មូលហេតុ៥យ៉ាងដែលអ្នកមិនគួរខ្លាចបរាជ័យនោះទេ

ពាក្យថា “បរាជ័យ” និយាយមួយបែបប្រៀបដូចការធ្លាក់ពីលើអាកាសឬផ្ទះដែលមានកម្ពស់ដប់ជាន់ ដែលជាទូទៅធ្វើឱ្យមនុស្សដេកដួលមិនចង់ក្រោក ឬក្រោកមិនរួចតែម្តង។ ប្រសិនបើមនុស្សណាម្នាក់ប្រាប់យើងឱ្យដឹងពីភាពបរាជ័យរបស់គេ ប្រៀបដូចគេកំពុងលើកទឹកចិត្តយើងកុំឱ្យខ្លាចការទទួលរងបរាជ័យ ពីព្រោះនរណាៗក៏ធ្លាប់ឆ្លងកាត់បរាជ័យដែរ ដូចជាបរាជ័យក្នុងមុខជំនួញ ការសិក្សា ជីវិតគ្រួសារជាដើម -ល-។

ដូច្នេះតើយើងគួរធ្វើយ៉ាងណាដើម្បីគ្រប់គ្រងអារម្មណ៍ភ័យខ្លាចរបស់យើង?

១- បរាជ័យគ្មានអ្វីគួរឱ្យខ្លាចទេ ព្រោះបរាជ័យជាចំណែកមួយក្នុងជីវិតទៅហើយ៖ ជីវិតមួយដែលអាចទទួលនូវជោគជ័យទៅបានសុទ្ធតែធ្លាប់ឆ្លងកាត់បរាជ័យ។ នៅក្នុងលោកនេះ គ្មានមនុស្សណាម្នាក់កើតមកចេះស្រាប់ ឬស្ពាយជោគជ័យមកជាមួយតាំងពីកើតនោះទេ។ ត្រូវចាំទុករឿងម៉្យាងថា មនុស្សយើងដួលកន្លែងណាក្រោកកន្លែងហ្នឹងវិញ។

២- បរាជ័យមិនមែនជាកត្តាកំណត់តម្លៃភាពជាមនុស្សរបស់អ្នកទេ៖ បរាជ័យមិនមែនមានន័យថា អ្នកជាមនុស្សអត់បានការនោះទេ ហើយការប្រលងធ្លាក់ឬបានពិន្ទុតិចក៏មិនមែនបានន័យថាឈប់រៀនត្រឹមហ្នឹងដែរ។ អ្នកត្រូវចងចាំថា ក្នុងជីវិតនេះមានរឿងមិនសមប្រកបច្រើនណាស់ អ្នកមិនអាចចេះតែយករឿងអស់ហ្នឹងមកទុកក្នុងខ្លួន រហូតដល់ដេកដួលធ្វើអីមិនកើតនោះទេ។

៣- បរាជ័យធ្វើឱ្យអ្នករៀនចេះបត់បែនបាន ដូច្នេះកុំខ្លាចវាអី៖ ឧទាហរណ៍ថាអ្នកចង់បើកហាងកែសម្រស់ឬក៏ហាងលក់ការ៉េម ពេលហ្នឹងអ្នកត្រូវគិតថា ដើម្បីអាចដំណើរការរកសុីបាន តើអ្នកត្រូវធ្វើអីខ្លះ។ ប្រសិនបើអីវ៉ាន់របស់អ្នកលក់អត់ដាច់ ចុងក្រោយត្រូវបិទហាង។ អ្នកត្រូវយករឿងហ្នឹងទុកជាមេរៀនហើយសួរខ្លួនឯងថា ហេតុអីបានជាលក់មិនដាច់ ហើយទៅជាខាតឡុងចុង។ តើមកពីអតិថិជនមានការភាន់ច្រឡំមិនស្គាល់ផលិតផលរបស់អ្នក ឬមួយក៏មកពីស្លាកយីហោអ្នកមិនល្បី? ឬមួយមកពីទីតាំងលក់ហ្នឹងវាអត់អំណោយផលឬខុសទាស់កន្លែងណា? ដោយចាប់ផ្តើមចេញពីសំណួរទាំងនេះអ្នកអាចមានគំនិតថ្មីៗដើម្បីឈរជើងក្នុងទីផ្សារបានហើយ អ្នកនឹងដឹងថាត្រូវលក់ឬផលិតផលិតផលបែបណាដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជន

៤- បរាជ័យបង្រៀនឱ្យយើងចេះក្រោកឈរឡើងវិញ៖ សួរខ្លួនឯងទៅមើលថា តើជីវិតអ្នកនៅទៅជាយ៉ាងណា បើអ្នករើសយកការដេកដួលមិនព្រមក្រោកសោះនោះ។ បរាជ័យគឺជាបរិបទមួយផ្សេងទៀតក្នុងការធ្វើការផ្លាស់ប្តូរជំហាននឹងគោលជំហររបស់អ្នក។ រៀនសាកល្បងអ្វីថ្មីៗលោមើល ថាមិនត្រូវសូម្បីតែគំនិតរបស់អ្នកក៏ផ្លាស់ប្តូរដែរ។

 ៥- បរាជ័យបង្រៀនឱ្យយើងចេះគ្រប់គ្រាន់ កុំលោភលន់ពេក៖ នៅពេលដែលយើងមានគ្រប់យ៉ាងដូចជា លុយ ផ្ទះ ការសិក្សាល្អ វាងាយធ្វើអោយអ្នកកើតចិត្តលោភលន់ណាស់ របស់ល្មមៗមិនយកភ្នែកមើលទេ។ តែពេលយើងបរាជ័យធ្លាក់ដល់បាត យើងចាប់ផ្តើមដឹងខ្លួនថា រសជាតិនៃជីវិតដែលអត់មានអ្វីសោះនោះ វាយ៉ាងម៉េច។ យើងមិនត្រូវចង់បានរបស់អ្វីដែលមិនមែនជារបស់យើងទេ ព្រោះយើងដឹងច្បាស់ហើយថាវាមានរសជាតិយ៉ាងមិចពេលបាត់បង់។

 បរាជ័យប្រៀបដូចជានាឡិការោទ៍ដែលរម្លឹកយើងថា កុំលោភលន់ពេកអី ជីវិតអ្នកមានគ្រប់យ៉ាងលែងខ្វះអ្វីទៀតហើយ។ យើងត្រូវតែរម្លឹកខ្លួនឯងជានិច្ចថា ជីវិតរបស់យើងមិនទៀងទាត់ទេ ផ្លាស់ប្ដូរលឿនណាស់ យើងគប្បីរស់នៅប្រកបដោយគុណធម៍ជីវិតផង។

រៀបរៀងដោយ៖ កុយ រតនា

ឯកសារយោង៖ គេហទំព័រ Emma Edition

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ បរាជ័យ របស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក