ផែនការជីវិតសម្រាប់ការចូលនិវត្តន៍នៅអាយុ៦០ឆ្នាំឬលឿនជាងនេះ

មនុស្សជាច្រើនបានសម្រេចចិត្ត ឬត្រូវបានតម្រូវឱ្យចូលនិវត្តន៍ពីការងារនៅក្នុងវ័យ៦០ឆ្នាំ។ ក្នុងនោះ អ្នកក៏អាចជាមនុស្សដែលគ្រោងនឹងចូលនិវត្តន៍នៅក្នុងវ័យ​៦០ឆ្នាំផងដែរ ឬក៏អាចលឿនជាងនេះផង។ ជាក់ស្តែង ការចូលនិវត្តន៍ឆាប់រហ័សមិនអាចកើតឡើងសម្រាប់មនុស្សរាល់គ្នានោះទេ ហើយវាទាមទារឱ្យអ្នកត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនផងដែរដើម្បីសម្រេចបាន។

ខាងក្រោមគឺជាផែនការសកម្មភាពដែលអ្នកត្រូវធ្វើមុនពេលសម្រេចចិត្តចូលនិវត្តន៍ឆាប់រហ័ស៖

១- កំណត់ពីរបៀបនៃការរស់នៅរបស់អ្នកអំឡុងពេលចូលនិវត្តន៍៖ អ្នកត្រូវគិតជាមុនថា អ្នកចង់បានជីវិតបែបណា។ អ្នកអាចចោទសួរខ្លួនឯងបានថា «តើអ្នកនឹងធ្វើដំណើរជុំវិញពិភពលោកដែរទេ? តើអ្នកនឹងផ្លាស់ទៅរស់នៅប្រទេសដែលមានតម្លៃថោកដែរទេ? តើអ្នកនឹងមានកូន/ចៅដែរទេ? តើអ្នកនឹងរ៉ាប់រ៉ងការចំណាយលើការថែទាំសុខភាពដោយរបៀបណា?» ជាដើម។

២- ដឹងពីខ្ទង់ចំណាយក្នុងរយៈពេលចូលនិវត្តន៍៖ មនុស្សភាគច្រើនគិតថា ពួកគេនឹងចំណាយតិច ពេលដែលចូលនិវត្តន៍ ប៉ុន្តែនេះមិនមែនកើតឡើងទូទៅនោះទេ ដោយសារតែអ្នកមានពេលវេលាទំនេរកាន់តែច្រើន នោះការចំណាយក៏កាន់តែច្រើនដែរ​ គួបផ្សំនឹងការចំណាយសម្រាប់សេវាថែទាំសុខភាពទៀតផង។

៣- ដឹងពីកញ្ចប់ទឹកប្រាក់ដែលអ្នកត្រូវស្វែងរក និងសន្សំសម្រាប់ការចូលនិវត្តន៍៖  ជាការពិត កត្តាសំខាន់បំផុតក្នុងការសម្រេចថាអ្នកមាន ឬមិនមានលទ្ធភាពចូលនិវត្តន៍ឆាប់រហ័សនោះគឺ អ្នកពិតជាមានកញ្ចប់ថវិកាត្រៀមដ៏រឹងមាំសម្រាប់ការចំណាយនៅក្នុងពេលវេលានោះដែរឬយ៉ាងណា។

៤- ចាប់ផ្តើមរកលុយ​ឱ្យបានច្រើនទៅតាមលទ្ធភាព៖ ត្រូវចាំថា អ្នកមិនត្រូវប្រឡូកនៅក្នុងផ្លូវខុសច្បាប់ដើម្បីតែបំពេញបំណងប្រាថ្នា និងសេចក្តីសុខរបស់ខ្លួននោះទេ។ អ្នកត្រូវតែខំប្រឹងធ្វើការឱ្យបានល្អដើម្បីឆក់យកឱកាសតួនាទីខ្ពស់ ហើយប្រាក់ចំណូលក៏អាស្រ័យទៅតាមឋានៈតួនាទីនោះដែរ។ ម្យ៉ាងទៀត អ្នកអាចរកការងារក្រៅម៉ោង ដើម្បីបង្កើនទំហំកញ្ចប់ថវិការបស់អ្នកបាន។

៥- ស្វែងរកប្រាក់ចំណូលអកម្ម​៖ ពេលដែលអ្នកចូលនិវត្តន៍ ពិតណាស់អ្នកមិនចង់រវល់ជាមួយការងារទៀតទេ ប៉ុន្តែអ្វីដែលអ្នកត្រូវរវល់នោះគឺ ទឹកប្រាក់ដើម្បីចាយវាយនាពេលនោះ។ ដើម្បីរក្សាលំនឹងកញ្ចប់ថវិកា អ្នកអាចស្វែងរកចំណូលប្រចាំខែតាមរយៈប្រភពចំណូលអកម្ម ដូចជាការជួលអចលនទ្រព្យ ការទិញភាគហ៊ុន ជាដើម។

៦- កាត់បន្ថយការចំណាយ៖ ប្រសិនបើអ្នកចង់ចូលនិវត្តន៍ឆាប់រហ័ស អ្នកត្រូវចេះសន្សំ ដោយត្រូវកាត់បន្ថយការចំណាយប្រចាំថ្ងៃ ជាពិសេសចំណាយមិនចាំបាច់ទៅតាមលទ្ធភាពរបស់ខ្លួន។ ប៉ុន្តែ អ្នកមិនត្រូវកាត់បន្ថយការចំណាយណាដែលធ្វើឱ្យអ្នកសប្បាយចិត្តនោះទេ។ អ្នកត្រូវតែចេះថ្លឹងថ្លែង និងរកតុល្យភាពនៃការចំណាយ និងការសន្សំឱ្យឃើញ។

ប្រភព៖ គេហទំព័រ Life Hack

ប្រែសម្រួលដោយ៖ ឆេង ភត្រា

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ បណ្ដុំគំនិត ភាគ២