រវាងដំរីនិងស្រមោច តើសត្វមួយណាដែលមានកម្លាំងខ្លាំងជាង?

ជាទូទៅ ពួកយើងទាំងអស់គ្នាតែងតែគិតថា សត្វដំរី គឺជាសត្វដែលធំ និងមានកម្លាំងខ្លាំងជាងគេបំផុតនៅលើលោក ប៉ុន្តែនៅក្នុងអត្ថបទនេះ យើងសូមបញ្ចូលសត្វស្រមោចជាដៃគូប្រកួតប្រជែងរបស់ដំរី និងមកប្រៀបធៀបគ្នាថា រវាងស្រមោចនិងដំរី តើសត្វមួយណាដែលមានកម្លាំងខ្លាំងជាង?

អានមួយភ្លែតពិតជាគួរឱ្យអស់សំណើចណាស់ ដែលយកដំរីមកប្រៀបធៀបកម្លាំងជាមួយនឹងសត្វស្រមោចទៅវិញ។ តើស្រមោចឯណាដែលខ្លាំងជាងដំរីនោះ? គ្រាន់តែដំរីផោមដាក់តែបន្តិច ក៏វាងាប់បាត់ទៅហើយ ពុំចាំបាច់ប្រកួតនាំតែខាតពេលនោះឡើយ។ ប៉ុន្តែសូមអ្នកកុំទាន់វិនិច្ឆ័យលឿនពេក ប្រសិនមិនទាន់បានពិសោធ។ អ៊ីចឹង ដើម្បីឱ្យកាន់តែច្បាស់ សូមតាមដានជាមួយនឹងយើងទាំងអស់គ្នា៖

១-សត្វដំរី៖ សត្វដំរីជាសត្វដែលមានកម្លាំងខ្លាំងដែលអាចយកប្រមោយ ឬក្បាលរបស់វាទៅបំបុកដើមឈើបាក់យ៉ាងងាយ ហើយថែមទាំងអាចលើកវត្ថុដែលមានទម្ងន់រាប់សិបតោនបានយ៉ាងងាយស្រួលផងដែរ។ ជាពិសេស សត្វនេះជាសត្វដែលពពួកខ្លាឬតោតែងតែកោតខ្លាចជាមួយនឹងទំហំខ្លួនរបស់វា។

២-សត្វស្រមោច៖ សត្វស្រមោចជាសត្វដែលមានទំហំតូច សូម្បីខ្យល់បក់ត្រូវក៏ប៉ើងដែរ ប៉ុន្តែវាបែរជាអាចលើកគ្រាប់អង្កររហូតដល់ទៅមួយគ្រាប់ និងមេឃឈើតូចមួយបានយ៉ាងងាយស្រួលទៀតផង។

សរុបមក រវាងសត្វដំរី និងសត្វស្រមោចតើមួយណាខ្លាំងជាង? បើយោងតាមការពិសោធ និងការវាយតម្លៃរបស់អ្នកសិក្សាស្រាវជ្រាវបាននិយាយថា៖ សត្វស្រមោចជាសត្វដែលមានកម្លាំងខ្លាំងជាងដំរី ព្រោះវាអាចលើកវត្ថុដែលមានទម្ងន់ធ្ងន់ជាខ្លួនវារាប់រយដងបាន ប៉ុន្តែសត្វដំរីអាចលើកវត្ថុដែលមានទម្ងន់ធ្ងន់ជាងខ្លួនវាបានយ៉ាងច្រើនបំផុតត្រឹម១០ដងប៉ុណ្ណោះ។ ដូច្នេះសរុបមកសត្វស្រមោចពិតជាខ្លាំងជាងដំរីមែន ដូចនឹងទស្សនៈមួយបានលើកឡើងថា៖«ខ្លួនធំមិនប្រាកដថាខ្លាំង ខ្លួនតូចក៏មិនប្រាកដថាខ្សោយដែរ»

រៀបរៀងដោយ៖ លក់ តុងអេង (តំណក់ទឹកភ្លៀង)

ឯកសារយោង៖ គេហទំព័រ DailyNews និង វីដេអូនៅលើយូធូប

សៀវភៅបែបបណ្ដុំគំនិតនិងបង្កើនគុណភាពនៃជីវិត