អ្វីដែលអ្នកគួរចៀសវាងនៅក្នុងការសម្ភាសការងារ

ការសម្ភាសការងារ គឺជាកិច្ចសន្ទនាមួយដែលមានវត្ថុបំណងក្នុងការទទួលបានការងារសម្រាប់និយោជិត និងទទួលបានបុគ្គលិកចូលមកក្នុងស្ថាប័នណាមួយសម្រាប់និយោជក។ រាល់ការសម្ភាសមិនមែនសុទ្ធតែទទួលបានភាពជោគជ័យនោះទេ។ ខាងក្រោមនេះ គឺជាទង្វើដែលត្រូវចៀសវាងក្នុងពេលសម្ភាសការងារ៖

១- ការមកដល់យឺត

ការមកដល់យឺតពេលរបស់អ្នកបានបង្ហាញឱ្យឃើញថា អ្នកមិនបានគោរពនិងឱ្យតម្លៃលើពេលវេលា ហើយក៏មិនបានយកចិត្តទុកដាក់លើការងារផងដែរ។ ភាពយឺតយ៉ាវគឺជាអាកប្បកិរិយាដែលមិនល្អទាល់តែសោះ។

២- បង្ហាញនូវភាពទន់ខ្សោយផ្នែករាងកាយ

ការបង្ហាញទៅឱ្យគេនូវភាពទន់ខ្សោយរបស់អ្នកតាមរយៈការធ្វើទឹកមុខឬរាងកាលដូចអស់កម្លាំង និងស្ងាបជាប្រចាំនៅកំលុងពេលសម្ភាសនោះ គឺជារឿងដែលមិនល្អចំពោះការសម្ភាសការងាររបស់អ្នកទាល់តែសោះ។

៣- គ្មានអនាម័យ

ក្រចកដៃកខ្វក់ អាហារនៅតែមានជាប់ធ្មេញរបស់អ្នក ឬសម្លៀកបំពាក់មិនស្អាត គឺជារឿងតូចតាច ប៉ុន្តែវាអាចនាំឱ្យមានបញ្ហានៅក្នុងការសម្ភាសកាងារ។ សូមពិនិត្យដោយប្រុងប្រយត្នទៅលើរូបរាងរបស់អ្នកដោយឆ្លុះកញ្ចក់មើលជាមុនសិន។

៤- សម្លៀកបំពាក់មិនសមរម្យ

អ្នកកំពុងផ្តល់អារម្មណ៍មិនល្អចំពោះខ្លួនឯងនិងអ្នកសម្ភាស នៅពេលដែលស្លៀកពាក់សម្លៀកបំពាក់ដែលមិនសមរម្យ។ ចូរចៀសវាងកំហុសមួយនេះនៅក្នុងការសម្ភាស និងស្លៀកពាក់ឱ្យបានសមស្របទៅនឹងកន្លែងការងារដែលអ្នកចង់ធ្វើ។

 

៥- ការមិនយកចិត្តទុកដាក់

អ្នកដែលយកចិត្តទុកដាក់លើទូរសព្ទចល័តរបស់ពួកគេឬអ្វីផ្សេងទៀតច្រើនជាងអ្នកសម្ភាស គឺបានធ្លាក់នៅក្នុងការសម្ភាសនោះរួចទៅហើយ។

៦- សំណួរមិនគួរសួរ

ការទាមទារលក្ខខណ្ឌនៃការងារក្នុងពេលសម្ភាសដំបូងគឺជារឿងដែលអ្នកមិនត្រូវធ្វើ។ មិនត្រូវទាមទារនូវអត្ថប្រយោជន៍ឬការចង់បានតាមចិត្តរបស់អ្នក ប៉ុន្តែត្រូវរង់ចាំឱ្យអ្នកសម្ភាសជាអ្នកចាប់ផ្ដើមចរចាមុន។

ចំណុចទាំងអស់នេះជាទង្វើដែលអ្នកសម្ភាសការងារត្រូវចៀសវាងក្នុងកំលុងពេលសម្ភាស បើអ្នកមិនចង់ទទួលរងបរាជ័យក្នុងការស្វែងរកការងារ ហើយត្រូវស្វែងរកព័ត៌មានសំខាន់ៗអំពីស្ថាប័នដែលអ្នកចង់បម្រើការនោះឱ្យបានច្បាស់លាស់ ទើបអាចទទួលបានជោគជ័យ។

ប្រែសម្រួលដោយ៖ ហេង ខាវ

ប្រភព៖ michaelpage

ឈុតសៀវភៅបែបការងារនិងការគ្រប់គ្រង