រឿងទាំង៥យ៉ាងដែលឪពុកម្ដាយត្រូវធ្វើដើម្បីជួយកូនៗរបស់ខ្លួនដែលមានជំងឺបាក់ទឹកចិត្ត

តើអ្នកធ្លាប់ដឹងទេថា ជំងឺបាក់ទឹកចិត្តក៏កើតមានទៅលើក្មេងៗដែរ? ជាការណ៍ពិតណាស់ មិនមែនមានតែមនុស្សពេញវ័យនោះទេដែលប្រឈមមុខនឹងជំងឺបាក់ទឹកចិត្ត ប៉ុន្តែកុមារក៏ប្រឈមនឹងជំងឺនេះដូចគ្នា។ អតុល្យភាពរវាងសារធាតុគីមីដែលមាននៅក្នុងខួរក្បាលរបស់កុមារ និងកត្តាមួយចំនួនទៀតនាំឱ្យកុមារប្រឈមនឹងជំងឺបាក់ទឹកចិត្ត។ ប៉ុន្តែជាទូទៅ ជំងឺបាក់ទឹកចិត្តចំពោះកុមារមិនសូវជាទទួលបានការយកចិត្តទុកដាក់នោះឡើយ។

ប្រសិនបើអ្នកចាប់អារម្មណ៍ថា កូនៗរបស់អ្នកកំពុងតែប្រឈមនឹងបញ្ហានេះ ក្នុងនាមជាឪពុកម្ដាយ អ្នកគួរតែអនុវត្តនូវវិធីមួយចំនួនដូចខាងក្រោម៖

១. និយាយជាមួយកូនៗរបស់អ្នកពីអារម្មណ៍របស់ពួកគេដោយបង្ហាញពីក្ដីអាណិតអាសូរ

ពេលខ្លះវា​អាចនឹងមានសម្ពាធ ប្រសិនបើអ្នកហៅកូនរបស់អ្នកមកនិយាយទល់មុខគ្នាអំពីអារម្មណ៍របស់ពួកគេ។ ដូច្នេះ ក្រៅពីការធ្វើបែបនេះ អ្នកអាចសាកល្បងនាំពួកគេដើរលេង ឬលេងល្បែងកម្សាន្តផ្សេងៗជាមួយពួកគេ និងអាចនិយាយគ្នាបណ្ដើរ។ ការធ្វើបែបនេះអាចឱ្យកូនៗរបស់អ្នកមានអារម្មណ៍សម្រាក និងបើកចំហរពីអារម្មណ៍ពួកគេបានច្រើនជាងមុនដោយមិនមានសម្ពាធ។ អ្វីដែលសំខាន់ជាងនេះទៅទៀត នៅពេលដែលពួកគេចាប់ផ្ដើមនិយាយពីអារម្មណ៍ខ្លួនឯង អ្នកត្រូវស្ដាប់ដោយបង្ហាញពីក្ដីអាណិតអាសូរ និងមិនត្រូវធ្វើការវិនិច្ឆ័យទៅលើអ្វីដែលពួកគេនិយាយនោះទេ។

២. នាំពួកគេធ្វើសកម្មភាពដែលជួយពួកគេឱ្យសម្រាក និងកាត់បន្ថយភាពតានតឹង

ចំពោះក្មេងតូចៗមានវីធីងាយៗមួយចំនួនដែលជួយឱ្យពួកគេមានអារម្មណ៍ស្ងប់ និងសម្រាក។ សកម្មភាពងាយៗទាំងអស់នោះមានដូចជា ការផាត់ពណ៌ ការគូររូប ការលេងដីខ្សាច់ ឬតុក្កតាជាដើម។ ដូច្នេះ អ្នកត្រូវស្វែងរកមើលសកម្មភាពកម្សាន្តណាដែលកូនរបស់អ្នកចូលចិត្ត និងសាកសមទៅនឹងអាយុរបស់ពួកគេ។

៣. កាត់បន្ថយការចំណាយពេលលើអាក្រង់ទូរស័ព្ទ​ កុំព្យូទ័រ ឬទូរទស្សន៍

បច្ចេកវិទ្យាទំនើបមិនអាចជួយកាត់បន្ថយបញ្ហាបាក់ទឹកចិត្តរបស់កូនៗរបស់អ្នកនោះទេ។ ផ្ទុយទៅវិញ វាអាចកាន់តែធ្វើឱ្យកូនៗរបស់អ្នកគេចចេញពីការបើកចិត្តបង្ហាញពីអារម្មណ៍ចំពោះពួកគេទៅវិញ។ ដូច្នេះ អ្នកគួរតែកាត់បន្ថយម៉ោងដែលកូនៗរបស់អ្នកចំណាយពេលទៅលើការមើលអេក្រង់ដូចជា​ ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ វីដេអូហ្គេម ថេបប្លេត និងគ្រឿងអេឡិចត្រូនិចដទៃទៀតដែលធ្វើឱ្យអ្នក និងកូនរបស់អ្នកមិនអាចទាក់ទងគ្នាទល់មុខបាន។ ផ្ទុយទៅវិញ អ្នកគួរនាំពួកគេធ្វើសកម្មភាពផ្សេងទៀត ជំនួសឱ្យសកម្មភាពលើអេក្រង់ដូចជា ការគូររូប ការជិះកង់ ការដើរលេងនៅខាងក្រៅ -ល-។

៤. ធ្វើជាអ្នកគាំទ្រ និងអ្នកលើកទឹកចិត្តដល់កូនរបស់អ្នក

ចូរបង្ហាញពួកគេនូវក្ដីស្រឡាញ់ ជាជាងកំហឹង នៅពេលដែលកូនរបស់អ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះ។ ដូចនេះ អ្នកត្រូវរក្សាអាកប្បកិរិយាវិជ្ជមានរបស់អ្នក​ដើម្បីឱ្យកូនរបស់អ្នកឃើញពីភាពវិជ្ជមានទាំងនោះដែរ។​ និយាយលើកទឹកចិត្ត និងសសើរពួកគេចំពោះការខំប្រឹងប្រែងដែលពួកគេបានធ្វើកន្លងមក។ លើកទឹកចិត្តឱ្យពួកគេបន្តដំណើរទៅមុខទៀត។

រូបតំណាង (ប្រភព៖ USA Today)

៥.​​ ជួយកូនៗរបស់អ្នកឱ្យអនុវត្តតាមផែនការព្យាបាលដែលបានចែងដោយវេជ្ជបណ្ឌិត ឬពេទ្យចិត្តសាស្រ្ត

រឿងមួយដែលអ្នកគួរធ្វើមិនអាចខានបាននោះ គឺការនាំកូនទៅជួបវេជ្ជបណ្ឌិត ប្រសិនបើអ្នកគិតថាកូនរបស់អ្នកមានជំងឺបាក់ទឹកចិត្ត។ បន្ទាប់ពីនោះហើយ អ្នកត្រូវតែធ្វើឱ្យប្រាកដថា កូនរបស់អ្នកបានលេបថ្នាំ ឬទទួលបានការពិគ្រោះយោបល់ត្រឹមត្រូវ តាមការវិភាគ និងការណែនាំរបស់វិជ្ជបណ្ឌិត។

ប្រភព៖ គេហទំព័រ Lifehack

ប្រែសម្រួលដោយ៖ អម្រិន ពិសី

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា