ហេតុអ្វីបានជាសត្វរញីធ្វើសកម្មភាពយឺតៗជាងគេបែបនេះ?

អ្នកទាំងអស់គ្នាប្រាកដជាបានដឹងហើយថា សត្វរញី (Sloth) គឺជាសត្វដែលមានសភាពយឺតយ៉ាវខ្លាំងណាស់ ពោលគឺគ្រប់សកម្មភាពទាំងអស់ដែលវាធ្វើសុទ្ធសឹងតែស្ថិតក្នុងល្បឿនយឺតបំផុត ហើយចំណាយពេលយ៉ាងយូរ។ តួយ៉ាង វាត្រូវការចំណាយពេល៥នាទីដើម្បីឆ្លងផ្លូវ។

មូលហេតុដែលសត្វនេះមានសភាពយឺតយ៉ាវជាងសត្វណាៗទាំងអស់ គឺដោយសារតែរបបអាហាររបស់ពួកវាគឺជាស្លឹកឈើងាប់ៗ ហើយថាមពលដែលពួកវាទទួលបានពីអាហារដែលបានស៊ីគឺមានចំនួនតិចតួចបំផុត ឬស្ទើរតែគ្មាន ព្រោះស្លឹកឈើដែលងាប់មានថាមពលតិចតួចណាស់ ហើយក៏ពិបាកក្នុងការទាញយកថាមពលដែរ។

ទាក់ទងជាមួយនឹងការរំលាយអាហារដ៏យឺតៗរបស់វាវិញ នេះក៏ដោយសារតែក្រពះរបស់សត្វរញីមានទំហំធំណាស់ (ទំហំមួយភាគបីនៃរាងកាយរបស់វា) ដែលជាហេតុនាំឱ្យការរំលាយអាហារត្រូវការរយៈពេល៥ទៅ៧ថ្ងៃ ហើយអាចឈានចូលដល់ច្រើនសប្តាហ៍ឯណោះ។ ការរំលាយអាហារដ៏យឺតបែបនេះ គឺជាហេតុដែលបណ្ដាលឱ្យដំណើរការបម្លែងអាហារទៅជាថាមពលស្ថិតក្នុងសភាពយឺតយ៉ាវដូចគ្នា។

ម៉្យាងវិញទៀត ការប្រើកម្លាំងតិចៗរបស់សត្វរញី (ការធ្វើចលនាយឺតៗ) គឺដើម្បីរក្សាសីតុណ្ហភាពរាងកាយរបស់វា។ ដូច្នេះ ដើម្បីកុំឱ្យខ្ជះខ្ជាយកម្លាំង សត្វរញីរស់នៅលើដើមឈើស្ទើរតែគ្រប់ពេលតែម្ដង ហើយគ្រាន់តែចុះទៅលើដីម្ដងម្កាលដើម្បីបន្ទោរបង់ ឬប្ដូរទៅដើមឈើមួយផ្សេងទៀត។ ពួកវាភាគច្រើនចំណាយពេលទៅលើការស៊ីអាហារ និងដេកតែប៉ុណ្ណោះ។

សត្វអាញី (ប្រភព៖ WalesOnline)

ដូចដែលយើងបានដឹងហើយថា សាច់ផ្ដល់ថាមពលឲ្យយើងបានច្រើនជាងស្លឹកឈើ។ ចំណែកឯសត្វស៊ីស្លឹកដទៃទៀតដែលអាចធ្វើសកម្មភាពបានលឿន និងរហ័សរហួនជាងសត្វអាញីនោះ ក៏ដោយសារពួកគេបានបន្ថែមនូវគ្រាប់ធញ្ញជាតិឬផ្លែឈើទៅក្នុងរបបអាហារបស់ពួកគេដែលអាចផ្ដល់នូវកម្លាំងបន្ថែម។ ប៉ុន្តែសត្វរញីមិនបានបន្ថែមដូចសត្វដទៃឡើយ ដែលជាហេតុធ្វើឲ្យវាមានសភាពយឺតយ៉ាវយ៉ាងនេះ។

ប្រភព៖  គេហទំព័រ All You Need Is Biology

ប្រែសម្រួលដោយ៖ គួច គីមហ្គេច

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា