ក្រុមហ៊ុនហ៊ីយន់ដាយនិងអេបផលបានពិភាក្សាអំពីការបង្កើតរថយន្តអគ្គិសនី

សិង្ហបុរី៖ ភាគហ៊ុនរបស់ក្រុមហ៊ុនហ៊ីយន់ដាយ (Hyundai៌ បានកើនឡើង ២៣% បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយថា ខ្លួនកំពុងស្ថិតក្នុងការពិភាក្សាដំណាក់កាលដំបូងជាមួយក្រុមហ៊ុនអេបផល (Apple) ជុំវិញការសហការគ្នាដើម្បីបង្កើតរថយន្តអគ្គិសនី។

“យើងដឹងថា ក្រុមហ៊ុន Apple កំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តពិភពលោកជាច្រើនរួមទាំងក្រុមហ៊ុន Hyundai។ ដោយសារការពិភាក្សាស្ថិតនៅក្នុងដំណាក់កាលដំបូង ដូច្នេះមិនទាន់មានការសម្រេចទៅលើរឿងអ្វីឡើយ” នេះបើផ្អែកទៅតាមការរាយការណ៍របស់តំណាងមកពីក្រុមហ៊ុន Hyundai បានប្រាប់ដល់ CBNC។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ក្នុងស្រុកមួយពីសារព័ត៌មាន Korea Economic Daily ដែលបាននិយាយថា ក្រុមហ៊ុន Apple បានស្នើឱ្យមានការភ្ជាប់ទំនាក់ទំនងគ្នា ហើយក្រុមហ៊ុន Hyundai កំពុងពិនិត្យមើលលក្ខខណ្ឌនេះ។ របាយការណ៍បានមានអត្ថន័យថា ទាំងការផលិតរថយន្តអគ្គិសនីក៏ដូចជាការផលិតអាគុយត្រូវបានបញ្ចូលក្នុងសំណើ​ ហើយរថយន្តនេះអាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។

រូបគ្រោងនៃរថយន្តអគ្គិសនីដែលស្ថិតក្រោមគម្រោងរបស់ក្រុមហ៊ុន Hyundai និង Apple (ប្រភព៖ 6Park News)

ភាគហ៊ុនរបស់ក្រុមហ៊ុន Hyundai និងបណ្តាសាខារបស់ក្រុមហ៊ុននេះបានកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន Hyundai Motor កើនឡើង ២៣,០៦% ក្រុមហ៊ុន Hyundai Wia កើន ២៧,១២% ក្រុមហ៊ុន Hyundai Mobis កើន ២៦,៤៤% និងក្រុមហ៊ុន Hyundai Glovis កើនឡើង ៥,២៦%។ ភាគហ៊ុនរបស់ក្រុមហ៊ុន Hyundai ដែលមាននៅក្នុងក្រុមហ៊ុន Kia Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី២ នៅកូរ៉េខាងត្បូងបានកើនឡើង ១២,៧០%។

ប្រភពពី៖ គេហទំព័រ www.channelnewsasia.com

ប្រែសម្រួលដោយ៖ អៀ ដាវី

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ ឥទ្ធិពលនៃបុព្វហេតុ