ជីវិតគូស្នេហ៍ តែងតែជួបនូវបញ្ហាឥតឈប់ឈរ ពេលខ្លះសប្បាយ ពេលខ្លះកើតទុក្ខ ពេលខ្លះក៏មានអារម្មណ៍ថាឯកា ពេលខ្លះក៏មាននូវជម្លោះ។ ជាទូទៅ ជម្លោះកើតឡើងមកពីកត្តាជាច្រើន ហើយវាក៏អាចជះនូវឥទ្ធិពលអាក្រក់ទៅដល់ភាគីទាំងសងខាងផងដែរ ជាពិសេសគឺការប្រេះស្រាំនៃចំណងស្នេហាតែម្ដង។
ខាងក្រោមនេះជាសកម្មភាពទាំង៥ដែលអ្នកគួរធ្វើដើម្បីកាត់បន្ថយជម្លោះ និងធ្វើឱ្យទំនាក់ទំនងរវាងគូស្នេហ៍របស់អ្នកកាន់តែប្រសើរឡើង៖
១- ការចងចាំរឿងរ៉ាវតូចៗ៖ ក្នុងជីវិតជាគូស្នេហ៍ អ្នកត្រូវចេះយល់ពីគ្នា ចេះកត់សម្គាល់ទៅលើរឿងរ៉ាវដែលបានកើតឡើងហើយត្រូវចងចាំវាទុក។ ការចងចាំរឿងល្អៗ ហើយលើកយកមកនិយាយជាមួយដៃគូរបស់អ្នកម្ដងទៀតបានបង្កើតឱ្យមានភាពស្និទ្ធស្នាលនិងភាពផ្អែមល្ហែមថែមមួយកម្រិតទៀត។ ការចងចាំនូវរឿងសំខាន់ៗទាំងនោះ អាចជាថ្ងៃដែលស្រឡាញ់គ្នាដំបូងឬថ្ងៃកំណើតរបស់គូស្នេហ៍របស់អ្នកជាដើម។

រូបតំណាង (ប្រភព៖ The Week)
២- ការដឹងពីពេលដែលត្រូវសុំទោស៖ ការយកឈ្នះឬដណ្ដើមគ្នាត្រូវរហូត មិនមែនជាជម្រើសល្អនោះទេ។ ការឈ្លោះប្រកែកយកត្រូវរៀងៗខ្លួនបានបណ្ដាលឱ្យអ្នកមានអារម្មណ៍ថាធុញថប់ ហើយចាប់ផ្ដើមព្រងើយកន្តើយដាក់គ្នា។ ការស្គាល់ពីកាលៈទេសៈ ការចេះសុំទោសគ្នាទៅវិញទៅមក ការដឹងពីកំហុសរបស់ខ្លួនឯងគឺជារឿងដែលល្អបំផុតហើយធ្វើឱ្យជីវិតគូរបស់អ្នកកាន់តែមានភាពរីករាយ។
៣- ការទុកចិត្តគ្នាទៅវិញទៅមក៖ ក្នុងជីវិតគូ តែងកើតមានជម្លោះជារឿងធម្មតា តែជម្លោះភាគច្រើនកើតមកពីការមិនទុកចិត្តគ្នា។ អាស្រ័យហេតុនេះហើយ ការទុកចិត្តទៅលើដៃគូរបស់អ្នកគឺជារឿងសំខាន់បំផុត ព្រោះការមិនទុកចិត្តបង្កឱ្យមានការប្រចណ្ឌនិងជម្លោះ ហើយពេលខ្លះអាចបណ្ដាលឱ្យគូស្នេហ៍ទាំងពីរបែកបាក់គ្នាក៏មាន។
៤- ការចំណាយពេលនៅជាមួយគ្នា៖ ក្នុងរឿងស្នេហា គេផ្តោតសំខាន់ទៅលើមនុស្សពីរនាក់ដែលស្រឡាញ់គ្នា។ បើយើងក្រឡេកមកមើលតថភាពជាក់ស្តែង ក៏មានគូស្នេហ៍ជាច្រើនដែលបានបែកបាក់គ្នាដោយសារតែការមិនផ្ដល់ពេលវេលាឱ្យគ្នា ការនៅឆ្ងាយពីគ្នា ភាពរវល់រៀងខ្លួនជាដើម។ នេះហើយជាមូលហេតុដែលអ្នកត្រូវចំណាយពេលឱ្យបានច្រើនជាមួយដៃគូរបស់អ្នក កុំឱ្យដូចពាក្យមួយឃ្លាពោលថា «ឃ្លាតកាយណាយចិត្ត»។
៥- មិនខ្វល់ពីអតីតកាល៖ ការចងភ្ជាប់ខ្លួនឯងទៅនឹងអតីតកាលគឺជារឿងដែលអាក្រក់បំផុតឬជាកំហុសដ៏ធំនៅក្នុងជីវិត។ ការគិតនិងការខ្វល់ពីរឿងអាក្រក់ដែលបានកើតឡើង ហើយលើកយកវាមកនិយាយនៅពេលដែលមានជម្លោះជាមួយគ្នាម្ដងៗបានបង្ហាញឱ្យដៃគូរបស់អ្នកដឹងថា អ្នកជាមនុស្សដែលចូលចិត្តចងចាំតែរឿងអាក្រក់។ មិនត្រឹមតែប៉ុណ្ណោះ គេអាចនឹងគិតថាអ្នកជាមនុស្សដែលចូលចិត្តតាមចាប់កំហុសគេក៏ថាបាន។
រៀបរៀងដោយ៖ ជឿក គីមឡាង
ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ ពិភពលោកពីរពណ៌