គុណប្រយោជន៍៦យ៉ាងរបស់ផ្លែទុរេន

ទុរេន គឺជាផ្លែឈើមួយប្រភេទដែលត្រូវបានដាំដុះយ៉ាងច្រើននៅក្នុងតំបន់អាសុីអាគ្នេយ៍។ ថ្វីដ្បិតតែវាមានរូបរាងមិនសូវស្អាត ដោយសារតែសំបករបស់វាត្រូវបានរុំព័ទ្ធដោយបន្លាក៏មែនពិត ប៉ុន្តែវាគឺជាស្តេចផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់ ថែមទាំងមានក្លិនឈ្ងុយក្រអូបទៀតផង។ ខាងក្រោមនេះគឺជា គុណប្រយោជន៍សំខាន់ៗទាំង៦យ៉ាងរបស់ផ្លែទុរេន៖

១- ផ្លែទុរេនប្រៀបបានដូចជាសូកូឡាអាចធ្វើឱ្យអ្នកបរិភោគមានអារម្មណ៍ល្អប្រសើរ

ទុរេនមានផ្ទុកអាស៊ីតអាមីណូទ្រីបតូហ្វាន(Tryptophan) នៅពេលដែលវាបំប្លែង វាបានប្តូរទៅជាសេរ៉ូតូនីន(Serotonin) ដែលជាអ្នកបញ្ជូនទៅប្រព័ន្ធប្រសាទដោយធ្វើឱ្យអ្នកហាក់មានអារម្មណ៍រីករាយ។ អាស្រ័យហេតុនេះហើយ ទើបបានជាអ្នកអាចកត់សម្គាល់ឃើញថា អ្នកនឹងមានអារម្មណ៍សប្បាយរីករាយនិងស្រឡះចិត្ត នៅពេលដែលបានបរិភោគទុរេនរួច។

២- ជួយគ្រប់គ្រងសម្ពាធឈាម

ប្រជាជនសិង្ហបុរី៤នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុពី៣០ទៅ៦៩ឆ្នាំបានប្រឈមមុខនឹងជំងឺលើសឈាម ដែលនេះបានធ្វើឱ្យពួកគេប្រឈមមុខផងដែរនឹងហានិភ័យនៃជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោម។ ជាជម្រើសដ៏ល្អ ទុរេនអាចដើរតួក្នុងការគ្រប់គ្រងសម្ពាធឈាម ព្រោះវាជាប្រភពនៃអាហារដែលមានប៉ូតាស្យូម(Potassium) និងអេឡិចត្រូលីត(Electrolyte) ដែលអាចជួយរក្សាកម្រិតសម្ពាធឈាមបាន។

៣- ជួយឱ្យអ្នកគេងលក់ស្រួល

ជាទូទៅ កម្រិតមេឡាតូនីន(Melatonin) កាន់តែខ្ពស់ អរម៉ូនដែលគ្រប់គ្រងវដ្តនៃការគេងរបស់អ្នកនឹងបំពេញតួនាទីបានកាន់តែល្អប្រសើរ។ ការណ៍នេះមានន័យថា ដំណេករបស់អ្នកនឹងកាន់តែស្កប់ស្កល់ ក្រោយពេលដែលអ្នកបានទទួលទានទុរេន ។ ជាមួយគ្នានេះដែរ ទុរេនមានផ្ទុកសារធាតុទ្រីបតូហ្វាន (Tryptophan) ដែលជាអាស៊ីតអាមីណូដ៏សំខាន់មួយក្នុងការបង្កើនកម្រិតមេឡានីន ។ ដូច្នេះ ការទទួលទានធុរេនពេលជិតចូលគេងអាចជួយឱ្យអ្នកគេងលក់ស្រួល។

៤- ជួយដល់សុខភាពស្បែកនិងប្រឆាំងនឹងជំងឺជ្រីវជ្រួញ

ទុរេនមានផ្ទុកវីតាមីនសេ(C) ច្រើនជាងផ្លែឈើផ្សេងៗទៀត។ វីតាមីនសេមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកម្ចាត់រ៉ាឌីកាល់សេរីនៅក្នុងខ្លួននិងការពារស្បែកមុខពីការលេចចេញនូវស្នាមជ្រីវជ្រួញ។ ដូច្នេះ ការទទួលទានផ្លែទុរេននិងផ្លែឈើផ្សេងទៀតដែលមាននៅក្នុងរបបអាហាររបស់អ្នកអាចជួយបំពេញបន្ថែមដល់ភាពស្រស់ស្អាតនៃសម្រស់របស់អ្នក។

៥- មានផ្ទុកសារធាតុចិញ្ចឹមដល់សុខភាពឆ្អឹង

ទុរេន សម្បូរដោយសារធាតុរ៉ែជាច្រើនដូចជា ដែក ទង់ដែង និងប៉ូតាស្យូម​ ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់ថែរក្សាឆ្អឹងឱ្យរឹងមាំ ។ ការសិក្សាមួយដោយមជ្ឈមណ្ឌលជាតិជីវបច្ចេកវិទ្យានិងព័ត៌មានវិទ្យានៅសហរដ្ឋអាម៉េរិកបានបង្ហាញថា ការទទួលទានជាតិដែកខ្ពស់ក៏ជួយបង្កើនដង់ស៊ីតេឆ្អឹងផងដែរ។ ការសិក្សាដដែលនោះក៏បានបញ្ជាក់ផងដែរថា មិនមែនមានតែកាល់ស្យូមប៉ុណ្ណោះទេដែលជាអ្នកចូលរួមជួយថែរក្សាសុខភាពឆ្អឹង សារធាតុរ៉ែចាំបាច់ទាំងនេះក៏អាចជួយការពារជំងឺពុកឆ្អឹងបានដែរ។

៦- ទុរេនជួយបង្កើតថាមពល

ប្រសិនបើអ្នកត្រូវការបង្កើនថាមពល នោះអ្នកគួរតែគិតដល់ផ្លែទុរេន ដោយមិនចាំបាច់ពឹងផ្អែកទៅលើតែកាហ្វេនោះឡើយ។ ដោយមានជាតិកាបូអុីដ្រាត(Carbohydrate) ខ្ពស់ ទុរេនក៏អាចជួយបង្កើនថាមពលនៅពេលចាំបាច់ឱ្យបានល្អប្រសើរផងដែរ ។ សារធាតុប៉ូតាស្យូមខ្ពស់ដែលមាននៅក្នុងផ្លែទុរេនក៏អាចជួយកាត់បន្ថយភាពខ្សោយ អស់កម្លាំង និងជួយកាត់បន្ថយបញ្ហាថប់អារម្មណ៍ផងដែរ។

ប្រភព៖ គេហទំព័រ Parkwayeast

ប្រែសម្រួលដោយ៖ ប៊ិច ស្រីយ៉ា (ទឹកឃ្មុំ)

ឈុតសៀវភៅបែបលើកទឹកចិត្តរបស់គ្រឹះស្ថានហាតប៊ុក