ទីកន្លែងចំនួន៥ដែលអ្នកគួរទៅទស្សនានៅទីក្រុងសេអ៊ូល

ទីក្រុងសេអ៊ូលគឺជារដ្ឋធានីនៃប្រទេសកូរ៉េខាងត្បួង និងជាទីក្រុងដ៏ធំមួយនៅអាស៊ី ហើយក៏ជាទិសដៅដ៏ទាក់ទាញសម្រាប់ការធ្វើដំណើរកម្សាន្តផងដែរ។ ពេលដែលអ្នកធ្វើដំណើរទៅដល់ទីនោះ អ្នកនឹងឃើញនូវទិដ្ឋភាពចម្រុះបែបបុរាណនិងទំនើប ដែលសម្បូរទៅដោយកន្លែងដ៏ទាក់ទាញជាច្រើន។

ខាងក្រោមនេះ គឺជាឈ្មោះទីកន្លែងដ៏គួរឱ្យទាក់ទាញទាំង៥ ដែលអ្នកគួរទៅទស្សនានៅទីក្រុងសេអ៊ូល៖

១. វិមានឆាងដេកហ្គុង (CHANGDEOKGUNG)

វិមាននេះ គឺជាអគារបុរាណដែលធំជាងគេលំដាប់ទី២នៅសេអ៊ូល។ វិមាននេះទទួលបានការពេញនិយមជាពិសេសពីសម្នាក់អ្នកទេសចរ ដោយសារតែវាមាននូវសួនច្បារសម្ងាត់ដ៏ធំមួយនៅខាងក្រៅប្រាសាទ រួមជាមួយនឹងពពួកសត្វកម្រជាច្រើន។ មិនតែប៉ុណ្ណោះ វាក៏ជាកន្លែងដែលប្រជាប្រិយភាពជាពិសេសនៅក្នុងរដូវផ្ការីក។

ប្រភព Tripadvisor

២. ភូមិប៊ុកឆុនហានុក (Bukchon Hanok)

វាគឺជាភូមិដ៏ស្រស់ស្អាតមួយដែលមានផ្ទះបែបកូរ៉េជាង៤០០ខ្នង ដែលគេហៅថាផ្ទះ “ហានុក”។ ភូមិនេះមានហាងកាហ្វេ ភោជនីយដ្ឋាន និងហាងតូចៗដែលលក់នូវស្នាដៃសិប្បកម្មនិងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងៗទៀត។

ប្រភព Sweet escapes

៣. ប៉ម អ៊េន សេអ៊ូល (N Seoul Tower)

ប៉មនេះមានទីតាំងនៅលើភ្នំណាមសាន់ និងជាចំណុចខ្ពស់បំផុតទីពីរបស់ទីក្រុងសេអ៊ូលដែលមានកម្ពស់សរុប២៣៦ម៉ែត្រ។​ អ្នកអាចឡើងទៅប៉មនេះដើម្បីមើលទេសភាពរបស់ទីក្រុងសេអ៊ូលនៅពេលថ្ងៃក៏ដូចជាពេលយប់។ គូស្វាមីភរិយា និងគូសង្សារចូលចិត្តនាំគ្នាទៅប៉មនេះណាស់ ដើម្បីបញ្ជាក់ពីការសន្យាដ៏យូរអង្វែងនៃទំនាក់ទំនងរបស់ពួកគេ។

ប្រភព Kkday Blog

៤. សារមន្ទីរជាតិកូរ៉េ

សារមន្ទីរនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៥ ហើយវាគឺជាសារមន្ទីរដ៏ធំបំផុតរបស់ប្រទេសនៅលើផ្នែកប្រវត្តិសាស្រ្ដនិងសិល្បៈរបស់ប្រទេសកូរ៉េ។ សារមន្ទីរនេះមានភ្ញៀវទេសចរចូលមកទស្សនាប្រចាំឆ្នាំជាង៣លាននាក់ ជាហេតុធ្វើឱ្យទីតាំងមួយនេះក្លាយទៅទីកន្លែងដែលមានភ្ញៀវទេសចរច្រើនបំផុតលំដាប់ទី៣នៅអាស៊ី។

ប្រភព HiSoUR

៥. ប្រាសាទចូហ្គីអេសា (Jogyesa)

ប្រាសាទនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៣៩៥ នៅដើមរជ្ជកាលស្ដេចចូសុន។ វាគឺជាប្រាសាទដ៏ធំនិងសំខាន់ជាងគេមួយក្នុងព្រះពុទ្ធសាសនារបស់កូរ៉េខាងត្បូង។

ប្រភព Korea Tourism Organization

ប្រភព៖ គេហទំព័រ The Culture Trip

ប្រែសម្រួលដោយ៖ នៅ ស្រីនិច

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ បណ្ដុំគំនិត ភាគ២