ស្វែងយល់ពីប្រព័ន្ធរើសអើងពូជសាសន៍អាផាថាយ “Apartheid System”

១. តើអ្វីទៅជាប្រព័ន្ធរើសអើងពូជសាសន៍ ឬ ប្រព័ន្ធអាផាថាយ “Apartheid System”?

– ប្រព័ន្ធអាផាថាយ គឺជាគោលនយោបាយនៃការរើសអើងជាតិសាសន៍របស់អាហ្វ្រ៊ិកខាងត្បូង ដែលចាប់ផ្តើមពីឆ្នាំ ១៩៤៨ ដល់ឆ្នាំ ១៩៩៤។ អាផាថាយ មានន័យថា “ភាពដាច់ដោយឡែកពីគ្នា” នៅក្នុងភាសាអាហ្វ្រ៊ិក “Afrikaans” ដែលជាភាសាមួយនិយាយដោយជនជាតិស្បែកសអាហ្វ្រ៊ិកខាងត្បូង។

២. តើប្រព័ន្ធនេះកើតឡើងដោយរបៀបណា?

– សតវត្សរ៍ទី១៥ បណ្តាប្រទេសអឺរ៉ុបបានធ្វើអាណានិគមទៅលើប្រទេសអាហ្វ្រ៊ិកដោយបានឈ្លានពានដណ្តើមទឹកដីយកមកកាន់កាប់ គៀងគរធនធាន និងប្រជាជនអាហ្វ្រ៊ិកស្បែកខ្មៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកប្រទេសទាំងនោះ។

– ជនជាតិស្បែកសបានចាប់មកតាំងទីលំនៅ និងរស់នៅក្នុងទ្វីបអាហ្វ្រ៊ិកខាងត្បូងយូរៗទៅក៏បានវិវត្តខ្លួនទៅជាជនជាតិអាហ្វ្រ៊ិក។ ហើយនៅចុងសតវត្សរ៍ទី១៩ ចក្រភពអង់គ្លេសក៏បានកាន់កាប់អាហ្វ្រ៊ិកខាងត្បូង។

– ឆ្នាំ ១៩១០ ប្រទេសអាហ្វ្រ៊ិកបានទទួលឯករាជ្យ ប៉ុន្តែរដ្ឋាភិបាលរបស់ខ្លួននៅតែបន្តគ្រប់គ្រងដោយពួកអឺរ៉ុបស្បែកសដែលមកតាំងលំនៅដដែល។ ពួកគេបានរក្សាជំហយ៉ាងម៉ឺងម៉ាត់ថា មានតែជនជាតិអាហ្វ្រ៊ិកខាងត្បូងស្បែកសប៉ុណ្ណោះដែលទទួលបានឯករាជ្យ ហើយដើម្បីរក្សាអំណាច មានតែពួកស្បែកសប៉ុណ្ណោះដែលមានសិទ្ធិកាន់កាប់ ឬសិទ្ធិបោះឆ្នោតស្ទើរតែទាំងស្រុង។

– ទសវត្សរ៍ឆ្នាំ ១៩៤០ ការរើសអើងពូជសាសន៍បានកើនឡើងជាគំហុក ដែលពេលនោះគណបក្សជាតិ បានឡើងមកគ្រប់គ្រងរដ្ឋាភិបាលអាហ្វ្រ៊ិកខាងត្បូងស្បែកស។ ពួកគេបានអនុម័តច្បាប់ដែលបង្កើតប្រព័ន្ធនៃការរើសអើងជាតិសាសន៍មួយហៅថា “អាផាថាយ”។

– ឆ្នាំ ១៩៤៩ ច្បាប់អាពាហ៍ពិពាហ៍របស់អាហ្វ្រ៊ិកត្រូវបានអនុម័ត ដោយដាក់បម្រាមជាដាច់ខាតមិនឱ្យប្រជាជនដែលមកពីពូជសាសន៍ខុសគ្នារៀបការឡើយ។ លើសពីនេះនៅឆ្នាំ ១៩៥០ ច្បាប់ស្តីពីការចុះបញ្ជីចំនួនប្រជាជនបានបែងចែកប្រជាជនអាហ្វ្រ៊ិកខាងត្បូងទាំងអស់ជា ៣ ក្រុមគឺ៖ ពួកស្បែកខ្មៅឬប៊ែនទូ ពួកស្បែកស និងពួកដែលមានពូជសាសន៍ចម្រុះ។

៣. តើមានអ្វីកើតឡើងក្នុងប្រព័ន្ធមួយនេះខ្លះ?

– ច្បាប់រើសអើងពូជសាសន៍កាន់តែច្រើនត្រូវបានគេអនុម័តឡើង។

– រដ្ឋាភិបាលបានផ្តល់ដីជាង៨០ភាគរយដល់ប្រជាជនស្បែកស។

– ប្រជាជនស្បែកខ្មៅ និងពូជសាសន៍ចម្រុះ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេ ហើយដីធ្លីរបស់ពួកគេត្រូវបានផ្តល់ទៅឱ្យកសិករស្បែកសកាន់កាប់ជំនួសវិញ។

– ជនជាតិអាហ្វ្រ៊ិកខាងត្បូងស្បែកខ្មៅត្រូវបានគេឃុំឃាំងនៅប៊ែនទូស្តេន (តំបន់រស់នៅរបស់ពួកស្បែកខ្មៅ) ដែលនៅដាច់ដោយឡែកពីតំបន់រស់នៅរបស់ពួកស្បែកស។

– នៅពេលដែលពួកស្បែកខ្មៅចង់ចេញចូលតំបន់រស់នៅរបស់ពួកស្បែកស ពួកគេត្រូវការឯកសារអនុញ្ញាតពិសេស បើមិនដូច្នោះគេនឹងត្រូវបានចាប់ខ្លួន។ សូម្បីតែប្រភពទឹក សេវាកម្ម ការដើរហើរផ្សេងៗក៏ត្រូវបានបែងចែកដោយច្បាប់ដែរ។

– មានតែជនជាតិស្បែកសប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យទទួលការអប់រំ និងសិទ្ធិស្វែងរកការងារល្អៗ។ ហើយតំបន់ដែលជនជាតិស្បែកខ្មៅរស់នៅ តែងខ្វះខាតអគ្គិសនី និងគ្រឿងបរិក្ខារជាញឹកញាប់។

– មនុស្សចំនួន ២១ ០០០ នាក់បានស្លាប់ដោយអំពើហិង្សានយោបាយក្នុងកំលុងរបបអាផាថាយ។

៤. ការឆ្លើយតបពីអន្តរជាតិ និងបាតុកម្មផ្សេងៗ

– ឆ្នាំ ១៩៦២ អង្គការសហប្រជាជាតិបានថ្កោលទោសជាផ្លូវការនូវប្រព័ន្ធអាផាថាយ ហើយប្រទេសជាច្រើនបានធ្វើពហិការជំនួញទៅលើប្រទេសអាហ្វ្រ៊ិកខាងត្បូងមួយនេះ។

-ជនជាតិអាហ្វ្រ៊ិកខាងត្បូងស្បែកខ្មៅបាននាំគ្នាចូលរួមក្នុងទម្រង់តស៊ូតវ៉ាជាច្រើនដែលបានរៀបចំឡើងក្នុងន័យបង្ហាញពីការជំទាស់ប្រឆាំង ផ្តើមចេញពីការតវ៉ាអហិង្សារហូតដល់មានដល់ការបះបោរផ្ទុះអាវុធជាដើម។

– ពួកគេក៏បានបង្កើតគណបក្សនយោបាយមួយដែលមានឈ្មោះថាសមាជជាតិអាហ្វ្រ៊ិក (ANC)។

– សមាជិកនៃចលនាតស៊ូដូចជា មេដឹកនាំ ANC លោក នេលសុន ម៉ាន់ដេឡា ត្រូវបានចាប់ខ្លួន និងជាប់គុក ហើយអ្នកខ្លះត្រូវបានគេយកទៅប្រហារជីវិតទៀតផង។

– ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិកបានបន្តដាក់សម្ពាធលើអាហ្វ្រ៊ិកខាងត្បូងឱ្យផ្លាស់ប្តូរប្រព័ន្ធរបស់ខ្លួន។

– ការប្រឆាំងតវ៉ាលក្ខណៈទ្រង់ទ្រាយធំបានបន្តរាលដាលពាសពេញទ្វីបមួយនេះ ហើយរដ្ឋាភិបាលក៏បានឆ្លើយតបទៅនឹងស្ថានការណ៍នេះដោយបានបញ្ជូនកម្លាំងប៉ូលីសបំពាក់ដោយសព្វាវុធដើម្បីតបត។

ការធ្វើបាតុកម្មទាមទារសិទ្ធិសេរីភាព

– មនុស្សជិត ២០០ នាក់ត្រូវបានសម្លាប់ និងជាង ១ ពាន់នាក់បានរងរបួសដោយសារភាពចលាចលដែលបន្តជាច្រើនសប្តាហ៍។ ជាការឆ្លើយតបសហរដ្ឋអាមេរិកបានរារាំងការលក់អាវុធណាមួយទៅរដ្ឋាភិបាលអាហ្វ្រ៊ិកខាងត្បូង ហើយសហគមន៍អន្តរជាតិក៏បន្តដាក់សម្ពាធកាន់តែខ្លាំងរហូតទីបំផុតបានបង្ខំឱ្យប្រទេសនេះធ្វើការផ្លាស់ប្តូរ។

៥. តើមានអ្វីកើតឡើងបន្ទាប់ពីមានការដាក់សម្ពាធពីបណ្តាប្រទេសមួយចំនួន?

– ទសវត្សរ៍ឆ្នាំ ១៩៨០ ប្រធានាធិបតីអាហ្វ្រ៊ិកខាងត្បូងលោក Pieter Willem Botha បានលុបចោលច្បាប់ក្នុងរបបអាផាថាយមួយចំនួន ប៉ុន្តែការកែទម្រង់មិនបានដំណើរការល្អនោះទេ។

– ឆ្នាំ ១៩៨៦ សហរដ្ឋអាម៉េរិក ជប៉ុន និងប្រទេសចំនួន៩ នៅអឺរ៉ុបបានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច  (ជាពិសេសពាណិជ្ជកម្ម) ទៅលើប្រទេសមួយនេះយ៉ាងធ្ងន់ធ្ងរ។ ហើយនៅទីបំផុតប្រធានាធិបតីលោក Botha ត្រូវបានបង្ខំឱ្យលាលែងពីតំណែងតាមការចង់បានរបស់លោក ដឺក្លាក (F. W. de Klerk) ។

– ឆ្នាំ ១៩៩០ លោក ដឺក្លាក បានប្រកាសការផ្លាស់ប្តូរសំខាន់ៗជាលើកដំបូងចាប់តាំងពីការកកើតនូវរបបអាផាថាយ៖ លោក បានដកបម្រាម និងដោះលែង ANC និងគណបក្សនយោបាយជនជាតិស្បែកខ្មៅដទៃទៀត។ ហើយពួកគេក៏បានបង្កើតឱ្យមានសិទ្ធសេរីភាពសារព័ត៌មាន ហើយបានដោះលែងអ្នកទោសនយោបាយជាច្រើនរួមទាំងលោក នេលសុន ម៉ាន់ដេឡា ផងដែរ។

– ក្នុងកំលុងពេលជាប់ពន្ធនាគារលោក ម៉ាន់ដេឡា បានក្លាយជាវីរបុរសដ៏អស្ចារ្យម្នាក់របស់សកម្មជនដែលប្រឆាំងនឹងរបបអាផាថាយមួយនេះនៅជុំវិញពិភពលោក។ លោក និង ANC ក៏បានធ្វើការជាមួយ ដឹក្លាក ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មីសម្រាប់អាហ្វ្រ៊ិកខាងត្បូងផងដែរ។

– ឆ្នាំ ១៩៩២ ប្រទេសនេះបានធ្វើប្រជាមតិមួយ ដែលជាការបោះឆ្នោតគាំទ្រ ឬមិនគាំទ្រ ដើម្បីបញ្ចប់ប្រព័ន្ធអាផាថាយ។ នៅឆ្នាំបន្ទាប់ រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តឡើង ដោយផ្តល់សិទ្ធិឱ្យប្រជាជនអាហ្វ្រ៊ិកខាងត្បូងទាំងអស់មានសិទ្ធិបោះឆ្នោត។

– លោក ម៉ាន់ដេឡា និងលោកដឺក្លាក បានទទួលរង្វាន់ណូបែលសន្តិភាពសម្រាប់កិច្ចប្រឹងប្រែងបស់ពួកគេក្នុងការបញ្ចប់របបមួយនេះ។

លោក ម៉ាន់ដេឡា និងលោកដឺក្លាក ក្នុងពេលទទួលបានរង្វាន់ណូបែលសន្តិភាព

– នៅថ្ងៃទី ២៧ មេសា ឆ្នាំ ១៩៩៤ ការបោះឆ្នោតប្រជាធិបតេយ្យសេរីពេញលេញលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រអាហ្វ្រ៊ិកខាងត្បូងត្រូវបានគេធ្វើឡើង ដែលលោកនេលសុន ម៉ាន់ដេឡា បានឈ្នះឆ្នោតជាប្រធានាធិបតី។ ហើយរៀងរាល់ឆ្នាំថ្ងៃទី ២៧ ខែមេសា ទិវាសេរីភាពរបស់ប្រទេសមួយនេះត្រូវបានគេប្រារព្ធឡើង។

ប្រភព៖ Volkstaat, History, South African History, the Guardian

រៀបរៀងដោយ៖ ហូ ពេជ្រមោនីតា

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅថ្មីរបស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក