គុណវិបត្តិទាំង៦នៃបច្ចេកវិទ្យាទំនើប

ដូចយើងបានដឹងរួចមកហើយថា នាពេលបច្ចុប្បន្ននេះ វិស័យបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។បច្ចេកវិទ្យាបានជួយសម្រួលដល់ការរស់នៅរបស់មនុស្សបានច្រើនស្ទើរគ្រប់វិស័យ ប៉ុន្តែទន្ទឹមនឹងនោះ បច្ចេកវិទ្យាក៌មានគុណវិបត្តិជាច្រើនផងដែរ។

តើបច្ចេកវិទ្យាមានគុណវិបត្តិអ្វីខ្លះ? ខាងក្រោមនេះគឺជាគុណវិបត្តិនៃបច្ចេកវិទ្យា៖

១- ខ្ជះខ្ជាយពេលវេលា៖ បច្ចេកវិទ្យាខ្លះបានធ្វើឱ្យខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់យើង។ តាមពិតទៅ នេះគឺជាឥទ្ធិពលដ៏អាក្រក់មួយនៃបច្ចេកវិទ្យាមកលើយើង ប៉ុន្តែយើងហាក់ដូចជាមិនបានដឹងខ្លួន ។ មានឧបករណ៍បច្ចេកវិទ្យាទំនើបៗ ជាច្រើនដែលមនុស្សភាគច្រើនបានប្រើនិងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់ពួកគេ ដូចជាទូរទស្សន៍ វីដេអូហ្គេម ឧបករណ៍ចាក់តន្រ្តី និងទូរសព្ទចល័តភាគច្រើន។ មនុស្សភាគច្រើនបានប្រើឧបករណ៍បច្ចេកវិទ្យាទាំងនេះហើយចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកគេទៅលើការធ្វើសកម្មភាពដែលមិនសំខាន់។ ពួកគេបានប្រើឧបករណ៍ទាំងនេះក្នុងអំឡុងពេលម៉ោងសិក្សា ម៉ោងធ្វើការ និងសូម្បីតែនៅលើគ្រែជំនួសឱ្យការគេង។

២- បច្ចេកវិទ្យាបណ្តាលឱ្យមានការរំខានទៅលើការងារនិងការសិក្សា៖ ឧបករណ៍បច្ចេកវិទ្យាទំនើបគឺជារបស់ដែលគួរឱ្យចាប់អារម្មណ៍បំផុតនាពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូន វីដេអូហ្គេម ទូរទស្សន៍ ត្រូវបានប្រើដោយមនុស្សភាគច្រើន ប៉ុន្តែវាបានរំខានមនុស្សក្នុងការផ្ដោតអារម្មណ៍ទៅលើការងារ និងការសិក្សារបស់ខ្លួន។ ការនិយាយបែបនេះ មិនមែនមានន័យថាអ្នកមិនត្រូវប្រើវានោះឡើយ ប៉ុន្តែគប្បីប្រើវានៅពេលវេលាជាក់លាក់មួយ ឬបែងចែកឱ្យបានច្បាស់រវាងពេលវេលនានៃការងារនិងការសិក្សា និងពេលវេលាសម្រាប់ការកម្សាន្ត។

៣- បច្ចេកវិទ្យាកាត់បន្ថយការច្នៃប្រតិដ្ឋរបស់មនុស្ស៖ រឿងមួយដែលអាក្រក់បំផុតអំពីបច្ចេកវិទ្យាទំនើប គឺវាបានកាត់បន្ថយការច្នៃប្រតិដ្ឋរបស់មនុស្ស។ ការច្នៃប្រតិដ្ឋ សំដៅលើការស្វែងរកគំនិតថ្មីៗគួរឱ្យចាប់អារម្មណ៍និងប្លែកៗ ហើយគំនិតច្នៃប្រតិដ្ឋមានប្រភពមកពីការគិតស៊ីជម្រៅ។ ប៉ុន្តែតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា មនុស្សពឹងផ្អែកទាំងស្រុងលើភាពងាយស្រួលដែលបច្ចេកវិទ្យាផ្ដល់ឱ្យរហូតដល់ថ្នាក់លែងប្រើប្រាស់គំនិតរបស់ខ្លួនក្នុងការបង្កើតថ្មីឬដោះស្រាយបញ្ហាអ្វីនោះទេ ដែលការធ្វើបែបនេះយូរៗទៅនឹងធ្វើឱ្យសមត្ថភាពនៃការច្នៃប្រតិដ្ឋរបស់មនុស្សកាន់តែថយចុះទៅៗ។

៤- បច្ចេកវិទ្យាបណ្តាលឱ្យមនុស្សមានគម្លាតពីសង្គម៖ បច្ចេកវិទ្យាទំនើបធ្វើឱ្យមនុស្សយើងផ្តាច់ខ្លួនចេញពីសង្គម។ មនុស្សម្នាតែងតែរវល់ប្រើប្រាស់ទូរសព្ទចល័តឬមើលទូរទស្សន៍ ហើយមិនចង់ធ្វើអ្វីផ្សេងទៀតឡើយ ជាពិសេសគឺការចួបជុំដើម្បីសន្ទនា និងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន។

៥- បច្ចេកវិទ្យាបង្កបញ្ហាសុខភាពដល់មនុស្ស៖ បច្ចេកវិទ្យាក៏ជះឥទ្ធិពលដល់សុខភាពរបស់យើងដែរ។  មានប្រភេទជំងឺផ្សេងៗគ្នាដែលត្រូវបានរកឃើញថា កើតលើមនុស្ស ដែលបណ្តាលមកពីការប្រើប្រាស់បច្ចេកវិទ្យាច្រើនពេក។ ផលប៉ះពាល់អាក្រក់មួយចំនួននៃបច្ចេកវិទ្យាទៅលើសុខភាពមនុស្សរួមមាន៖

  • បញ្ហាភ្នែក
  • បញ្ហានៃការស្តាប់
  • បង្កើនភាពធាត់
  • មហារីកខួរក្បាល
  • ជំងឺហឺត
  • ជំងឺមហារីក​ស្បែក និងជំងឺផ្សេងៗជាច្រើនទៀត

៦- បញ្ហាសុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា៖

សន្តិសុខ ក៏ជាបញ្ហាមួយដែលត្រូវបានរកឃើញនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា។ សង្គមរបស់យើងកំពុងតែរីកលូតលាស់ហើយងាកទៅរកបច្ចេកវិទ្យា។  មនុស្សគ្រប់គ្នាចង់ធ្វើអ្វីៗគ្រប់យ៉ាងដោយស្វ័យប្រវត្តិ ហើយដើម្បីដោះស្រាយបញ្ហានេះ ពួកគេបានប្រើប្រាស់បច្ចេកវិទ្យា។ ប៉ុន្តែពេលខ្លះ វាពិតជាបង្កនូវគ្រោះថ្នាក់ណាស់សម្រាប់មនុស្ស។ ពួកគេអាចបាត់បង់ទ្រព្យសម្បត្តិ ភាពឯកជន និងសូម្បីតែជីវិតរបស់ពួកគេ ដោយសារតែបញ្ហាបទល្មើសផ្សេងៗនៅលើប្រព័ន្ធបច្ចេកវិទ្យាដែលតែងតែកើតឡើងជារឿយៗ។

រៀបរៀងដោយ៖ ធី វីរាក់

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ​ សុភក្ត្រា 

សៀវភៅ ថាមពលជីវិត