តើតារានិករគឺជាអ្វី?

យើងប្រហែលជាធ្លាប់បានឮពីមុនមកហើយនូវពាក្យ “តារានិករ” ប៉ុន្តែមិនប្រាកដថាយើងបានដឹងនូវអត្ថន័យរបស់ពាក្យមួយនេះឡើយ។

ដើមកំណើតនៃពាក្យ “តារានិករ” កើតឡើងដោយសារតែមនុស្សសម័យដើមបានកត់សម្គាល់ថា តារាជាច្រើនប្រមូលផ្ដុំគ្នាបង្កើតបានជាតារានិករដែលមានរាងផ្សេងៗគ្នា ខ្លះដូចសត្វ ខ្លះដូចវត្ថុប្រើប្រាស់ ឯខ្លះទៀតដូចមនុស្ស។

ខាងក្រោមនេះគឺជាឈ្មោះតារានិករ ដែលរះលើមេឃតាមខែនីមួយៗនៃឆ្នាំ ៖

⁃ ខែមករា គឺតារានិករចៀមឈ្មោល ( Aries )
⁃ ខែកុម្ភៈ គឺជាតារានិករគោឈ្មោល ( Taurus )
⁃ ខែមិនា គឺជាតារានិករកូនភ្លោះ( Gemini )
⁃ ខែមេសា គឺតារានិករក្តាម ( Cancer )
⁃ ខែឧសភាគឺតារានិករសិង្ហ ( Leo )
⁃ ខែមិថុនា គឺតារានិករស្រីព្រហ្មចារី ( Virgo )
⁃ ខែកក្កដា គឺតារានិករជញ្ជិងថាសពីរ ( Libra )
⁃ ខែសីហា គឺតារានិករខ្យាដំរី ( Scorpius )
⁃ ខែកញ្ញា គឺតារានិករព្រានប្រមាញ់  ( Sagittarius )
⁃ ខែតុលា គឺតារានិករពពែ ( Capricorn )
⁃ ខែវិច្ឆិកា គឺតារានិករអ្នករែកទឹក ( Aquarius )
⁃ ខែធ្នូ គឺតារានិករត្រី  ( Pisces ) ។

រូបតំណាងរបស់តារានិករទាំង១២ (ប្រភព៖ Lunaf.com)

ការកត់សម្គាល់ទៅលើរូបរាងរបស់តារានិករបែបនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សសម័យដើម ព្រោះវាបានផ្ដល់ជាមធ្យោបាយទៅដល់ពួកគេដើម្បីវាស់វែងពេលវេលា។ ក្រៅពីនេះ គេបានប្រើវាដើម្បីទស្សន៍ទាយព្រឹត្តិការណ៍នានាដែលមានសារៈសំខាន់សម្រាប់ការរស់នៅលើភពផែនដី។ ឧទាហរណ៍ ប្រសិនបើគេមើលឃើញតារានិករសិង្ហ (Leo) មានន័យថារដូវដាំដុះនឹងចូលមកដល់។ បើមានតារានិករខ្យាដំរីរះលើមេឃ បញ្ជាក់ថាវាគឺជាវស្សានរដូវ ហើយបើមានតារានិករព្រានប្រមាញ់រះលើមេឃបញ្ជាក់ថា វាគឺជាសិសិររដូវ។
ការកំណត់រដូវដោយប្រើប្រាស់តារាហាក់ពុំសូវត្រឹមត្រូវសម្រាប់មនុស្សរស់នៅតំបន់ដែលមានសីតុណ្ហភាពខុសគ្នាខ្លាំងរវាងវស្សានរដូវនិងសិសិររដូវ។ ប៉ុន្តែសម្រាប់អារ្យធម៌សម័យដើម ដែលស្ថិតនៅក្នុងតំបន់អាកាសធាតុពាក់កណ្ដាលត្រូពិច ភាពខុសគ្នារវាងសីតុណ្ហភាពនេះមានគម្លាតតូច។

រៀបរៀងដោយ៖ គួច គីមហ្គេច

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ មជ្ឈិមបូព៌ា