តើអ្វីទៅជាកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (កងទ័ពមួកខៀវ)?

កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឬកងទ័ពមួកខៀវអង្គការសហប្រជាជាតិ (UN Peacekeeping) គឺជាកម្លាំងទ័ពយោធាដែល​អង្គការសហប្រជាជាតិ (UN) បានបញ្ជូនទៅតាមតំបន់ ឬប្រទេសដែលកំពុងកើតមានជម្លោះណាមួយ ​ដើម្បីជួយរក្សានិងនាំយកនូវសន្តិភាពជូនរដ្ឋម្ចាស់ផ្ទះនោះ។ អាចនិយាយបានថា វាជាយន្តការដ៏មានប្រសិទ្ធភាពមួយរបស់ UN ក្នុងកិច្ចការពារសន្តិភាព និងសន្តិសុខជូនប្រទេសក្នុងតំបន់ និងពិភពលោក។

លក្ខណៈពិសេសរបស់កងកម្លាំងនេះរួមមាន៖ ភាពស្របច្បាប់នៃការប្រើប្រាស់កម្លាំងយោធាអន្តរជាតិ ការចែករំលែកបន្ទុកក្នុងការដោះស្រាយបញ្ហាអសន្តិសុខ ឬបញ្ហាប្រឈមរួមគ្នា (រវាងសមាជិក UN) និងការដាក់ពង្រាយកងទ័ព កងកម្លាំងយោធា ក៏ដូចជាក្រុមប៉ូលិសមកពីជុំវិញពិភពលោកឱ្យទៅឈរជើងនៅតាមតំបន់ដែលកំពុងមានស្ថានការណ៍តានតឹង ឬត្រូវការជំនួយ ដោយមានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN Peacekeeping) ផ្តល់ការគាំទ្រទៅលើផ្នែកសន្តិសុខ នយោបាយ និងការកសាងសន្តិភាពដើម្បីជួយប្រទេសនានាជុំវិញពិភពលោកឱ្យមានការផ្លាស់ប្តូរ និងទប់ទល់ទៅនឹងស្ថានការណ៍ជម្លោះដ៏ក្តៅគគុក បញ្ហានយោបាយចាក់ស្រេះ សង្គ្រាមស៊ីវិល សង្គ្រាមជាមួយរដ្ឋដទៃៗ ឬក៏បញ្ហាភេរវកម្មជាដើម ដើម្បីឆ្ពោះទៅរកសន្តិភាពមួយពេញលេញ។

យោធាកម្ពុជាដែលបានចូលបម្រើក្នុងកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ (ប្រភព៖ The Cambodia Daily)

ក្នុងនោះ UN អាចបញ្ជូនកងកម្លាំងរក្សាសន្តិភាពនេះបានដោយផ្អែកលើគោលការណ៍សំខាន់ៗ​ ៣ គឺ៖

– ការឯកភាពពីរដ្ឋម្ចាស់ផ្ទះ

– ភាពមិនលម្អៀង

– ការមិនប្រើប្រាស់កម្លាំងយោធា លើកលែងតែក្នុងករណីកងកម្លាំងត្រូវការពារខ្លួន ឬស្របទៅតាមអាណត្តិបេសកកម្មដែលបានកំណត់។

គួរជម្រាបផងដែរថា UN បានដាក់ពង្រាយកងទ័ពមួកខៀវរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ហើយបេសកកម្មនីមួយៗគឺមានលក្ខណៈ និងរចនាសម្ព័ន្ធខុសៗគ្នាអាស្រ័យទៅតាមគោលដៅដែលក្រុមប្រឹក្សាសន្តិសុខ UN (មានប្រទេសមហាអំណាចទាំង ៥៖ អាមេរិក ចិន បារាំង អង់គ្លេស និងរុស្ស៊ី) សម្រេចអនុម័ត។ បច្ចុប្បន្ននេះ UN បានដាក់ប្រតិបត្តិការកងកម្លាំងរបស់ខ្លួនបានចំនួន១៣បេសកកម្មហើយ ដោយឈរជើងក្នុងទ្វីបចំនួន ៣។

មិនត្រឹមតែដើម្បីថែរក្សាសន្តិភាព និងសន្តិសុខប៉ុណ្ណោះទេ UN Peacekeeping ថែមទាំងជួយសម្រួលដល់ដំណើរការនយោបាយការពារជនស៊ីវិល ជួយទប់ស្កាត់ការផ្ទុះអាវុធ ជួយជាកម្លាំងទ័ពដើម្បីគ្រប់គ្រងជម្លោះ ធ្វើសមាហរណកម្មអតីតយុទ្ធជន គាំទ្រដល់ការរៀបចំការបោះឆ្នោត ការពារនិងលើកកម្ពស់សិទ្ធិមនុស្ស ក៏ដូចជាជួយស្តារនីតិរដ្ឋឡើងវិញផងដែរ៕

ប្រភព៖ United Nations Peacekeeping

រៀបរៀងដោយ៖ ហូ ពេជ្រមោនីតា

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ ចំណេះដឹងសកល ភាគ១