រឿងសំខាន់បីយ៉ាងដែលអ្នកគួរធ្វើនៅក្នុងជីវិត

នៅក្នុងដំណើរជីវិតរបស់មនុស្សយើងម្នាក់ៗ ការសាកល្បងធ្វើនូវអ្វីដែលយើងមិនធ្លាប់ធ្វើកាលពីមុនគឺពិតជាសំខាន់ខ្លាំងណាស់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់យើងឱ្យមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែបើយើងមិនធ្វើវាទេនោះ ជីវិតយើងពីមុនបែបណា វានឹងនៅតែបែបនោះឯង។

ខាងក្រោមនេះ គឺជារឿងសំខាន់បីយ៉ាងដែលអ្នកគួរធ្វើនៅក្នុងជីវិត ប្រសិនបើអ្នកចង់ទទួលបាននូវភាពរីកចម្រើន៖

១- ត្រូវហ៊ានសាកល្បងធ្វើនូវអ្វីដែលថ្មីៗ៖ ត្រង់ចំណុចនេះគឺមានន័យថា យើងគួរព្យាយាមសាកល្បងធ្វើរឿងល្អៗដែលយើងមិនធ្លាប់ធ្វើពីមុនមក ដូចជាការដើរឡើងភ្នំ ការជិះរថភ្លើង ឬការសាកល្បងលេងកីឡាដែលអ្នកមិនធ្លាប់លេងកាលពីមុនមកជាដើម។ ទាំងអស់នេះមិនត្រឹមតែផ្ដល់បទពិសោធថ្មីដល់អ្នកប៉ុណ្ណោះទេ វាថែមទាំងអាចជួយឱ្យយើងស្គាល់មនុស្សថ្មីៗជាច្រើនថែមទៀតផង។

២- ការសង្កេតគ្រប់រឿងដែលមាននៅជុំវិញខ្លួនរបស់យើង៖ វាពិតជាសំខាន់ណាស់ដែលអ្នកគួរតែត្រូវរៀនសង្កេតអ្វីៗដែលកើតឡើងជុំវិញខ្លួនអ្នក ព្រោះថាបើអ្នកមិនបានសង្កេតទេនោះ ទោះបីអ្នកបានឃើញឬបានឆ្លងកាត់វាច្រើនប៉ុនណាក៏ដោយ អ្នកអាចនឹងភ្លេចឬមិនចងចាំនូវបទពិសោធទាំងនោះ ដើម្បីយកមកប្រើប្រាស់នៅពេលដែលអ្នកត្រូវការវាជាក់ជាមិនខាន។

៣-រៀនសូត្រពីអ្វីដែលអ្នកបានឆ្លងកាត់៖ ស្ដាប់ទៅដូចជាសាមញ្ញ តែបើអ្នកភ្លេចខ្លួននិងមិនបានរៀនសូត្រ ឬចងចាំនូវអ្វីដែលអ្នកបានឆ្លងកាត់និងបានចួបប្រទះទេនោះ អ្នកក៏នឹងមិនងាយរីកចម្រើន ឬពេលខ្លះ វាអាចនាំឱ្យអ្នកធ្លាក់ទៅរកបរាជ័យទៀតក៏ថាបាន។ ពាក្យនេះប្រហែលជាអ្នកឮស្ទើររាល់ថ្ងៃទៅហើយថា យើងត្រូវរៀនពីភាពបរាជ័យ ប៉ុន្តែគ្រាន់តែការរៀនពីបរាជ័យមួយមុខគឺមិនគ្រប់គ្រាន់ទេ អ្នកត្រូវរៀនពីអ្វីៗគ្រប់យ៉ាងដែលស្ថិតនៅជុំវិញខ្លួនរបស់អ្នក សូម្បីតែជោគជ័យតូចតាចរបស់អ្នកក៏ដោយ។

សរុបជារួមមក អ្នកត្រូវចេះឈ្វេងយល់ឬធ្វើនូវរឿងដែលថ្មីៗ ហើយសង្កេតមើលរឿងទាំងអស់នោះ ហើយចុងក្រោយអ្នកត្រូវរៀនសូត្រនិងចងចាំអំពីវា។

អត្ថបទដោយ៖ ពន សុភី