ការជំរុញទឹកចិត្តយុវជនឱ្យចូលរួមក្នុងកិច្ចការសង្គម

សង្គមជាតិមួយអាចរីកចម្រើនទៅបាន អាស្រ័យទៅលើកោសិកានៃសង្គមនោះដែរ។ ប្រសិនបើមិនមាន ឬខ្វះការជំរុញទឹកចិត្តឱ្យបានត្រឹមត្រូវនិងចំគោលដៅ សង្គមនោះពិបាកដើរទៅមុខរួចណាស់។ ក្នុងនោះ យុវជនគឺជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងសង្គម ដូច្នេះតើយើងត្រូវធ្វើយ៉ាងណាទើបអាចឱ្យយុវជនចូលរួមក្នុងសកម្មភាពឬកិច្ចការសង្គមយ៉ាងសកម្មនិងពោរពេញទៅដោយសាមគ្គីភាពបាន?

ខាងក្រោមនេះជាចំណុចដែលត្រូវធ្វើមួយចំនួនដើម្បីសម្រេចនូវទិសដៅនេះ៖

១. យុវជនត្រូវមានចិត្តស្រលាញ់កិច្ចការដែលជួយសង្គម៖ ការងារដែលជួយសង្គមភាគច្រើនគឺជាការងារស្មគ្រចិត្ត ដូច្នេះយើងត្រូវតែកំណត់គោលដៅខ្លួនឯងឱ្យបានច្បាស់លាស់ថា យើងពិតជាស្រលាញ់ និងចង់ជួយការងារនេះមែនទេ? ហើយតើចង់ជួយផ្នែកណា? ចាប់ផ្តើមពីចំណុចណា? តើយើងអាចទទួលបានចំណេះដឹងបន្ថែមពីកិច្ចការនេះបានក្នុងកម្រិតណា?

២. មានការទទួលខុសត្រូវ៖ ក្នុងការបំពេញកិច្ចការអ្វីក៏ដោយ បើខ្វះការទទួលខុសត្រូវ នោះយើងមិនអាចទទួលបានជោគជ័យនោះឡើយ បើទោះបីវាគ្រាន់តែជាការងារសង្គមស្មគ្រចិត្តក៏ដោយ ក៏ការទទួលខុសត្រូវគឺជាអ្វីដែលចាំបាច់បំផុត។. ការទទួលខុសត្រូវនេះរាប់បញ្ចូលទាំងបន្ទុកការងារ វត្តមានក្នុងការចូលរួមជាដើម និងការទទួលខុសត្រូវក្នុងពេលអនុវត្តន៍ការងារដែលអ្នកបំពេញ

៣. អភិវឌ្ឍន៍ខ្លួនឯង៖ នៅពេលដែលយើងសួរថា តើអ្វីជាកម្រៃដែលយុវជនចូលរួមសកម្មភាពការងារទទួលបាន? ចម្លើយនោះគឺ វាបានអនុញ្ញាតឱ្យខ្លួនឯងអាចអភិវឌ្ឍទៅមុខបាន មិនថាសតិអារម្មណ៍ ស្មារតី និងមនសិការក្នុងការស្រឡាញ់សង្គម ហើយចាត់ទុកសង្គមមួយនេះដូចជាផ្ទះរបស់ខ្លួនឯងប្រកបទៅដោយមនោសញ្ចេតនា ទទួលបានចំណេះដឹងថ្មីៗ មានគំនិតចាស់ទុំ ស្គាល់គេស្គាល់ឯងច្រើន និងទទួលបានការស្រលាញ់រាប់អានពីមនុស្សក្នុងសង្គម ដូចពាក្យមួយពោលថា “ធ្វើល្អនឹងសង្គម នោះសង្គមតបស្នងមកអ្នកវិញ។”

រៀបរៀងដោយ៖ កុយ រតនា

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ បណ្ដុំគំនិត ភាគ២