ហេតុអ្វីបានជាក្រុមហ៊ុនណូគា (Nokia) ទទួលបរាជ័យ?

ណូគា (Nokia) បានក្លាយជាក្រុមហ៊ុនទូរសព្ទដែលលក់ដាច់បំផុតពាសពេញសកលលោកនៅក្នុងខែតុលា ឆ្នាំ១៩៩៨។ នៅចន្លោះឆ្នាំ១៩៩៥ ដល់ ១៩៩៨ ក្រុមហ៊ុន Nokia បានទទួលប្រាក់ចំណូលចាប់ពី១ពាន់លានដុល្លារ រហូតដល់ ៤ពាន់លានដុល្លារ។ នៅសម័យនោះ ទូរសព្ទ Nokia ម៉ូឌែល ១១០០ គឺជាម៉ាកទូរសព្ទដែលពេញនិយមជាងគេ។ វាត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣។ ក្រោយមកទៀត ក្រុមហ៊ុន Apple បានចាប់ផ្តើមបង្ហាញមុខនូវទូរសព្ទម៉ាក Iphone របស់ខ្លួននៅក្នុងឆ្នាំ២០០៧។ បន្ទាប់មក នៅចុងឆ្នាំ២០០៧នោះ ស្ទើរតែពាក់កណ្តាលនៃទូរសព្ទដៃទាំងអស់ដែលបានលក់នៅក្នុងពិភពលោកគឺជាទូរសព្ទរបស់ក្រុមហ៊ុន Nokia នៅខណ:ពេលដែល Iphone មានចំណែកនៅក្នុងទីផ្សារតែ៥ភាគរយប៉ុណ្ណោះ។ នៅក្នុងឆ្នាំ២០១០ Nokia បានចេញលក់ម៉ាកថ្មីមួយទៀតដែលមានឈ្មោះថា Iphone Killer ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ។ គុណភាពក្រុមហ៊ុនបានបន្តធ្លាក់ចុះជារៀងរាល់ឆ្នាំ។ រយ:ពេល៦ឆ្នាំក្រោយមក តម្លៃទីផ្សាររបស់ក្រុមហ៊ុន Nokia បានធ្លាក់ចុះប្រហែល៩០ភាគរយ។ ភាពដុនដាបរបស់ក្រុមហ៊ុន Nokia បានបន្តកើនឡើងខ្ពស់នៅឆ្នាំ២០១១ រហូតដល់ប្រគល់ខ្លួនទៅឱ្យក្រុមហ៊ុន Microsoft នៅក្នុង២០១៣។

ទូរសព្ទណូគាម៉ូឌែល NOKIA 1100 (ប្រភព៖ Cashify)

ខាងក្រោមនេះបង្ហាញពីហេតុផលចំនួន៣ដែលធ្វើឱ្យក្រុមហ៊ុន Nokia ទទួលបរាជ័យ៖

១. បច្ចេកវិទ្យារបស់ក្រុមហ៊ុន Nokia ត្រូវបានវាយលុកដោយ Apple

២. ភាពអាត្មានិយមរបស់អ្នកគ្រប់គ្រងតាមផ្នែកនីមួយៗ

៣. គ្មានទស្សនវិស័យច្បាស់លាស់។

លោក Huy និង លោក Vuori បានរកឃើញថា៖​ “រចនាសម្ព័ន្ធជាច្រើននៃផ្នែកផ្សេងៗមានការលាក់បាំងគ្នាទៅវិញទៅមក។ អ្នកគ្រប់គ្រងកណ្តាលមិនហ៊ានរាយការណ៍អំពីការពិត ដោយសារខ្លាចថ្នាក់លើបណ្តេញចេញ។ ចំណែកថ្នាក់លើវិញ ភ័យខ្លាចការឈ្លានពានពីខាងក្រៅ ក៏ជួយលាក់បាំងគ្នាបន្ត។ ពួកគេបានដឹងយ៉ាងច្បាស់ថា ដើម្បីប្រកួតប្រជែងជាមួយ Apple’s iOS ពួកគេត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីធ្វើកំណែទម្រង់។ ផ្ទុយមកវិញ មេដឹកនាំរបស់ពួកគេភ័យខ្លាចបាត់បង់អ្នកវិនិយោគ អ្នកឧបត្តម្ភ និងអតិថិជន ប្រសិនបើអ្នកទាំងអស់នោះបានដឹងថាបច្ចេកវិទ្យា Nokia ត្រូវបានវាយលុកដោយ Apple។ ដោយសារតែខ្លាចគេមើលស្រាលអំពីសមត្ថភាពរបស់ខ្លួន ទើបណូគាមិនព្រមអភិវឌ្ឍឱ្យទាន់សម័យកាល។ ទីបំផុត ក្រុមហ៊ុន Nokia ក៏បានដួលរលំ។

រឿងរ៉ាវនេះបានបង្រៀនយើងទាំងអស់គ្នាឱ្យចេះទទួលស្គាល់អំពីចំណុចខ្វះខាតរបស់ខ្លួន ហើយបន្តសិក្សារៀនសូត្រជានិច្ច ទោះបីជាយើងមានចំណុចខ្លាំងយ៉ាងណាក៏ដោយ។ មួយវិញទៀត ក្នុងនាមជាអ្នកធ្វើការ ត្រូវចេះរួបរួមគ្នា និងផ្តល់ព័ត៌មានពិតជានិច្ច មិនត្រូវលាក់បាំងគ្នានោះឡើយ។ ចុងក្រោយ ត្រូវចេះដើរឱ្យទាន់សម័យក្នុងសង្គម និងមានការផ្លាស់ប្តូរជានិច្ច។

ប្រភព៖ គេហទំព័រ Medium

ប្រែសម្រួលដោយ៖ គិន ម៉ីហ

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា