ហេតុអ្វីបានជាការអេះនៅកន្លែងដែលរមាស់ ធ្វើឱ្យយើងមានអារម្មណ៍ល្អ?

តើអ្នកធ្លាប់ទទួលអារម្មណ៍រមាស់នៅត្រង់ផ្នែកណាមួយនៃរាងកាយដែរឬទេ? ជាទូទៅ ដើម្បីបំបាត់ភាពរមាស់នោះ តើអ្នកតែងតែធ្វើអ្វី?

ការអេះ គឺជាសកម្មភាពម៉្យាងដែលអាចធ្វើឱ្យយើងមានការឈឺចាប់តិចតួច ប៉ុន្តែមូលហេតុដែលយើងអេះ គឺដើម្បីបំបាត់ភាពរមាស់។

អ្នកជំនាញផ្នែកសុខភាព លោក ម៉ាត់ហ្គីល (Mudgil) បាននិយាយថា នៅពេលដែលយើងអេះ គឺយើងបានបញ្ជូនសញ្ញាឈឺចាប់ដែលមានកម្រិតទាបទៅកាន់ខួរក្បាលរបស់យើង។ នៅពេលដែលសញ្ញាឈឺចាប់ទាំងនេះធ្វើដំណើរទៅដល់ខួរក្បាល វាធ្វើឱ្យខួរក្បាលរបស់យើងបំប្លែងពីភាពរមាស់ទៅជាសភាពធម្មតាវិញឬដកហូតភាពរមាស់ចេញពីខ្លួនរបស់យើង ហើយបញ្ចេញសារធាតុសេរ៉ូតូនីន (serotonin) នៅក្នុងខួរក្បាល ដែលជាហេតុធ្វើឱ្យយើងមានអារម្មណ៍ល្អ ។

ប៉ុន្តែសេរ៉ូតូនីន ក៏អាចកំណត់សញ្ញារមាស់ឡើងវិញផងដែរ។ ដូច្នេះហើយ ទើបក្នុងករណីខ្លះ ក្រោយពេលដែលយើងអេះម្ដងរួចហើយ យើងបែរជាកាន់តែរមាស់ជាងមុនទៅទៀត ព្រោះសារធាតុសេរ៉ូតូនីនអាចបង្កើតជាភាពរមាស់មិនចេះចប់មិនចេះហើយថែមទៀតផង។

ប្រភព៖  គេហទំព័រ healthline

ប្រែសម្រួលដោយ៖ គួច គីមហ្គេច

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ ចំណេះដឹងសកល ភាគ១