ភាពខុសគ្នារវាងការពិបាកចិត្ត និងការបាក់ទឹកចិត្ត

មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកតែងជួបទុក្ខព្រួយឬការបាក់ទឹកចិត្តក្នុងជីវិតរបស់ពួកគេ។ ក្នុងនោះ វាពិតជាពិបាកបែងចែកណាស់ថា តើអ្នកគ្រាន់តែពិបាកចិត្ត ឬក៏បាក់ទឹកចិត្ត បើទោះបីជាវាមានភាពខុសគ្នាច្រើនក៏ដោយ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកឱ្យចេះបែងចែកឱ្យបានច្បាស់រវាងការពិបាកចិត្ត និងការបាក់ទឹកចិត្ត។

១- ការពិបាកចិត្ត

ការពិបាកចិត្ត គឺជាអារម្មណ៍ធម្មតារបស់មនុស្ស ដែលមនុស្សគ្រប់រូបនឹងជួបប្រទះនៅពេលមានភាពតានតឹងនិងធុញថប់។ បញ្ហាក្នុងជីវិតមួយចំនួនអាចធ្វើឱ្យមនុស្សពិបាកចិត្តមានដូចជា ការបាត់បង់ឬអវត្តមានរបស់មនុស្សជាទីស្រឡាញ់ ការលែងលះ ការបាត់បង់ការងារឬប្រាក់ចំណូល បញ្ហាហិរញ្ញវត្ថុ ឬបញ្ហានៅផ្ទះទាំងអស់សុទ្ធតែអាចប៉ះពាល់ដល់អារម្មណ៍តាមរបៀបអវិជ្ជមាន។ មិនតែប៉ុណ្ណោះ ការខកខានការប្រឡង មិនទទួលបានការងារធ្វើ ឬជួបប្រទះនឹងរឿងខកចិត្តផ្សេងទៀតក៏អាចបង្កឱ្យមានទុក្ខព្រួយផងដែរ។

ទោះយ៉ាងណាក៏ដោយ មនុស្សដែលពិបាកចិត្តជាធម្មតាអាចរកឃើញវិធីធ្វើឱ្យអារម្មណ៍ធូរស្បើយខ្លះ តាមរយៈការយំស្រែក ហ៊ោកញ្ជ្រៀវសប្បាយ ឬនិយាយពីបញ្ហាប្រាប់នរណាម្នាក់កុំឱ្យមានអារម្មណ៍តានតឹង។ ជាទូទៅ ការពិបាកចិត្តនេះនឹងរលាយបាត់ទៅតាមពេលវេលា។ ក៏ប៉ុន្តែប្រសិនបើនៅតែពិបាកចិត្តក្នុងរយៈពេលយូរជាង២សប្តាហ៍ អ្នកជំងឺគួរតែពិគ្រោះជាមួយគ្រូពេទ្យ។

រូបតំណាង

២- ការបាក់ទឹកចិត្ត

ការបាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តដែលមានឥទ្ធិពលលើផ្នែកជាច្រើននៃជីវិតរបស់មនុស្ស។  វាអាចកើតឡើងចំពោះមនុស្សគ្រប់ភេទ គ្រប់វ័យ។

រោគសញ្ញារួមមាន៖

  • មានអារម្មណ៍ថាធុញទ្រាន់ នឿយណាយ
  • តែងមានភាពទុក្ខព្រួយជាប់ខ្លួនជានិច្ច
  • អស់សង្ឃឹម
  • កង្វះការលើកទឹកចិត្ត
  • ការបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលខ្លួនចូលចិត្តធ្វើ ឬអ្វីដែលសប្បាយៗ
  • ក្នុងករណីធ្ងន់ធ្ងរ មនុស្សនោះអាចគិតឬប៉ុនប៉ងធ្វើអត្តឃាត។
  • ពួកគេលែងមានចំណាប់អារម្មណ៍ទៅលើការចំណាយពេលជាមួយក្រុមគ្រួសារឬមិត្តភក្តិ ហើយអាចឈប់ស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេ ឬមានអារម្មណ៍ថាមិនអាចចូលធ្វើការឬទៅសាលារៀនបាន។
  • ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះរយៈពេលលើសពី ២ សប្តាហ៍អ្នកជំនាញអាចធ្វើរោគវិនិច្ឆ័យអ្នកជំងឺនោះថាមានជំងឺធ្លាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ (MDD) ។

ដូច្នេះហើយ ការពិបាកចិត្ត និងការបាក់ទឹកចិត្ត មានភាពខុសគ្នាទាំងរោគសញ្ញា និងវិធីព្យាបាល។ ការពិបាកចិត្តគ្រាន់តែផ្នែកមួយនៃជីវិតមនុស្សប៉ុណ្ណោះដែលមនុស្សគ្រប់គ្នាតែងជួប ហើយវានឹងបាត់ទៅវិញដោយឯកឯង។ ប៉ុន្តែការបាក់ទឹកចិត្តវិញ ប្រសិនបើមានរោគសញ្ញាដូចដែលបានបង្ហាញនៅខាងលើលើសពី២សប្តាហ៍ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទាន់ពេលវេលាទើបជាការប្រសើរ។

រូបតំណាង

ប្រភព៖ គេហទំព័រ Medicalnewstoday

ប្រែសម្រួលដោយ៖ ឡេង ហេឡេន

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ ការលើកទឹកចិត្ត និងអភិវឌ្ឍខ្លួនឯង