វិធីសាស្រ្ត៦យ៉ាងដើម្បីឱ្យបុរសម្នាក់លង់ស្រឡាញ់អ្នកដោយមិនចាំបាច់សារភាពប្រាប់គេមុន

គ្រាន់តែបានឃើញចំណងជើងភ្លាម ជឿជាក់ថា អ្នកប្រាកដជាចុចមើលភ្លែត​ ព្រោះនេះគឺជាវិធីសាស្រ្តមួយដែលអស្ចារ្យសម្រាប់អ្នកអាន Single ដូចជារូបអ្នក។​ សូមធានាថា អ្នកចុចចូលមកអានអត្ថបទនេះ គឺពិតជាមិនខុសបំណងឡើយ ព្រោះខាងក្រោមនេះ យើងនឹងបង្ហាញឱ្យអ្នកដឹងនូវវិធីសាស្រ្ត៦យ៉ាងដែលធ្វើឱ្យបុរសលង់ស្រឡាញ់អ្នកដោយឯកឯង ​ដោយអ្នកមិនចាំបាច់ទៅសារភាពមុនឡើយ។ បើមិនជឿទេ អ្នកអាចសាកល្បងអនុវត្តបាន៖

ប្រភព​រូបភាព : គេហទំព័រ​ Paired life

១- ធ្វើជានារីដែលបុរសមិនងាយយកបាន៖

នៅពេលដែលអ្នកតែងតែមានពេលទំនេរសម្រាប់គាត់ ឬតែងតែយល់ព្រមជាមួយនឹងគាត់រហូតនោះ វាមិនមែនជារឿងដែលល្អឡើយ។ ការធ្វើបែបនេះគឺជាមូលហេតុដែលបណ្ដាលឱ្យបុរសងាយបានចិត្ត ឬឆាប់ធុញទ្រាន់នឹងអ្នកជាខ្លាំង។ តាមការស្រាវជ្រាវបានបង្ហាញថា បុរសភាគច្រើនស្រឡាញ់នារីដែលពិបាកនឹងយកបាន ដូច្នេះអ្នកត្រូវតែធ្វើជាមនុស្សស្រីដែលពិបាកសម្រាប់បុរសក្នុងការខិតមកក្បែរ ទើបអាចបង្កើនមន្តស្នេហ៍របស់ខ្លួនឱ្យកាន់តែពិសេសជាងមុនបាន។

២- បង្ហាញភាពជឿជាក់របស់អ្នក៖

នៅពេលដែលអ្នកបង្ហាញភាពជឿជាក់របស់ខ្លួន បុរសទូទៅនឹងកាន់តែចាប់អារម្មណ៍មកលើរូបអ្នកទ្វេរដង។ ពួកគេនឹងឆ្ងល់ថា តើអ្នកមានអ្វីពិសេស ទើបបានជាអ្នកបង្ហាញចេញនូវភាពទុកចិត្តលើខ្លួនឯងខ្លាំងយ៉ាងនេះ។ ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យបុរសម្នាក់លង់ស្រឡាញ់អ្នក អ្នកមិនត្រូវមើលរំលងការបង្កើនភាពជឿជាក់លើខ្លួនឯង ហើយក៏មិនត្រូវភ្លេចបង្ហាញវាចេញមកខាងក្រៅនោះដែរ។

៣- ​មានសីលធម៌ល្អ៖

សីលធម៌ គឺជាលក្ខណសម្បត្តិដ៏ចាំបាច់មួយដែលអាចបញ្ចុះបញ្ចូលបុរសម្នាក់ឱ្យលង់ស្រឡាញ់អ្នកបាន។ គ្មានបុរសណាម្នាក់នៅក្នុងលោកនេះដែលមិនស្រឡាញ់នារីដែលមានសីលធម៌ល្អនោះទេ។ លើសពីនេះ អ្នកក៏ត្រូវគោរពនិងផ្តល់តម្លៃគាត់ ដូចដែលអ្នកផ្តល់តម្លៃឱ្យខ្លួនឯងអ៊ីចឹងដែរ។

៤- មានការប្រុងប្រយត្នទៅលើរូបរាងនិងការស្លៀកពាក់របស់អ្នក៖

សូមអ្នកកុំវាយតម្លៃលើរូបសម្បត្តិខាងក្រៅរបស់ខ្លួនឯង ព្រោះថារូបរាងរបស់អ្នកមិនបានបញ្ជាក់ថា អ្នកមិនអាចធ្វើឱ្យគេស្រឡាញ់នោះទេ ប៉ុន្តែអ្នកក៏មិនត្រូវបណ្ដែតបណ្ដោយខ្លួនឯងទៅតាមយថាកម្ម ដោយមិនព្រមរៀបចំខ្លួនឱ្យមានសោភណភាពនោះដែរ។ ជាទូទៅ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីបុរស អ្នកត្រូវតែមានក្លិនក្រអូប ស្លៀកពាក់សមរម្យ និងសិតសក់បានត្រឹមត្រូវដែរ។ ប្រសិនបើអ្នកសួរថា តើអ្នកគួរតែស្លៀកពាក់លិចលើ លិចក្រោម ឬបញ្ចេញសាច់សខ្ចីដែរឬទេ? ចម្លើយ៖ គឺមិនចាំបាច់នោះទេ!

៥- ឈ្វេងយល់អំពីបុរសម្នាក់នោះ​ឱ្យបានច្រើន៖

នេះគឺជាអ្វីដែលអាចបង្កើនឱកាសរបស់អ្នកដើម្បីយកឈ្នះបេះដូងរបស់គាត់។ អ្នកត្រូវតែឆ្លៀតឱកាសចូលរួមក្នុងកិច្ចការទាំងឡាយណាដែលគាត់ចូលចិត្តធ្វើ និងព្យាយាមផ្ដល់ទៅឱ្យគាត់នូវជំនួយក្នុងករណីដែលចាំបាច់។ ប្រសិនបើគាត់រកឃើញថា អ្នកចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចការដែលគាត់ចូលចិត្តធ្វើ គាត់នឹងមើលឃើញថា អ្នកបានផ្ដល់ការយកចិត្តទុកដាក់ចំពោះគាត់យ៉ាងខ្លាំង ហើយគាត់ក៏អាចនឹងគិតថា អ្នកសក្តិសមជាដៃគូល្អរបស់គាត់ផងដែរ។

៦- ត្រូវមានភាពអត់ធ្មត់៖

អ្នកត្រូវចាំថា ភាពអត់ធ្មត់របស់អ្នកប្រាកដជាផ្តល់អ្វីមកឱ្យអ្នកវិញ។ ដូចគ្នានេះដែរ អ្នកត្រូវតែមានភាពអត់ធ្មត់ នៅពេលដែលអ្នកចង់ធ្វើឱ្យបុរសណាម្នាក់លង់ស្រលាញ់អ្នក។ ដូច្នេះហើយ សូមកុំផ្ដល់សម្ពាធមកឱ្យខ្លួនឯង តាមរយៈការរំពឹងខ្ពស់ពេកថា គាត់នឹងលង់ស្រឡាញ់អ្នកភ្លាមៗ។

រៀបរៀងដោយ៖ ហ៊ន ពុទ្ធីវុធ

ប្រភព​៖ គេហទំព័រ seventenn ,pariedlife និង wikihow

ឈុតសៀវភៅស្នេហារបស់ហាតប៊ុក