អត្ថប្រយោជន៍នៃវិស័យព័ត៌មានវិទ្យានៅក្នុងមុខជំនួញ

យើងទាំងអស់គ្នាសុទ្ធធ្លាប់ប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបរួចមកហើយ សូម្បីតែក្នុងខណៈពេលដែលអ្នកកំពុងអានអត្ថបទមួយនេះ ក៏អ្នកកំពុងតែប្រើប្រាស់ផ្នែកមួយនៃព័ត៌មានវិទ្យាបាត់ទៅហើយ។ ចុះចំពោះការប្រកបមុខជំនួញវិញ តើវិស័យព័ត៌មានវិទ្យាមានតួនាទីអ្វីខ្លះ?

  • ព័ត៌មានវិទ្យា (IT) ផ្តល់សារៈប្រយោជន៍ជាច្រើនដល់ពិភពធុរកិច្ចសកល ហើយវាធ្វើឱ្យស្ថាប័ននីមួយៗធ្វើការបានល្អជាងមុន និងមានផលិតភាពការងារជាអតិបរមា។​
  • តាមរយៈវត្តមាននៃបច្ចេកវិទ្យា អ្នកជំនួញអាចបញ្ចប់ការងារដោយប្រើពេលខ្លីជាងមុន ធ្វើការទាក់ទងបានលឿនជាមុន ​ហើយមានឃ្លាំងផ្ទុកឯកសារបែបអេឡិចត្រូនិចផ្ទាល់ខ្លួនដែលមានសុវត្ថិភាពខ្ពស់និងភាពងាយស្រួល។ ព័ត៌មានវិទ្យា សំដៅលើឧបករណ៍បច្ចេកទេសច្រើនបែបផែនដែលជួយផ្តល់ព័ត៌មានទៅកាន់អ្នកគ្រប់គ្រងហើយគេប្រើព័ត៌មានទាំងនោះដើម្បីធ្វើការសម្រេចចិត្តយ៉ាងហ្មតចត់ដោយផ្នែកលើគោលការណ៍នៃស្ថាប័ននោះ។
  • វិស័យព័ត៌មានវិទ្យាបានបង្កើតប្រព័ន្ធអេឡិចត្រូនិចសម្រាប់ផ្ទុកទិន្នន័យនៃក្រុមហ៊ុនអ្នក និងរក្សាសុវត្ថិភាពលើឯកសារអតិថិជនរបស់អ្នក។​ បច្ចេកទេសកុំព្យូទ័របានធ្វើឱ្យពិភពជំនួញមានការផ្លាស់ប្តូរជាខ្លាំង។ អ្នកជំនួញប្រើព័ត៌មានវិទ្យាដើម្បីឱ្យការងាររបស់ពួកគេដំណើរការបានកាន់តែរលូន។ ប្រព័ន្ធផ្ទុកទិន្នន័យរក្សាទុកព័ត៌មានឱ្យមានសុវត្ថិភាពដោយអនុញ្ញាតិឱ្យតែបុគ្គលិកពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនរបស់អ្នកប៉ុណ្ណោះ ដែលអាចចូលប្រើឯកសារអ្នកបាន។ ប្រព័ន្ធសុវត្ថិភាពការពារឯកសាររបស់អ្នកពីការលួចចូលឬបំផ្លាញនៅពេលមានបញ្ហាបច្ចេកទេសនានា។
  • បច្ចេកវិទ្យា IT ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពក្រុមហ៊ុនរបស់អ្នកដោយបង្កើតដំណើរការស្វ័យប្រវត្ដិដើម្បីទទួលបន្ទុកជំនួសបុគ្គលិករបស់អ្នក។ លើសពីនេះបុគ្គលិករបស់អ្នកមានសេរីភាពក្នុងការធ្វើការលើអ្វីផ្សេងទៀត ខណៈពេលដែលកុំព្យួទ័រអាចសម្រួលការងាររបស់ពួកគេបានមួយចំនួនធំ ។
  • លើសពីនេះទៅទៀត ប្រព័ន្ធព័ត៌មានវិទ្យាអនុញ្ញាតឱ្យអ្នកចូលប្រើប្រព័ន្ធដំណើរការអេឡិចត្រូនិចរបស់ក្រុមហ៊ុនអ្នកពីចម្ងាយ ដូច្នេះអ្នកអាចធ្វើការពីផ្ទះឬនៅតាមផ្លូវបាន។ ភាពងាយស្រួលនេះអនុញ្ញាតឱ្យយើងបង្កើនផលិតភាពការងារ ពីព្រោះយើងនៅតែអាចបញ្ចប់ការងារបានសូម្បីតែពេលដែលយើងមិននៅក្នុងការិយាល័យក៏ដោយ។ ការប្រាស្រ័យទាក់ទងគឺជារឿងចាំបាច់សម្រាប់ពិភពធុរកិច្ច ហើយបច្ចេកវិទ្យាព័ត៌មានផ្តល់ឱ្យក្រុមហ៊ុនរបស់អ្នកនូវលទ្ធភាពក្នងការទំនាក់ទំនងយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាព។ ​អ្នកអាចទាក់ទងបុគ្គិលរបស់អ្នកតាមរយៈអ៊ីម៉ែល ការប្រជុំបែបនិម្មិតជាដើម ដូច្នេះពួកគេនៅតែអាចទំនាក់ទំនងគ្នានិងធ្វើជំនួញបានយ៉ាងមានប្រសិទ្ធភាព។

ប្រភព៖ គេហទំព័រ Medium

ប្រែសម្រួលដោយ៖ ថា ជាវៃ

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ បណ្ដុំគំនិត ភាគ២