈ្មោះរបស់ទិសនោះ។ ជាការពិតណាស់ កាលពីអតីតកាល ត្រីវិស័យ ពិតជាមានសារៈសំខាន់និងត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងវិស័យគមនាគមន៍ដើម្បីប្រាប់ពីទិសដៅ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស រហូតទៅដល់ទីអវកាស នៅមុនពេលដែលប្រព័ន្ធសម្រាប់ប្រាប់ទិសដែលមានបច្ចេកវិទ្យាខ្ពស់ផ្សេងៗត្រូវបានអភិវឌ្ឍឡើងសម្រាប់ប្រើក្នុងពេលបច្ចុប្បន្ន។ តើត្រីវិស័យដែលយើងធ្លាប់ឮនិងបានប្រើមកហើយនោះ មានប្រវត្តិយ៉ាងណាខ្លះ? សូមបន្តអានអត្ថបទខាងក្រោមនេះដើម្បីឈ្វេងយល់លម្អិតទាំងអស់គ្នា៖

រូបភាពដោយ៖ គេហទំព័រ History of Compass

ត្រីវិស័យ គឺជាឧបករណ៍សម្រាប់ប្រាប់ទិស ដែលមានម្ជុលម៉ាញេទិច ឬក្រដាសរឹងដែលអាចផ្លាស់ទីបានដោយសេរី ហើយប្រសិនបើវាត្រូវបានដាក់នៅលើទិសដៅផ្តេក វានឹងតម្រឹមខ្លួនវាជាមួយនឹងដែនម៉ាញេទិចរបស់ផែនដី និងចង្អុលទៅទិសម៉ាញេទិចជើង-ត្បូង។ ត្រីវិស័យដំបូងបង្អស់ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិនក្នុងសម័យរាជវង្សហាន ចន្លោះពីសតវត្សរ៍ទី២មុនគ្រិស្តសករាជ រហូតដល់សតវត្សរ៍ទី១នៃគ្រិស្តសករាជ ដែលត្រូវបានគេធ្វើឡើងពីដុំថ្មកំបោរ ចងជាមួយនឹងខ្សែដោយមិនមានដៃកាន់នោះទេ ហើយខ្លះទៀត ត្រូវបានធ្វើអំពីថ្មកំបោរដូចគ្នា ប៉ុន្តែគេច្នៃវាចេញជារាងដូចជាស្លាបព្រា ឬវែកដើម្បីឱ្យដៃរបស់វាចង្អុលទៅទិសខាងត្បូង។

ត្រីវិស័យប្រើប្រាស់នៅក្នុងប្រទេសចិនសម័យបុរាណ រូបភាពដោយ៖ គេហទំព័រ European College of Feng Shui

នៅពេលនោះ ត្រីវិស័យត្រូវបានប្រើសម្រាប់តែការងារហោរាសាស្រ្ត ការទស្សន៍ទាយ ឬមើលហុងស៊ុយភូមិសាស្រ្តណាមួយប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកប្រជាជនចិនសម័យនោះក៏បានរកឃើញថា គេក៏អាចយកវាទៅប្រើនៅក្នុងការធ្វើនាវាចរណ៍និងកំណត់ទិសផងដែរ ដោយនៅសតវត្សរ៍ទី១១ យោធាចិន បានប្រើត្រីវិស័យសម្រាប់កំណត់ទិសនៅលើដីគោកនិងកំណត់ទិសសម្រាប់នាវាជើងទឺកនៅសតវត្សរ៍ទី១២។ នៅទ្វីបអឺរ៉ុបវិញ ត្រីវិស័យក៏បានលេចរូបរាងឡើងនៅសតវត្សរ៍ទី១២ផងដែរ ដែលវាត្រូវបានគេប្រទះឃើញជាពីរប្រភេទដូចជា ត្រីវិស័យទឹកសម្រាប់ប្រើក្នុងគោលដៅតារាសាស្រ្ត និងត្រីវិស័យស្ងួតសម្រាប់ធ្វើដំណើរតាមសមុទ្រ។ រីឯនៅក្នុងពិភពឥស្លាមវិញ ត្រីវិស័យត្រូវបាននាំចូលទៅប្រើក្នុងសតវត្សរ៍ទី១៣ ដោយត្រូវបានយកទៅប្រើក្នុងគោលដៅតារាសាស្រ្តនិងការធ្វើដំណើរតាមសមុទ្រដូចបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោកផងដែរ។
បច្ចុប្បន្ននេះ ត្រីវិស័យក៏នៅតែត្រូវបានគេបន្តប្រើដដែល ប៉ុន្តែនៅក្នុងរូបរាងដែលល្អប្រសើរជាងមុន ដោយវាត្រូវបានផលិតឡើងដោយបច្ចេកវិទ្យា និងវត្ថុធាតុដើមទំនើប៕

រៀបរៀង និងប្រែសម្រួលដោយ៖ ឡោ បញ្ញារ័ត្ន

ឯកសារយោង៖ គេហទំព័រ History of Compass

ត្រួតពិនិត្យ និងកែសម្រួលដោយ៖ លក់ តុងអេង

ឈុតសៀវភៅបែបប្រវត្តិសាស្រ្តនិងបុគ្គលល្បីៗរបស់គ្រឹះស្ថានហាតប៊ុក