ដើមកំណើតដំបូងរបស់ស្រា

សុរា (ស្រា) គឺជាភេសជ្ជៈមួយប្រភេទដែលត្រូវបានគេធ្វើឡើងមកពីស្រូវ ស្រូវសាលី ទំពាំងបាយជូរ ជាដើម។ តាមជាក់ស្តែង រសជាតិរបស់ស្រាមិនឆ្ងាញ់នោះទេ ព្រោះវាមានរសជាតិល្វីងហើយពិបាកក្នុងការទទួលទានជាទីបំផុត។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាជនជាច្រើនបានយកស្រាធ្វើជាប្រធានបទក្នុងការស្វាគមន៍ក្នុងកម្មវិធីជាច្រើន ដូចជាការជួបជុំគ្នា​ ពិធីខួបកំណើត​ ឡើងគេហដ្ឋានថ្មី ពិធីរៀបអាពាហ៍ពិពាហ៍ សុទ្ធតែដាក់ស្រាដើម្បីទទួលទាន ដែលជាហេតុធ្វើឱ្យការផលិតស្រាមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ​ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរជាមួយនិងរង្វាន់ធំៗជាច្រើនគឺជាការជំរុញស្មារតីឱ្យមនុស្សកាន់តែធ្លាក់ខ្លួនចូលទៅក្នុងគុកនៃដបស្រាកាន់តែជ្រៅ ហើយរង្វេងស្មារតីលែងដឹងខុសត្រូវ។

គ្រឿងស្រវឹងដែលយើងគ្រប់គ្នាហៅថា “សុរា” នេះត្រូវបានគេរកឃើញកាលពីប្រមាណ៧០០០ឆ្នាំមុនគ្រិស្តសករាជ នៅក្នុងអរិយធម៌អេហ្ស៊ីបដំបូង និងនៅក្នុងប្រទេសចិន។ ក្រោយមក ប្រទេសឥណ្ឌា ក៏ចាប់ផ្តើមផលិតស្រាចេញពីអង្ករនៅចន្លោះ ៣០០០ទៅ២០០០ឆ្នាំមុនគ្រិស្តសករាជ។ ​មិនយូរប៉ុន្មាន ប្រទេសក្រិច បានចាប់ផ្តើមផលិតស្រាដែលធ្វើចេញពីទំពាំងបាយជូរ និងទឹកឃ្មុំដំបូងគេបង្អស់នៅលើពិភពលោកនៅឆ្នាំ២៧០០មុនគ្រិស្តសករាជ។​ ក្នុងរយៈពេលត្រឹមតែមួយប៉ប្រិចភ្នែក គ្រឿងស្រវឹងត្រូវបានគេស្គាល់ទូទាំងពិភពលោក។ នៅសតវត្សទី១៦ ស្រាបានដើរតួយ៉ាងសំខានក្នុងការផលិតជាឱសថ។

ស្រា (ប្រភព៖ Abkhaz World)

ទោះបីជាស្រាមានអនុភាពក្នុងការព្យាបាលជំងឺបានមួយចំនួនក៏ពិតមែន ប៉ុន្តែដោយមើលឃើញពីផលអាក្រក់ជាច្រើនក្នុងពេលទទួលទានស្រាលើសកម្រិត ទើបនៅក្នុងឆ្នាំ១៩២០ សហរដ្ឋអាម៉េរិកបានអនុម័តច្បាប់ហាមមិនឱ្យនាំចូលគ្រឿងស្រវឹងចូលក្នុងប្រទេស ហើយហាមឃាត់មិនឳ្យផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងនឹងស្រានៅក្នុងឆ្នាំ១៩៣៣។

រៀបរៀងដោយ៖ នៅ ចន្ធី

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ វិថីឆ្ពោះទៅរកសុភមង្គល ចេញផ្សាយដោយគ្រឹះស្ថានហាតប៊ុក