ចំណុចដូចគ្នាយ៉ាងអាថ៌កំបាំងរវាងលោក អាប្រាហាំ លីនខូន និងលោក ចន អេហ្វ កេណឺឌី

អ្នកទាំងអស់គ្នាប្រហែលជាស្គាល់និងដឹងព័ត៌មានខ្លះៗរួចមកហើយអំពីប្រធានាធិបតីទី១៦របស់សហរដ្ឋអាម៉េរិក គឺលោក អាប្រាហាំ លីនខូន (Abraham Lincoln) និងប្រធានាធិបតីទី៣៥ គឹលោក ចន ហ្វីតជេរ៉ាល់ កេណឺឌី (John Fitzgerald Kennedy or John F. Kennedy)។ ប៉ុន្តែ តើអ្នកបានដឹងរឿងរ៉ាវមួយចំនួនរវាងប្រធានាធីបតីទាំងពីរនេះដែរឬទេ? មតិមួយចំនួនបានលើកឡើងថា ប្រធានាធិបតីទាំងពីររូបនេះមានចំណុចដូចគ្នាជាច្រើន រហូតដល់ស្ទើរតែជាមនុស្សតែមួយទៅហើយ។ តើវាជាការពិតដែរឬទេ?

អ្នកប្រហែលជាអាចនឹងមានអារម្មណ៍ចម្លែកចំពោះសំនួរនេះបន្តិច ប៉ុន្តែ១០ចំណុចដ៏គួរឱ្យចៃដន្យខាងក្រោមនេះនឹងចម្លែកជាងសំណួរដែលខ្ញុំបានសួរអ្នកទៅទៀត៖

១- លោក លីនខូន​ និង កេណឺឌី ត្រូវបានគេបោះឆ្នោតជ្រើសរើសធ្វើជាតំណាងរាស្រ្តនៅឆ្នាំដែលបញ្ចប់ដោយលេខ៤៦ដូចគ្នា (លោក លីនខូន នៅឆ្នាំ១៨៤៦ រីឯ កេណឺឌី នៅឆ្នាំ១៩៤៦) ហើយ អ្នកទាំងពីរក៏ត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៅឆ្នាំដែលបញ្ចប់ដោយលេខ៦០ដូចគ្នាដែរ (លោក លីនខូន នៅឆ្នាំ១៨៦០ រីឯលោក កេណឺឌី នៅឆ្នាំ១៩៦០)

២- ប្រធានាធិបតីទាំងពីររូបផ្តោតលើបញ្ហាសិទ្ធិមនុស្សដូចគ្នា

៣- ប្រធានាធិបតីទាំងពីររៀបការនៅអាយុ៣០ឆ្នាំជាមួយនឹងនារីក្នុងវ័យ២០ឆ្នាំដូចគ្នា និងបានបាត់បង់កូនប្រុសម្នាក់ដូចគ្នា នាខណៈពេលពេលដែលពួកគេស្នាក់នៅក្នុងសេតវិមាន “White House”​ ហើយពួកគាត់សុទ្ធសឹងតែមានកូន៤នាក់ (និងបានបាត់បង់កូនពីរនាក់មុនពេលពួកគេឈានដល់វ័យជំទង់)

៤- គ្រូពេទ្យរបស់​លោក លីនខូន និង​ កេណឺឌី មានឈ្មោះដូចគ្នាថា ឆាលឡេស ថាហ្វ (Charles Taff) ដូចគ្នា។ អ្វីដែលរឹតតែចៃដន្យទៀតនោះ លេខាផ្ទាល់របស់លោក លីនខូន មានឈ្មោះថា ចន ស្របពេលដែលលេខារបស់លោក កេណឺឌី មានឈ្មោះថា លីនខូន ។

៥- អនុប្រធានាធិបតីរបស់លោក លីនខូន មានឈ្មោះថា អេនឌ្រូវ ចនសុន (Andrew Johnson)​ កើតនៅឆ្នាំ១៨០៨  រីឯអនុប្រធានាធិបតីរបស់លោក កេណឺឌី មានឈ្មោះថា លីនដុន ចនសុន (Lyndon Johnson) កើតនៅឆ្នាំ១៩០៨ ។ អនុប្រធានទាំងពីរមានត្រកូលដូចគ្នា និងឈ្មោះ១៣តួដូចគ្នា

៦- ប្រធានាធិបតីទាំងពីរត្រូវបានគេធ្វើឃាតដោយបាញ់ចំក្បាលនៅថ្ងៃសុក្រ និងចំពោះមុខភរិយាដូចគ្នា

៧- លោក លីនខូន កំពុងអង្គុយកៅអីលេខ៧ ដែលស្ថិតក្នុងរោងភាពយន្តហ្វដ (Ford) នៅពេលដែលគាត់ត្រូវបានគេបាញ់សម្លាប់ ស្របពេលដែលលោក កេណឺឌី ជិះរថយន្តលេខ៧ នៅក្នុងក្បួនដង្ហែរ

៨- ប្រធានាធិបតីទាំងពីរត្រូវបានធ្វើឃាតដោយជនជាតិភាគខាងត្បូង ដែលមានឈ្មោះថា ចន វីល ប៊ូត (John Wilks Booth) និង លី ហាវៃ អូស្វល (Lee Harvey Oswald) ។ ឃាតកទាំងពីរមាន​ឈ្មោះ១៥តួដូចគ្នា។

៩- ប៉ូលីសដែលបានឃាត់ខ្លួន John Wilkes Booth មានឈ្មោះថា Lafayette Baker រីឯបុរសដែលបានឃាត់ខ្លួន Lee Harvey Oswald គឺឈ្មោះ Marrion L. Baker

១០- បន្ទាប់ពីបានបាញ់សម្លាប់ប្រធានាធិបតីនីមួយៗរួច John Wilkes Booth បានរត់ចេញពីរោងកុនហើយត្រូវគេចាប់បាននៅឯឃ្លាំង រីឯ Lee Harvey Oswald រត់ចេញពីឃ្លាំង ហើយត្រូវបានគេចាប់បាននៅក្នុងរោងកុន។ ឃាតកទាំងពីរបានធ្វើអត្តឃាតខ្លួនឯងមុនពេលជំនុំជម្រះក្តី។

ក្រោយពីបានអាននូវចំនុចទាំង១០ខាងលើ តើអ្នកយល់យ៉ាងណាចំពោះភាពដូចគ្នារវាងប្រធានាធិបតីទាំងពីររូប? តើវាជាការចៃដន្យ ឬ​ជាការរៀបចំ? តើនៅលើលោកនេះពិតជាមានភាពចៃដន្យឬនេះជាព្រហ្មលិខិត?​

ប្រភព៖ គេហទំព័រ Spartacus-educational

ប្រែសម្រួលដោយ៖ ហ៊ន ពុទ្ធីវុធ

©គ្រឹះស្ថានហាតប៊ុក

សៀវភៅចំណេះដឹងទូទៅរបស់ហាតប៊ុក