វិធីសាស្រ្តដើម្បីក្លាយទៅជាអ្នកសរសេរដ៏ពូកែម្នាក់

អ្នកអាចនឹងគិតថា ការសរសេរគឺជារឿងមួយដ៏ងាយស្រួល ដោយយើងអាចសរសេរអំពីអ្វីក៏បាន តាមដែលយើងអាចនឹកឃើញឬសរសេរតាមអារម្មណ៍មួយពេលៗ។ ប៉ុន្តែ នេះមិនមែនជាអ្វីដែលអ្នកសរសេរដ៏ល្អម្នាក់គួរធ្វើនោះឡើយ ព្រោះអ្នកសរសេរដ៏ល្អមួយរូបរមែងសរសេរនូវអ្វីដែលស្របទៅតាមគោលដៅច្បាស់លាស់និងគោរពនូវគោលការណ៍ មូលដ្ឋាននៃការសរសេរផងដែរ។

ខាងក្រោមនេះ គឺជាជំហានមួយចំនួនដែលធ្វើឱ្យអ្នកក្លាយជាអ្នកសរសេរដ៏ល្អម្នាក់៖

  • សរសេរអ្វីដែលខ្លួនអ្នកចង់អាន៖ សរសេរនូវអ្វីដែលជាគំនិតរបស់អ្នកដែលមាននៅក្នុងចិត្ត ហើយស្រមៃថា អ្នកគឺជាអ្នកអានសៀវភៅរបស់ខ្លួនអ្នកផ្ទាល់ ហើយប្រសិនបើអ្នកចូលចិត្តការសរសេររបស់ខ្លួនឯង ដូច្នេះនៅពេលដែលអ្នកអានផ្សេងទៀតបានអានសៀវភៅរបស់អ្នក ពួកគាត់ក៏នឹងមានអារម្មណ៍ដិតដាមជាប់ចិត្ត ហើយការសរសេររបស់អ្នកនឹងជួយជំរុញទឹកចិត្តនិងបង្កើនចំណង់នៃការសរសេររបស់អ្នកថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលអ្នកដទៃអានសៀវភៅរបស់អ្នក ពួកគេនឹងអាចឈ្វេងយល់ពីអារម្មណ៍របស់អ្នក ហើយពួកគេនឹងចងចាំ ព្រមទាំងអាចរៀនសូត្រឬយកគំរូតាមអ្នកថែមទៀតផង។
  • សរសេរដោយមានគោលបំណងច្បាស់លាស់៖ នៅពេលដែលអ្នកចង់សរសេរអំពីអ្វីមួយ អ្នកត្រូវតែមានគោលបំណងនៅពីក្រោយការសរសេររបស់អ្នកដូចជា តើអ្វីដែលអ្នកចង់បង្ហាញទៅអ្នកអានរបស់អ្នក? តើអ្នកចង់ឱ្យពួកគេទទួលបានអារម្មណ៍បែបណា​ឬទទួលបានផលប្រយោជន៍អ្វីខ្លះ? ជាដើម។
  • ហ្វឹកហាត់ការសរសេរជារៀងរាល់ថ្ងៃ៖​ ចូរសរសេរអ្វីដែលអ្នកបានជួបប្រទះ ឬបទពិសោធន៍ដែលអ្នកបានឆ្លងកាត់ ដែលវាអាចជាបញ្ហាជីវិតនិងដំណោះស្រាយ ឬមេរៀនជីវិតថ្មីៗជាដើម។ ការធ្វើបែបនេះប្រៀបបានទៅនឹងការធ្វើលំហាត់ប្រាណដើម្បីឱ្យការសរសេររបស់យើងកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងអាចពង្រីកគំនិតឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
  • ត្រូវអានឱ្យបានច្រើន៖ ប្រសិនបើចង់ក្លាយជាអ្នកសរសេរដ៏ពូកែម្នាក់ អ្នកក៏ត្រូវតែជាអ្នកអានខ្លាំងម្នាក់ផងដែរ។ ការអានផ្ដល់និងបណ្តុះគំនិតរបស់យើងឱ្យបានកាន់តែទូលំទូលាយ។ នៅពេលដែលអ្នកអានច្រើន អ្នកអាចរៀនពីរបៀបសរសេរ ហើយអ្នកអាចចាប់យកបច្ចេកទេស និងរបៀបនៃការសរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតនិងមានរបៀបរៀបរយផងដែរ។
  • ចេះប្រើប្រាស់ពាក្យពេចន៍៖ នៅពេលដែលអ្នកសរសេរ អ្នកត្រូវតែប្រើពាក្យពេចន៍ឱ្យបានត្រឹមត្រូវ សមរម្យ និងចេះបញ្ចូលអារម្មណ៍មនោសញ្ចេតនា ហើយអធិប្បាយឱ្យប្រៀបបីដូចជាយើងបានមើលឃើញរូបភាពនោះពិតៗ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវតែសរសេរដោយឈរលើគោលការណ៍ស្មើភាព មិនមានទំនោរឬលម្អៀងទៅខាងភាគីណាមួយឡើយ។
  • សរសេរដោយបង្ហាញផ្លូវឬតម្រង់ទិស មិនមែនបង្គាប់បញ្ជា៖ នៅពេលដែលអ្នកសរសេរ អ្នកគួរតែធ្វើយ៉ាងណាឱ្យអ្នកអានអាចស្រមៃបានដោយខ្លួនឯង ប្រសើរជាងប្រាប់ចំៗចំណុចតែម្តង។ អ្នកគួរតែធ្វើឱ្យពួកគេទទួលបានអារម្មណ៍ថា ពួកគេបានមើលឃើញ ឬទទួលដឹងអំពីស្ថានភាពណាមួយដោយខ្លួនឯង។
  • ទទួលយកការរិះគន់ដើម្បីស្ថាបនា៖ ការទទួលពាក្យរិះគន់នឹងធ្វើឱ្យអ្នកមានភាពរីកចម្រើន ដោយសារខ្លួនអ្នកផ្ទាល់ពិតជាមិនអាចមើលឃើញនូវកំហុសឆ្គងរបស់ខ្លួនឯងបាននោះទេ។ ជាទូទៅ វាពិតជាពិបាកខ្លាំងណាស់សម្រាប់អ្នកក្នុងការកំណត់នូវកំហុសដែលអ្នកបានបង្កឡើងដោយអចេតនា ដូច្នេះហើយទើបអ្នកត្រូវការអ្នកចាំកែតម្រូវកំហុសនោះ។
  • រៀនឈ្វេងយល់ពីចិត្តរបស់មនុស្ស៖ អ្នកត្រូវតែព្យាយាមឈ្វេងយល់ចិត្តរបស់អ្នកអានថា ពួកគេកំពុងចួបបញ្ហាអ្វី ពួកគេចាប់អារម្មណ៍លើអ្វី ឬត្រូវការអ្វីពីអ្នក ហើយអ្នកអាចសរសេរអ្វីដែលជាជំនួយដល់ពួកគេនិងអាចធ្វើឱ្យពួកគេចង់ចាំយើងក្នុងចិត្តទៅថ្ងៃមុខបាន។

ប្រភព៖ How to be a good writer

ប្រែសម្រួលដោយ​៖ ធី វីរាក់

បងប្អូនដែលចាប់អារម្មណ៍និងចង់ដឹងពីវិធីសាស្រ្តនៅក្នុងការចាប់ផ្ដើមសរសេរដំបូង អាចស្វែងរកនិងអានលម្អិតនៅក្នុងសៀវភៅ “ការណែនាំសម្រាប់សរសេរសៀវភៅដំបូង”។

សៀវភៅ ការណែនាំសម្រាប់សសេរសៀវភៅដំបូង