សៀវភៅ បុរសពិត គឺជាទីប្រឹក្សារបស់បុរសគ្រប់រូបដែលមានបំណងចង់ក្លាយជាបុរសពិត

«បុរសពិត» គឺជាចំណងជើងរបស់សៀវភៅមួយក្បាលដែលត្រូវបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានហាតប៊ុក។ សៀវភៅមួយចំណងជើងនេះនឹងនិយាយអំពីលក្ខណសម្បត្តិទូទៅរបស់បុរស និងអ្វីដែលបុរសត្រូវធ្វើនិងប្រកាន់យកដើម្បីក្លាយខ្លួនទៅជាបុរសពិតដ៏ពេញលក្ខណៈម្នាក់។ បុរសពិតនៅទីនេះ មិនមែនគ្រាន់តែសំដៅលើភេទ ឬរូបរាងកាយខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាបុរសដែលមានការទទួលខុសត្រូវខ្ពស់ មានគុណធម៌ និងមានអត្តចរិតថ្លៃថ្នូរជាដើម។

ជាទូទៅ មនុស្សមួយចំនួនតែងតែនិយាយថា មនុស្សប្រុសអាចក្លាយទៅជាបុរសពិតបាន លុះត្រាតែគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជា មានរូបរាងសង្ហា សាច់ដុំធំៗ កម្លាំងខ្លាំង និងមានលក្ខណៈផ្លូវភេទខ្លាំងជាដើម ទើបអាចក្លាយទៅជាបុរសពិតបាន។ ប៉ុន្តែផ្ទុយស្រឡះនឹងការពិតជាក់ស្តែង លក្ខណៈសម្គាល់ខាងលើគឺគ្រាន់តែជាគ្រឿងលម្អនិងលក្ខណៈបន្ទាប់បន្សំរបស់រាងកាយតែប៉ុណ្ណោះ ពោលគឺវាមិនមែនជាអ្វីដែលចាំបាច់ខ្លាំង និងមិនអាចយកទៅប្រើប្រាស់ជាដុំកំភួនអ្វីឱ្យបានច្រើននោះដែរ។

តើបុរសពិតជាបុរសបែបណា?

ក្រុមអ្នករៀបរៀងសៀវភៅ បុរសពិតបានបកស្រាយបញ្ជាក់ថា៖ «បុរសដ៏ពិតប្រាកដ គឺចង់សំដៅទៅលើបុរសដែលមានអត្តចរិតល្អ មានសមត្ថភាព មានគោលដៅ និងបុព្វហេតុជីវិតច្បាស់លាស់ ចេះកសាងគ្រួសារ និងមានការទទួលខុសត្រូវចំពោះសង្គមជាតិជាដើម»។

ហេតុអ្វីទើបបានជាបុរសគ្រប់រូបគួរតែអានសៀវភៅនេះ?

ក្រុមអ្នករៀបរៀងសៀវភៅ បុរសពិត ដដែលបានបន្តទៀតថា៖ «មូលហេតុចម្បងដែលបុរសគ្រប់រូបគួរតែអានសៀវភៅនេះ ព្រោះវាប្រៀបដូចទៅនឹងទីប្រឹក្សាដែលជួយបង្ហាញរាល់ចម្ងល់ ជួយបង្ហាញផ្លូវដ៏ត្រឹមត្រូវមួយ ប្រាប់ពីវិធីសាស្រ្តយកទៅអនុវត្ត បង្ហាញលក្ខណៈចិត្តសាស្រ្តរបស់មនុស្សប្រុស និងដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាបុរសដ៏ពេញលេញម្នាក់»។

គូសបញ្ជាក់ផងដែរថា សៀវភៅបុរសពិត នេះ ត្រូវបានបែងចែកទៅជា៥ចំពូកសំខាន់ៗរួមមាន៖

  • សេចក្តី​ផ្តើម​ “ចិត្តសាស្រ្តទូទៅរបស់មនុស្សប្រុស”៖ នៅក្នុងសេចក្តីផ្តើម វានឹងរៀបរាប់អំពីការបញ្ចេញអារម្មណ៍ មនោសញ្ចេតនា អាកប្បកិរិយា ការគិត ទំនាក់ទំនង និងបញ្ញាស្មារតីជាដើមរបស់មនុស្សប្រុស
  • ចំពូកទី១ “អត្តចរិត”៖ ចំពូកនេះនឹងរៀបរាប់អំពីអត្តចរិតដែលបុរសគួរប្រកាន់យកដើម្បីធ្វើខ្លួនឱ្យសក្តិសមជាបុរសពិតម្នាក់
  • ចំពូកទី២ “សមត្ថភាព”៖ ចំពូកនេះនឹងបង្ហាញអំពីវិធីសាស្រ្តក្នុងការកសាងសមត្ថភាព ហើយសមត្ថភាពត្រូវបានបែងចែកជាបីគឺ ចំណេះ ជំនាញ និងបទពិសោធជាដើម
  • ចំពូកទី៣ “គោលដៅនិងបុព្វហេតុ”៖ ក្នុងចំពូកនេះ នឹងរៀបរាប់អំពីវិធីសាស្រ្តក្នុងការកំណត់គោលដៅនិងមានបុព្វហេតុច្បាស់លាស់
  • ចំពូកទី៤ “ការកសាងគ្រួសារ”៖ ក្នុងចំពូកនេះនឹងនិយាយអំពីរបៀបបង្កើតទំនាក់ទំនង ការបង្កើតគ្រួសារ និងការទទួលខុសត្រូវ
  • ចំពូកទី៥ “ការទទួលខុសត្រូវទៅលើសង្គមជាតិ”៖ ក្នុងចំពូកនេះនឹងនិយាយអំពីអ្វីដែលបុរសគួរធ្វើដើម្បីបុព្វហេតុជាតិនិងដើម្បីផលប្រយោជន៍រួមជាដើម៕

ប្រសិនបើបងប្អូនចាប់អារម្មណ៍ចង់ជាវសៀវភៅខាងលើនេះ អាចស្វែងរកបាននៅតាមបណ្ណាគារ តូបលក់សៀវភៅ និងបណ្ណាគារសៀវភៅអនឡាញនានានៅតាមបណ្ដាខេត្ត/រាជធានី ឬអាចទាក់ទងដោយផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក HeartBookCambodia ក៏បាន។ សូមអរគុណ!

សៀវភៅ បុរសពិត