សៀវភៅគឺជាជំនួយការផ្នែកបញ្ញារបស់អ្នកដោយសារហេតុផលទាំង១០នេះ

អ្នកប្រហែលជាបានធ្លាប់បានឮពីមុនមកហើយថា សៀវភៅគឺជាជំនួយការផ្នែកបញ្ញាដ៏ល្អមួយសម្រាប់មនុស្សគ្រប់រូប អាស្រ័យហេតុនេះហើយទើបមនុស្សយើងត្រូវបានណែនាំឱ្យអានសៀវភៅឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ តើអ្នកឆ្ងល់ទេថា សៀវភៅគឺជាជំនួយការផ្នែកបញ្ញានេះមានអត្ថន័យដូចម្ដេច? ខាងក្រោមនេះ យើងនឹងបង្ហាញឱ្យអ្នកបានដឹងពីហេតុផលចំនួន១០ដើម្បីបកស្រាយនូវចម្ងល់មួយនេះ៖

១.​ ដាស់តឿនសតិអារម្មណ៍

តាមរយៈការអាន អ្នកនឹងទទួលបានព័ត៌មានថ្មីៗទាំងចំណេះដឹងទូទៅនិងការអភិវឌ្ឍខ្លួនដែលដាស់តឿនអ្នកមិនឱ្យភ្លេចខ្លួន ថែមទាំងធ្វើឱ្យអ្នកបង្កើតទម្លាប់ល្អ។ ​ លើសពីនេះទៅទៀត ការអានគឺជាការហាត់ពង្រឹងសុខភាពខួរក្បាលប្រៀបដូចជាអ្នកហាត់ប្រាណដើម្បីពង្រឹងសុខភាពរាងកាយយ៉ាងនោះដែរ។

២.កាត់បន្ថយភាពតានតឹង​ (Stress)

មិនថាអ្នកមានភាពតប់ប្រមល់ ធុញថប់នឹងការងារប្រចាំថ្ងៃរបស់យ៉ាងណា​ ការអានសៀវភៅដ៏ជក់ចិត្តមួយនឹងធ្វើឱ្យអ្នកភ្លេចនូវរឿងសៅហ្មងទាំងនោះ។ សៀវភៅដ៏ល្អនឹងនាំអ្នកទៅកាន់ពិភពថ្មីមួយដែលបានបំបាត់នូវភាពស្មុគស្មាញ ហើយអ្នកនឹងទទួលបាននូវអារម្មណ៍ធូរស្បើយ។

៣. ចំណេះដឹង

រាល់ពេលដែលអ្នកអាន អ្នកនឹងទទួលបានចំណេះដឹងបន្តិចម្តងៗជាបន្តបន្ទាប់។ អ្នកប្រហែលជាមិនដឹងថាចំណេះដឹងរបស់អ្នកកើនឡើងច្រើននៅពេលណា ប៉ុន្តែនៅអ្នកជួបបញ្ហា អ្នកប្រាកដជាអាចដោះស្រាយវាបានដោយប្រើចំណេះដឹងរបស់អ្នក។

យុវតីមួយរូបកំពុងអានសៀវភៅ ចំណេះដឹងសកល

៤. ពង្រឹងការប្រើប្រាស់ពាក្យពេចន៍

កាលណាអ្នកអានកាន់តែច្រើន អ្នកនឹងជួបពាក្យពេចន៍ ឃ្លោងឃ្លាកាន់តែច្រើនហើយអ្នកក៏អាចយកពាក្យពេចន៍ ឃ្លោងឃ្លាទាំងនោះទៅប្រើប្រាស់ថែមទាំងធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តក្នុងការនិយាយស្តី។

៥.​ សមត្ថភាពចងចាំ

នៅពេលដែលអ្នកអាន វាទាមទារឱ្យអ្នកចង់ចាំនូវខ្លឹមសារដែលអ្នកបានអាន ហើយនៅពេលដែលអ្នកជួបនូវរឿងដែលប្រហាក់ប្រហែលនោះនៅក្នុងជីវភាពជាក់ស្តែង ខួរក្បាលរបស់នឹងងាយចាប់បាននិងងាយចងចាំ។

៦.​ មានការគិតពិចារណាខ្ពស់

បើអ្នកអានរឿងប្រលោមលោក អ្នកប្រាកដជាធ្វើការវិភាគទៅលើតួអង្គក៏ដូចជាសាច់រឿងផងដែរ។ បើអ្នកអានសៀវភៅចំណេះដឹងទូទៅអ្នកនឹងទទួលបានចំណេះដឹងផ្សេងៗដែលអាចយកមកពិចារណាលើបញ្ហាផ្សេងៗ។

យុវតីមួយរូបកំពុងអានសៀវភៅថាមពលជីវិត

៧.​ ផ្តោតអារម្មណ៍បានល្អជាងមុន

អ្នកប្រហែលជាមនុស្សម្នាក់ដែលបែងចែកការផ្ដោតអារម្មណ៍របស់អ្នកទៅលើរឿងជាច្រើនក្នុងពេលតែមួយ នោះអាចជាមូលហេតុឱ្យអ្នកងាយឈានដល់ការថប់អារម្មណ៍។​ ប៉ុន្តែនៅពេលអ្នកអានសៀវភៅ អ្នកបានដាក់អារម្មណ៍របស់អ្នកទាំងអស់ទៅក្នុងសាច់រឿងដែលអ្នកកំពុងអាន​ដើម្បីយល់អត្ថន័យរបស់វា ពេលនោះខួរក្បាលរបស់អ្នកក៏អាចចាកឆ្ងាយពីភាពមមាញឹកក្នុងការបែងចែកអាម្មណ៍របស់អ្នក ហើយវានឹងរកឃើញអ្វីដែលអ្នកចង់បាន។

៨. សរសេរសំណេរបានល្អជាងមុន

ចំណុចនេះភ្ជាប់ពីការប្រើប្រាស់ពាក្យពេចន៍ក៏ដូចគ្នានឹងការប្រើប្រាស់អក្ខរាវិរុទ្ធ កាលណាអ្នកអានសៀវភៅច្រើន អ្នកជួបពាក្យកាន់តែច្រើន អ្នកមិនងាយនឹងសរសេរខុសឡើយ។ ម្យ៉ាងវិញទៀតអ្នកអាចរៀនសូត្រពីក្បួនខ្នាតអ្នកនិពន្ធដើម្បីយកមកអភិវឌ្ឍសំណេររបស់អ្នក។

៩.​ ទទួលបាននូវភាពស្ងៀមស្ងាប់

ការអានសៀវភៅអប់រំផ្លូវចិត្តអាចបន្ថយសម្ពាធឈាមនិងធ្វើឱ្យមានអារម្មណ៍ស្ងប់ស្ងៀមខណៈពេលដែលការអានសៀវភៅបែបលើកទឹកចិត្តត្រូវបានបង្ហាញថាអាចជួយមនុស្សដែលទទួលរងបញ្ហាសតិអារម្មណ៍និងជំងឺផ្លូវចិត្តស្រាល។

យុវតីមួយរូបកំពុងអានសៀវភៅ ថាមពលស្ត្រី

១០.​ ជាការកម្សាន្តដែលចំណាយតិច

ការអានសៀវភៅត្រូវបានចាត់ទុកជាការកម្សាន្តអារម្មណ៍ដ៏មានប្រសិទ្ធភាពនិងចំណាយតិចឬមិនបាច់ចំណាយសោះតែម្តងដោយអ្នកអាចខ្ជីសៀវភៅពីបណ្ណាល័យឬមិត្តភក្តិរបស់អ្នក ម្យ៉ាងទៀតអ្នកអាចទាយយកសៀភៅឬអត្ថបទដែលអ្នកចង់អានពីអ៊ិនធឺណិត។ ចំពោះសៀវភៅដែលអ្នកទិញយកមកអានចប់ហើយនោះ អ្នកអាចចែកចាយទៅកាន់អ្នកផ្សេងបាន។

ប្រភព៖ គេហទំព័រ Life Hack

ប្រែសម្រួលដោយ៖ ថា ជាវៃ

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ បណ្ដុំគំនិត ភាគ២