៤កំហុសសំខាន់ៗដែលតែងកើតមានឡើងពេលសរសេរប្រវត្តិរូប

ប្រវត្តិរូបដែលល្អ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់និយោជកឱ្យជ្រើសរើសរូបអ្នក ផ្តល់ឱកាសសម្ភាស រហូតឈានដល់ការផ្តល់ការងារ។ វាពិតជាមិនមែនជាការងាយស្រួលនោះទេ ហើយជាញឹកញាប់បេក្ខជនខ្លះតែងជួបប្រទះនូវឧបសគ្គក្នុងការប្រមាញ់ការងារដែលខ្លួនចង់បាននោះដោយការធ្វើឱ្យមានកំហុសមិនសមគួរនៅលើប្រវត្តិរូបរបស់ពួកគេ។

ខាងក្រោមនេះគឺជា ៤ កំហុសសំខាន់ៗ ដែលតែងកើតមានជាញឹកញាប់នៅពេលសរសេរប្រវត្តិរូប៖

១. កំហុសអក្ខរាវិរុទ្ធ

ប្រវត្តិរូបអ្នកនឹងមិនត្រូវបានជ្រើសរើសនោះទេ ប្រសិនបើអ្នកពិនិត្យឃើញកំហុសដោយប្រការណាមួយ។ ដូច្នេះអ្នកត្រូវចៀសវាងដាច់ខាត ដោយពិនិត្យឱ្យបានល្អិតល្អន់ទៅលើពាក្យពេចន៍ ឃ្លោងឃ្លា ឬឆ្នាំដែលអ្នកសរសេរ ឬអ្នកអាចពឹងពាក់ឱ្យមិត្តភក្តិ ឬអ្នកស្គាល់ជួយពិនិត្យ និងផ្តល់យោបល់កែតម្រូវជាមុនសិនទើបជាការប្រសើរ។

២. ព័ត៌មានមិនសូវពាក់ព័ន្ធ

អ្នកមិនអាចប្រើប្រាស់ប្រវត្តិរូបមួយសម្រាប់ដាក់ការងារច្រើនផ្សេងៗពីគ្នានោះទេ។ អ្នកគួរណាបន្ថែមព័ត៌មានដែលថ្មីជានិច្ច ពីព្រោះថាការងារនីមួយៗមិនដូចគ្នានោះទេ វាទាមទារជំនាញ លទ្ធភាព និងលក្ខខណ្ឌខុសៗគ្នា។ ដូច្នេះអ្នកត្រូវរៀបចំប្រវត្តិរូបឱ្យសមស្របទៅតាមលក្ខខណ្ឌដែលការងារនោះចង់បាន។

៣. បង្ហាញព័ត៌មានដែលសំខាន់ខុសកន្លែង

ការបង្ហាញព័ត៌មានសំខាន់មិនចំកន្លែង ឬពិបាកក្នុងការរកមើល ក៏ជាមូលហេតុដែលអ្នកមិនត្រូវបានគេជ្រើសរើសផងដែរ។ ឧទាហរណ៍៖ ព័ត៌មានទាក់ទងនឹងជំនាញ សមត្ថភាព និងបទពិសោធន៍ការងារដែលនិយោជក ឬអ្នកជ្រើសរើសបុគ្គលិកចង់ដឹងខ្លាំង បែរជាស្ថិតនៅទំព័រទីពីរទៅវិញ។

៤. រៀបចំលំហូរព័ត៌មានមិនបានល្អ

ប្រសិនបើអ្នកប្រើប្រាស់ទំរង់ប្រវត្តិរូបដែលមិនសមស្របជាមួយស្ថានភាពរបស់អ្នក វានឹងធ្វើឱ្យព័ត៌មានដែលអ្នកសរសេរមានភាពរប៉ាត់រប៉ាយឥតសណ្តាប់ធ្នាប់។ ដូច្នេះអ្នកគួររៀបចំលំហូរព័ត៌មានតាមលំដាប់លំដោយប្រកបដោយភាពទាក់ទាញ ឈ្លាសវៃ និងច្នៃប្រតិដ្ឋ។

អត្ថបទដោយ៖ ហូ ពេជ្រមោនីតា

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ វិធីសាស្ត្រប្រមាញ៉ការងារ