ហេតុអ្វីទើបបានជាជំនាញផ្នែកទីផ្សារសំខាន់សម្រាប់ការធ្វើជំនួញ?

កិច្ចការផ្នែកទីផ្សារ គឺជាជំនាញដ៏សំខាន់បំផុតមួយនៅក្នុងការធ្វើអាជីវកម្ម។  កិច្ចការផ្នែគទីផ្សារមិនត្រឹមតែធ្វើឱ្យអតិថិជនបានស្គាល់ពីម៉ាកសញ្ញាឬផលិតផលរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កើនការលក់ បង្កើនចំណូលអាជីវកម្ម និងផ្សារភ្ជាប់ជាមួយនឹងអតិថិជនផងដែរ។  ជាទូទៅ មុខងារស្នូលនៃអាជីវកម្មជាច្រើនសុទ្ធតែផ្តើមចេញពីផែនការទីផ្សារល្អ។

ខាងក្រោមនេះ គឺជាហេតុផល៤យ៉ាងដែលធ្វើឱ្យកិច្ចការផ្នែកទីផ្សារមានសារៈសំខាន់សម្រាប់អាជីវកម្មទំនើប៖

១. ផ្តល់ព័ត៌មាន៖

ការធ្វើទីផ្សារមានប្រយោជន៍ក្នុងការធ្វើឱ្យអតិថិជនស្គាល់ពីអ្នក។  មុននឹងទិញផលិតផលណាមួយ អតិថិជនត្រូវមានការយល់ដឹងច្បាស់អំពីលក្ខណសម្បត្តិទូទៅនៃផលិតផលមួយនោះសិន។  ដូច្នេះ ការធ្វើទីផ្សារគឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពបំផុតក្នុងការប្រាស្រ័យទាក់ទងរវាងអ្នកទៅកាន់អតិថិជនរបស់អ្នក នៅក្នុងរបៀបមួយដ៏រីករាយនិងគួរឱ្យចាប់អារម្មណ៍បំផុត។

២. ការរក្សាទំនាក់ទំនង

ការធ្វើទីផ្សារ គឺជាសកម្មភាពមួយដែលគ្រប់អាជីវកម្មទាំងអស់ត្រូវការដើម្បីរក្សានូវទំនាក់ទំនងល្អជាមួយអតិថិជន។  ទីផ្សារមានសារៈសំខាន់ណាស់ព្រោះវាអនុញ្ញាតឱ្យអាជីវករធ្វើការប្រាស្រ័យទាក់ទងយូរអង្វែងនិងផ្សារភ្ជាប់ជាមួយទស្សនិកជនរបស់ពួកគេជានិច្ច។  យុទ្ធសាស្ត្រទីផ្សារល្អអាចជួយឱ្យអាជីវកម្មរបស់អ្នកមានការរីកចម្រើន។

 

៣. បង្កើនការលក់៖

ការធ្វើទីផ្សារ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជួយអ្នកក្នុងការលក់ផលិតផលឬសេវាបស់ខ្លួន។ ជាទូទៅ គោលដៅសំខាន់នៃការធ្វើអាជីវកម្មណាមួយ គឺការស្វែងរកប្រាក់ចំណូល ហើយយុទ្ធសាស្ត្រទីផ្សារនេះហើយដែលអាចនាំអ្នកឈានទៅរកដល់គោលដៅដែលអ្នកកំណត់ទុកនោះបាន។  យោងតាមគេហទំព័រ Creative បានពន្យល់ថា ប្រសិនបើគ្មានការធ្វើទីផ្សារទេ អាជីវកម្មជាច្រើនក៏នឹងមិនមានវត្តមាននោះដែរ ពីព្រោះកិច្ចការផ្នែកទីផ្សារគឺជាកត្តាសំខាន់ដែលជំរុញការលក់។  ប្រាកដណាស់អ្នកត្រូវមានផលិតផលល្អ ប៉ុន្តែប្រសិនបើមនុស្សមិនដឹងអំពីអ្វីដែលអ្នកមាននោះ តើអ្នកអាចបង្កើនការលក់យ៉ាងដូចម្តេច?  និយាយដោយសាមញ្ញ អ្នកមិនអាចលក់ដោយគ្មានកិច្ចការផ្នែកទីផ្សារបាននោះទេ។

៤. ការរីកចម្រើន៖

កិច្ចការផ្នែកទីផ្សារ គឺជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីធានាបាននូវកំណើនអាជីវកម្មរបស់អ្នក។ ការខិតខំប្រឹងប្រែងផ្នែកទីផ្សារអាចជួយអ្នកពង្រីកវិសាលភាពនៃមុខជំនួញរបស់អ្នកបាន។ ការធ្វើទីផ្សារមិនមែនចាំបា់ច់ទាល់តែជាសកម្មភាពដ៏ធំសម្បើមនោះទេ។ ពេលខ្លះ កិច្ចខិតខំប្រឹងប្រែងតិចតួចដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គមមិនត្រឹមតែជាការប្រាស្រ័យទាក់ទងទៅកាន់អតិថិជនដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយដល់អតិថិជនគោលដៅថ្មីៗថែមទៀតផង។  ខ្លឹមសាររបស់ការធ្វើទីផ្សារធានានូវអនាគតអាជីវកម្មរបស់អ្នកតាមរយៈការចូលរួមរបស់អតិថិជនថ្មីនិងចាស់។

ប្រភព៖  គេហទំព័រ Moving Targets

ប្រែសម្រួលដោយ៖ វ៉េង ស៊ីវវៃ

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ៦៩គន្លឹះក្នុងការធ្វើជំនួញ