មេរៀនជីវិតទាំង៥ដែលយើងអាចរៀនសូត្របានពីខ្សែភាពយន្តDisney

មានហេតុផលជាច្រើនដែលធ្វើឱ្យពួកយើងចូលចិត្តទស្សនាខ្សែភាពយន្តរបស់ Disney ហើយមិនដែលមានអារម្មណ៍ធុញទ្រាន់នឹងវានោះឡើយ។ ប៉ុន្តែអ្វីដែលសំខាន់ ខ្សែភាពយន្តរបស់ Disney មិនត្រឹមតែមានភាពកំប្លុកកំប្លែង និងផ្ដល់ឱ្យយើងនូវអារម្មណ៍សប្បាយរីករាយប៉ុណ្ណោះទេ វាថែមទាំងបង្កប់នូវតម្លៃអប់រំ និងមេរៀនជីវិតដ៏មានតម្លៃសម្រាប់បំផុសគំនិតបុគ្គលគ្រប់រូបផងដែរ។

ខាងក្រោមនេះគឺជាមេរៀនសំខាន់ៗដែលត្រូវបានចងភ្ជាប់ដើម្បីឱ្យអ្នកបន្តដំណើរទៅមុខក្នុងគ្រាលំបាកក្នុងជីវិត ដែលត្រូវបានដកស្រង់ចេញមកពីខ្សែភាពយន្តរបស់ Disney៖

១- កំណត់គោលដៅរបស់អ្នកឱ្យខ្ពស់ – តាមរយៈរឿង Toy Story (1995)

នៅក្នុងរឿង Toy Story នៅពេលដែល Buzz ចូលក្នុងបន្ទប់ក្មេងលេងរបស់ Andy ដំបូងគាត់ជឿជាក់ថាគាត់ជាអនុរក្សអវកាសពិតប្រាកដដែលអាចហោះហើរ និងវាយប្រហារសត្រូវដោយប្រើកាំភ្លើងឡាស៊ែររបស់គាត់។ ទោះបីជាមានការសង្ស័យពី Woody ដែលពោរពេញទៅដោយការច្រណែនក៏ដោយ ក៏ Buzz បានប្តេជ្ញាថានឹងហោះហើរ និងជួយសង្គ្រោះសកលលោកពីអធិរាជអាក្រក់ឱ្យបាន។ ទោះបីជាគាត់បាត់បង់ទំនុកចិត្តនៅពេលដែលគាត់ដឹងថាគាត់មិនមែនជា Buzz Lightyear ពិតប្រាកដក៏ដោយ ក៏នៅទីបំផុតគាត់បានលើកទឹកចិត្តខ្លួនឯង ហើយបានហោះទៅសង្គ្រោះមិត្តភក្តិរបស់គាត់។

ដូចគ្នានេះដែរ អ្នកគួរតែកំណត់គោលដៅរបស់អ្នកឱ្យខ្ពស់ដូចដែល Buzz បានធ្វើ។  អ្នកត្រូវតែក្លាហាន និងជឿជាក់លើសមត្ថភាពរបស់អ្នក។

រឿង Toy Story (ប្រភព៖ Hollywood Reporter)

២- ត្រូវតែបន្តទៅមុខ កុំព្រមចុះចាញ់ –  តាមរយៈរឿង Finding Nemo (2003)

ដូចដែលយើងបានដឹងហើយថា ក្នុងខ្សែភាពយន្តរឿង Finding Nemo បានពិពណ៌នាអំពី Marlin និង Dory ដែលបានបំពេញបេសកកម្មដើម្បីស្វែងរក Nemo។ នៅពេលនោះ Doryមានការព្រួយបារម្ភជាខ្លាំងនៅពេលដែលវាបានធ្វើបាត់របាំងមុខ P. Sherman ដែលអាចនាំផ្លូវឱ្យពួកគេទៅរក Nemo បាន។ បន្ទាប់មក Dory បានអូស Marlin ទៅសមុទ្រជ្រៅដែលនៅទីបំផុតពួកគេបានរកឃើញរបាំងមុខ ព្រមទាំងជួបឧបសគ្គជាច្រើនដូចជាមានការយាយីពីសំណាក់ត្រីឆ្លាមជាដើម។

តម្លៃអប់រំនៃរឿង៖ នៅពេលដែលអ្នកចាប់ផ្តើមគិតថាវាចប់ វាប្រហែលគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ដូច្នេះនៅពេលដែលអ្នកប្រឈមមុខនឹងភាពលំបាកក្នុងជីវិត អ្នកមិនគួរបោះបង់ចោលនោះទេ ហើយចងចាំជានិច្ចថានៅទីបញ្ចប់អ្វីៗនឹងប្រសើរឡើង។ ប្រសិនបើវាមិនទាន់ប្រសើរឡើង វាក៏មិនមែនជាទីបញ្ចប់ទេ។

រឿង Finding Nemo (ប្រភព៖ Los Angeles Times)

៣- ការតស៊ូព្យាយាមគឺជាគន្លឹះនៃភាពជោគជ័យ – តាមរយៈរឿង The Princess and The Frog (2009)

ពេញមួយជីវិតរបស់ Tiana គឺនាងតែងតែធ្វើតាមដំបូន្មានឪពុករបស់នាងដើម្បីសម្រេចក្ដីសុបិនរបស់នាងក្នុងការបង្កើតភោជនីយដ្ឋានផ្ទាល់ខ្លួន។ នាងខំធ្វើការជាអ្នករត់តុសម្រាប់ភ្ញៀវក្នុងស្រុកចំនួនពីរនាក់ទាំងយប់ទាំងថ្ងៃ។ នាងស្ទើរតែមានលទ្ធភាពទិញភោជនីយដ្ឋាននោះបាត់ទៅហើយ ប៉ុន្តែភោជនីយដ្ឋាននោះត្រូវបានគេតម្លើងថ្លៃ។ ដូច្នេះនាងបានសំរេចចិត្តដើរផ្លូវកាត់ក្នុងការសម្រេចក្តីសុបិនរបស់នាង ដោយការថើបកង្កែបដែលនិយាយប្រាប់នាងថាគាត់គឺជាព្រះអង្គម្ចាស់មកពីគ្រួសារអ្នកមាន ហើយនាងនឹងទទួលបានរង្វាន់សម្រាប់ការជួយគាត់។ ប៉ុន្តែផែនការនេះបានប្រែទៅជាជំនួសឱ្យការផ្លាស់ប្តូរកង្កែបត្រលប់ទៅជាព្រះអង្គម្ចាស់ រីឯ Tiana ក៏ប្រែកាយទៅជាកង្កែបទៅវិញ។

ដូចដែលអ្នកបានឃើញ ផ្លូវកាត់ទៅរកភាពជោគជ័យមិនមែនជាមធ្យោបាយល្អទេ ព្រោះវាច្រើនតែនាំមកនូវការភ្ញាក់ផ្អើលដែលនឹកស្មានមិនដល់។ អ្នកមិនត្រូវពឹងផ្អែកលើមនុស្សម្នាក់ទៀតដើម្បីទទួលបានភាពជោគជ័យនោះទេ ហើយមធ្យោបាយតែមួយគត់ដើម្បីសម្រេចក្តីសុបិនរបស់អ្នកគឺការខិតខំ និងធ្វើការដោយមិនខ្លាចនឿយហត់។

រឿង The Princess and the Frog (ប្រភព៖ MickeyBlog.com)

៤- ក្លាហានក្នុងការស្វែងរកអ្វីដែលថ្មី – តាមរយៈរឿង Tangled (2010)

បន្ទាប់ពីត្រូវបានចាប់ពង្រត់ដោយស្ត្រីម្នាក់ដែលក្លែងខ្លួនជាម្តាយរបស់នាង នាង Rapunzel មិនដែលឈានជើងជាន់នៅខាងក្រៅប៉មដែលជាកន្លែងដែលនាងត្រូវបានបង្ខំឱ្យរស់នៅក្នុងរយៈពេល១៨ឆ្នាំនោះទេ។ ម្ដាយក្លែងក្លាយរបស់នាងតែងប្រាប់នាងថា ពិភពលោកនៅខាងក្រៅគឺគួរឱ្យខ្លាច និងគ្មានសុវត្ថិភាពទេ។ ប៉ុន្តែការចង់ដឹងចង់ឃើញរបស់ Rapunzel គឺជារឿងដ៏ល្អបំផុតរបស់នាង នៅពេលនាងចង់ស្វែងរកអត្ថន័យនៅពីក្រោយពន្លឺដ៏ស្រស់ស្អាតនៅលើមេឃដែលនាងអាចមើលឃើញជារៀងរាល់ឆ្នាំ។ ដូច្នេះ នៅទីបំផុតនាងបានសម្រេចចិត្តចាកចេញពីប៉មនៅពេលម្តាយរបស់នាងនៅឆ្ងាយ។ ដំណើរផ្សងព្រេងរបស់នាងអនុញ្ញាតឱ្យនាងជួបប្រទះនូវរឿងថ្មីៗជាច្រើនខណៈពេលដែលកំពុងរៀនសូត្រពីខ្លួននាង ហើយទីបំផុតនាំនាងទៅរកការពិតដែលនាងមិនបានដឹង។

រឿងនេះបង្ហាញថា ការបំពេញភារកិច្ចដែលអ្នកមិនធ្លាប់បានធ្វើ អាចធ្វើឱ្យអ្នកភ័យ។ ប៉ុន្តែដើម្បីកែលម្អ និងអភិវឌ្ឍខ្លួនយើងឱ្យរីកចម្រើន យើងត្រូវរៀនបើកចិត្តឱ្យទូលាយ និងមានភាពក្លាហានក្នុងការព្យាយាមធ្វើអ្វីដែលថ្មី។ អ្នកមិនដឹងថាសក្តានុពលពិតរបស់អ្នកអាចជាអ្វីនោះទេ។

រឿង Tangled (ប្រភព៖ The Courier Online)

៥- យើងគឺជាអ្នកកំណត់ជោគវាសនារបស់យើងដោយខ្លួនយើងផ្ទាល់ – តាមរយៈរឿង Ratatouille (2007)

Remy គឺជាសត្វកណ្តុរដ៏អស្ចារ្យមួយដែលមានសន្ទុះលូតលាស់ខ្ពស់ និងស្រឡាញ់ចំណីអាហារដូចជាជីវិត។ គាត់ត្រូវបានបំផុសគំនិតដោយមេចុងភៅ Gusteau ដែលជាមេចុងភៅដ៏ល្បីល្បាញនៅប៉ារីស។ ទោះបីជាឪពុករបស់ Remy មិនយល់ស្របនឹងក្តីសុបិនរបស់ Remy ដើម្បីធ្វើជាមេចុងភៅក៏ដោយ ក៏គាត់នៅតែបន្តធ្វើតាមក្ដីសុបិនរបស់គាត់ដែរ។ នៅទីបំផុត Remy ក៏បានសម្រេចនូវគោលដៅរបស់ខ្លួន។

ដូច្នេះ អ្នកគួរតែធ្វើតាមសភាវគតិរបស់អ្នក ហើយបន្តចំណង់ចំណូលចិត្តរបស់អ្នក ទោះបីជាមាននរណាម្នាក់និយាយ ឬរារាំងអ្នកក៏ដោយ ក៏ត្រូវចងចាំជានិច្ចថា អ្នកគឺជាសត្រូវដ៏ធំបំផុតរបស់អ្នកហើយជោគវាសនារបស់អ្នកត្រូវបានកំណត់ដោយអ្នក។ ដូច្នេះហើយអ្នកគួរកំណត់គោលដៅ និងដេញតាមក្តីសុបិនរបស់អ្នកដោយគ្មានភាពស្ទាក់ស្ទើរទើបទទួលបានជោគជ័យ។

រឿង Ratatouille (ប្រភព៖ The New York Times)

ប្រភព៖ គេហទំព័រ EduAdvisor

ប្រែសម្រួលដោយ៖ ឡេង ហេឡេន

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ​ សុភក្ត្រា