ឈ្វេងយល់ពីខ្លឹមសារនិងលក្ខណៈពិសេសរបស់សៀវភៅ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

ទស្សនៈដ៏ពេញនិយមមួយដែលគេនិយមលើកឡើងជាទូទៅនោះគឺ “លុយមិនអាចទិញអ្វីៗគ្រប់យ៉ាងបាននោះទេ!”។ ជាការពិតណាស់ លុយពិតជាមិនអាចទិញអ្វីៗគ្រប់យ៉ាងបាននោះឡើយ ប៉ុន្តែតើអ្នកធ្លាប់ស្រមៃដែរឬទេថា ជីវិតរបស់អ្នកនឹងទៅជាយ៉ាងណាប្រសិនបើអ្នកគ្មានប្រាក់សូម្បីតែរៀលនៅក្នុងជីវិតនោះ?

ការរីកចម្រើននៃពិភពលោកពីមួយសម័យកាលទៅមួយសម័យកាល បានធ្វើឱ្យវិស័យហិរញ្ញវត្ថុដើរតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់មនុស្សយើងម្នាក់ៗ។ ស្ទើរតែគ្រប់សកម្មភាពដែលយើងធ្វើ មិនថាតែការបំពេញការងារ ការសិក្សារៀនសូត្រ ឬការកម្សាន្តនោះទេ សុទ្ធសឹងតែមានទំនាក់ទំនងជាមួយនឹងការប្រើប្រាស់ប្រាក់។ អាស្រ័យហេតុនេះ ចំណេះដឹងហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់នៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ។ ការយល់ដឹងពីហិរញ្ញវត្ថុអនុញ្ញាតឱ្យយើងប្រើប្រាស់ធនធានថវិកាដែលយើងមានបានកាន់តែមានផលិតភាពនិងប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុនឹងអនុញ្ញាតឱ្យយើងដឹងពីវិធីសាស្រ្តក្នុងការប្រើប្រាស់លុយដើម្បីបង្កើតលុយថែមទៀតផង។ អ្នកខ្លះប្រហែលជាគិតថា ទាល់តែអ្នកជំនាញផ្នែកសេដ្ឋកិច្ចឬហិរញ្ញវត្ថុ ទើបចាំបាច់ត្រូវឈ្វេងយល់ពីចំណេះដឹងលើផ្នែកហិរញ្ញវត្ថុនេះ។ ប្រសិនបើអ្នកកំពុងគិតបែបនេះមែន អ្នកគួរយកប្រាក់ដែលអ្នកមានទាំងអស់ទៅឱ្យពួកគេចាយជំនួសទៅចុះ។

សៀវភៅ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាស្នាដៃប្រែសម្រួលនិងរៀបរៀងដោយក្រុមការងារហាតប៊ុកដែលមានសមាជិកចំនួន៧នាក់។ ក្នុងនោះ យើងបានប្រើប្រាស់សៀវភៅបរទេសមួយក្បាលដែលមានចំណងជើង Personal Finance ដែលជាស្នាដៃនិពន្ធរបស់អ្នកជំនាញផ្នែកហិរញ្ញវត្ថុចំនួនពីររូប គឺលោកស្រី Rachel S. Siegel និង Carol Yatch  ជាឯកសារគោល គួបផ្សំជាមួយនឹងការបញ្ចូលនូវព័ត៌មានសំខាន់បន្ថែម ជាពិសេសចំណេះដឹងដែលស្របនឹងបរិបទនៃប្រទេសកម្ពុជាយើងផ្ទាល់ ដែលជាហេតុធ្វើឱ្យសៀវភៅមួយនេះមានលក្ខណៈងាយស្រួលអាន ងាយស្រួលយល់ សក្តិសមបំផុតចំពោះអ្នកដែលទើបចាប់ផ្ដើមឈ្វេងយល់ពីវិស័យហិរញ្ញវត្ថុ។

សៀវភៅ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ត្រូវបានបែងចែកទៅជា៩ចំពូកសំខាន់ៗដូចជា៖

  • ការរៀបចំផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន
  • មូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុ
  • ការធ្វើរបាយការណ៍ហិរញ្ញវត្ថុ
  • ការវាយតម្លៃទៅលើជម្រើសដោយអាស្រ័យលើពេលវេលា ភាពប្រថុយប្រថាន និងតម្លៃ
  • ផែនការហិរញ្ញវត្ថុ
  • ពន្ធនិងផែនការពន្ធ
  • ការទិញផ្ទះ
  • ការគ្រប់គ្រងហានិភ័យផ្ទាល់ខ្លួន
  • ផែនការអាជីព

មិនត្រឹមតែប៉ុណ្ណោះ សៀវភៅមួយចំណងជើងនេះក៏មាននូវលក្ខណៈពិសេសចំនួន៥ ដែលបងប្អូនអ្នកអានគ្រប់រូប ជាពិសេសអ្នកដែលចាប់អារម្មណ៍នឹងឈ្វេងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុមិនគួរមើលរំលងនោះទេ។ លក្ខណៈពិសេសទាំងនោះរួមមាន៖

  • មានលក្ខណៈសាមញ្ញ ងាយស្រួលអាន ងាយស្រួលយល់ និងស្របតាមបរិបទសង្គមខ្មែរ
  • សក្តិសមចំពោះអ្នកដែលទើបចាប់ផ្ដើមឈ្វេងយល់ពីហិរញ្ញវត្ថុដំបូង
  • ជាសៀវភៅដែលបណ្ដុះសមត្ថភាពនៅក្នុងការត្រិះរិះពិចារណា មិនមែនប្រាប់បងប្អូនដោយត្រង់ៗអំពីអ្វីដែលត្រូវធ្វើនោះទេ
  • មានលំហាត់អនុវត្តនៅចុងចំពូកនីមួយៗ
  • គ្រប់វិធីសាស្រ្តទាំងអស់សុទ្ធសឹងតែបានឆ្លងកាត់ការដកពិសោធជាក់ស្ដែង។

បច្ចុប្បន្ន សៀវភៅមួយចំណងជើងបានចេញផ្សាយជាផ្លូវការហើយ។ បងប្អូនដែលចាប់អារម្មណ៍អាចស្វែងរកបាននៅតាមបណ្ណាគារឬតូបលក់សៀវភៅមួយចំនួន ឬអាចទាក់ទងដោយផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក HeartBookCambodia ក៏បានដែរ។

សៀវភៅ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន