សង្គ្រាម៧ឆ្នាំ៖ សង្គ្រាមលោកលើកទី១ ដែលមនុស្សជាតិបានបំភ្លេចចោល

ជាទូទៅ មនុស្សជាតិបានត្រឹមតែដឹងហើយក៏បានកំណត់ទៀតថាសង្គ្រាមដែលបានកើតឡើងក្នុងឆ្នាំ១៩១៤-១៩១៨ គឺជាសង្គ្រាមលោកលើកទី១។ បើយើងគិតថាសង្គ្រាមដែលមានរយៈពេលត្រឹមតែ៤ឆ្នាំនេះជាសង្គ្រាមលោកលើកទី១នោះ អ៊‍ីចឹងសង្គ្រាមដែលមានរយៈពេល៧ឆ្នាំ ដែលបានផ្ទុះឡើងក្នុងអំឡុងពាក់កណ្ដាលសតវត្សរ៍ទី១៨ (១៧៥៦-១៧៦៣) ជាសង្គ្រាមអ្វីដែរ?

សង្រ្គាមឆ្នាំ១៧៥៦-១៧៦៣ គឺជាជម្លោះកម្រិតពិភពលោក ដែលគេឱ្យឈ្មោះថាសង្គ្រាម៧ឆ្នាំ ឬពេលខ្លះគេសន្មត់ថាជាសង្គ្រាមលោកលើកទី១។ ការសន្មត់ថាជាសង្គ្រាមលោកលើកទី១ ដោយសារតែទំហំដ៏ធំនៃសង្គ្រាម ចំនួនប្រជាជាតិច្រើនបានចូលរួម បូករួមនឹងការផ្ទុះឡើងនូវសមរភូមិគ្រប់ទីកន្លែងជុំវិញពិភពលោក។ ចម្បាំងដំបូងឡើយគឺរវាងអង់គ្លេសនិងបារាំង ដែលកាលណោះបារាំងចូលវាយលើដែនកោះម៉េណូកា (Menorca) របស់អង់គ្លេសក្នុងតំបន់សមុទ្ទមេឌីទែរ៉ាណេ។ ក្រោយមកចក្រភពអង់គ្លេសបានពង្រឹងនិងពង្រីកកម្លាំងទ័ពនៅឥណ្ឌាដើម្បីត្រៀមក្នុងការធ្វើសង្គ្រាម ដោយគ្មានការយល់ព្រមនិងដឹងឮពីសម្នាក់រដ្ឋបាលក្រោមអាណានិគម។ ជាលទ្ធផល ជម្លោះក៏បានកើតឡើងរហូតរីករាលដាលទៅលើដែនដីអាណានិគមបារាំងនៅទីនោះ។

នៅអ៊ឺរ៉ុប ជម្លោះបានកើតឡើងពីបញ្ហាដែលមិនទាន់ដោះស្រាយរួចរាល់។ សង្រ្គាមដែលបណ្ដាលមកពីបញ្ហាអ្នកស្នងរាជ្យរបស់អូទ្រីស (Austria)។ ព្រុស្ស៊ី (Prussia) កំពុងតែស្វែងរកនូវឥទិ្ធពលខ្លាំងជាងមុននៅក្នុងតំបន់អឺរ៉ុប។ គូប្រជែងអាណានិគមដែលមានជាយូរមកហើយរវាងចក្រភពអង់គ្លេសនិងបារាំង (France) ហើយនិងអេស្ប៉ាញ (Spain) នៅអាម៉េរិកខាងជើង និងនៅប្រជុំកោះការ៉ាបៀន (Caribbean Island) ត្រូវបានប្រយុទ្ធក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មាន។ លើសពីនេះទៅទៀត សង្គ្រាមបានផ្ទុះឡើងដោយសារជម្លោះទឹកដីរវាង ព្រុស្ស៊ី និងអូទ្រីស ដែលចង់ដណ្តើមយកកោះស៊ីឡេសៀ (Silesia Island) មកវិញបន្ទាប់ពីកោះនេះត្រូវបានកាន់កាប់ដោយព្រុស្ស៊ី ក្នុងអំឡុងសង្គ្រាមកាលពីពេលមុន។

នៅអាម៉េរិកខាងជើងវិញ ចក្រអង់គ្លេសកំពុងតែរៀបចំកងទ័ពជំនួយបន្ថែមក្នុងទ្រង់ទ្រាយធំ ទាំងកងទ័ពជើងទឹក ទាំងកងទ័ពជើងគោក។ ដោយអំណាចនៃចក្រភពអង់គ្លេសដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនោះ ចក្រភពអេស្ប៉ាញចាប់ផ្ដើមមានទស្សនៈអវិជ្ជមានទៅលើចក្រភពអង់គ្លេស ហើយក៏បានប្រកៀកស្មាគ្នានឹងបារាំងដើម្បីប្រឆាំងនឹងអង់គ្លេស។ ព័រទុយហ្កាល់ដែលជាសម្ព័ន្ធមិត្តចក្រភពអង់គ្លេស ក៏ត្រូវបង្ខំចិត្តទទួលយកកងទ័ពជំនួយដ៏ច្រើនមកពីអង់គ្លេសដែរ។ ពេលនោះចក្រភពអង់គ្លេសបានឆ្លៀតឱកាសឆក់យកដែនកោះគុយបានៅអាម៉េរិកកណ្ដាលនិងដែនកោះម៉ានីឡានៅហ្វីលីពីន។​ ខណៈពេលនោះដែរ ព្រុស្ស៊ី កំពុងស្វែងរកការពង្រីកទឹកដីនៅអឺរ៉ុបនិងការបង្រួបបង្រួមអំណាចរបស់ខ្លួនឡើងវិញ។

៧ឆ្នាំកន្លងផុតទៅ គ្រប់ភាគីទាំងអស់បានធ្លាក់ចុះខ្សោយរៀងៗខ្លួន ទាំងវិស័យកងទ័ព សេដ្ឋកិច្ច និងប្រជាសាស្រ្ត…ហើយដំណាក់កាលនៃការចរចាស្វែងរកសន្តិភាពក៏បានឈានមកដល់។

រូបគំនូរដែលបង្ហាញពីទិដ្ឋភាពនៃសង្គ្រាម៧ឆ្នាំ (ប្រភព៖ History)

សង្រ្គាម៧ឆ្នាំត្រូវបានបញ្ចប់ទៅវិញដោយសន្ធិសញ្ញាចំនួនពីរគឺ៖

១- សន្ធិសញ្ញាទីក្រុងប៉ារីស បានចុះហត្ថលេខានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៧៦៣ ដែលធ្វើឡើងរវាងបារាំង ចក្រភពអង់គ្លេស និងអេស្ប៉ាញ។ ជាលទ្ធផល បារាំងបានបាត់បង់ទឹកដីអាណានិគមស្ទើរតែទាំងអស់។ អេស្ប៉ាញវិញបានយកដែនកោះគុយបានិងម៉ានីឡា ត្រឡប់មកវិញ ព្រមទាំងបានទទួលដែនដីលូស៊ីអាណា (Louisiana) ក្នុងលក្ខខណ្ឌដោះដូរនឹងរដ្ឋហ្វ្ល័ររីដា (Florida) រួមទាំងទទួលបានសន្តិភាពជាមួយនឹងព័រទុយហ្កាល់ផងដែរ។ ជ័យជម្នះរបស់អង់គ្លេសនៅក្នុងសង្រ្គាមបារាំងនិងឥណ្ឌាធ្វើឱ្យអង់គ្លេសទទួលបាននូវកិត្តិនាមថា «មហាអំណាចមួយដែលមានកងទ័ពជើងទឹកខ្លាំងបំផុត» តាមរយៈកេរ្ដិ៍ឈ្មោះនេះហើយ ដែលចក្រភពអង់គ្លេសបានប្រើប្រាស់ដើម្បីបន្តការកសាងចក្រភពរបស់ខ្លួននៅជុំវិញពិភពលោករហូតមកដល់បច្ចុប្បន្ននេះ។​

២- សន្ធិសញ្ញាហ៊ូប៊ឺថើស្បើក (Hubertusburg) រវាងភាគីព្រុស្ស៊ីនិងអូទ្រីស ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​១៩៦៣ វាបានបញ្ចប់សង្រ្គាមរវាងអូទ្រីនិងសព្រុស្ស៊ី ហើយនិងសង្គ្រាមនៅលើដែនដីសាហ្សូនី (Saxony)។ ជាលទ្ធផលចុងក្រោយ ព្រុស្ស៊ីបានរំដោះដែនដីសាហ្សូនីបានសម្រេច។

ផលវិបាក៖

  • ចំនួនមនុស្សជាតិបានស្លាប់ប្រហែល១.៣លាននាក់។ លើសពីពាក់កណ្ដាលជាពលរដ្ឋស៊ីវិល។
  • អឺរ៉ុបទាំងមូលបានធ្លាក់ចុះទន់ខ្សោយនូវអានុភាពរបស់ខ្លួន
  • មានការតំឡើងពន្ធដាខ្ពស់ដើម្បីយកទៅស្ដារសេដ្ឋកិច្ចនិងសងបំណុលសង្គ្រាម
  • ដែនដីអាណានិគមរបស់បារាំងត្រូវបានរង្គោះរង្គើ
  • ការប្រកួតប្រជែងលើវិស័យឧស្សាហកម្មយោធាបានកើតឡើង ជាពិសេសយោធាជើងទឹកជាមួយនឹងវានាចម្បាំងធំៗជាច្រើន
  • ចក្រភពទាំងអស់លែងមានការទុកចិត្តគ្នា ហើយរង់ចាំតែឱកាសដើម្បីខាំគ្នា
  • ចុងក្រោយចក្រភពអង់គ្លេសបានក្លាយទៅជាមហាអំណាចពិភពលោកជាមួយនឹងការជំពាក់បំណុលសង្គ្រាមជាច្រើនផងដែរ។ ដូច្នេះហើយចក្រភពអង់គ្លេសបានដាក់ចេញនូវក្រិតច្បាប់ពន្ធដាថ្មីនៅលើដែនដីអាណានិគមរបស់ខ្លួន រហូតបង្កជាការខឹងសម្បារមិនឈប់ឈរ។ ការណ៍នេះហើយដែលជាគ្រាប់ពូជនៃសង្គ្រាមឯករាជ្យរដ្ឋទាំង១៣នៅអាម៉េរិកខាងជើង។ ​

រៀបរៀងដោយ៖ នៅ ស្រីនិច – ណម ពៅចំរើន

ឯកសារយោង៖ គេហទំព័រ History.com

សៀវភៅ មជ្ឈិមបូព៌ា រៀបរៀងដោយលោក ណម ពៅចំរើន