តើបទចម្រៀងរបស់ក្រុមតារាកូរ៉េ BTS បានបង្កប់នូវមេរៀនជីវិតអ្វីខ្លះ?

លោកអ្នកប្រាកដជាធ្លាប់បានស្គាល់ និងឮពីក្រុមតារាចម្រៀងកូរ៉េខាងត្បូង BTS ឬ Bulletproof Boy Scouts ដែលប្រមូលផ្តុំទៅដោយតារាចម្រៀងយុវវ័យស្អាតសង្ហា ហើយមានឈ្មោះបោះសំឡេង និងមានអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក។ ក្នុងនោះផងដែរ សមាជិកនៃក្រុមអ្នកគាំទ្ររបស់ BTS ដែលគេហៅថា ARMYs បានចែករំលែកនូវមេរៀនជីវិតចំនួន ៥ ក្នុងចំណោមមេរៀនជីវិតដ៏មានតម្លៃជាច្រើនទៀតដែលពួកគេទទួលបាននៅក្នុងតន្ត្រី និងខ្លឹមសារនៃបទចម្រៀងទាំងអស់របស់ក្រុម BTS។ មេរៀនជីវិតទាំង៥នោះរួមមាន៖

១. កុំភ័យខ្លាចក្នុងការប្រឆាំងតបនឹងការប្រព្រឹត្តមិនសមហេតុផលនៅក្នុងសង្គម

ពិភពលោកនេះប្រៀបបានជាកន្លែងដែលគួរឱ្យភ័យខ្លាច រួមទាំងសង្គមជាតិ និងរដ្ឋាភិបាលផងដែរ។ យើងរស់នៅក្នុងទីកន្លែងមួយដែលត្រូវបានគេបញ្ជាឱ្យធ្វើតាម ប៉ុន្តែ BTS គឺជាសំឡេងមួយក្នុងចំណោមសំឡេងដទៃទៀតនៅក្នុងសម័យថ្មីនេះ ដែលមិនមានភាពភ័យខ្លាចក្នុងការបញ្ចេញមតិតាងនាមឱ្យជនរងគ្រោះនិងជនបាត់បង់ឱកាសនោះទេ ជាពិសេសយុវជន។ ការផ្លាស់ប្តូរអី្វមួយគួរចាប់ផ្តើមពីឫសគល់ ដោយពួកយើងមិនត្រូវបន្តដំណើរជាមួយត្រីដែលស្អុយទៅហើយនោះទេ។ ជាក់ស្តែង ក្រុម BTS បានបង្រៀនថាវាមិនមែនជាបញ្ហាចោទនោះទេក្នុងការសួរនាំពីកំហុស និងបន្តស្វែងរកភាពស្អាតស្អំឡើយ។

បទចម្រៀងដែលលោកអ្នកគួរស្វែងយល់ពីខ្លឹមសារនេះបន្ថែមរួមមាន Am I Wrong, N.O., Crow Tit/ Silver Spoon (Baepsae), Spine Breaker, 21st Century Girls, Can You Turn Off Your Phone?

ក្រុមBTS (ប្រភព៖ GRAMMY)

 ២. ផ្តល់តម្លៃដល់ក្រុមគ្រួសារ​ និងមិត្តភក្តិរបស់អ្នក

ក្រុម BTS តែងតែក្រើនរំឭកឱ្យពួកយើងផ្តល់តម្លៃ និងសារៈសំខាន់សម្រាប់មនុស្សដែលពួកយើងស្រឡាញ់ និងបង្កើតនូវទំនាក់ទំនងដ៏ជាមួយពួកគេ។ ជាក់ស្តែង គំរូដ៏ល្អមួយរបស់លោក Taehyung គឺលោកមិនដែលភ្លេចឡើយនូវការអរគុណ និងផ្តល់កិត្តិយសដល់ឪពុកម្តាយ និងជីដូនជីតារបស់ខ្លួន នៅពេលលោកសម្រេចបាននូវអ្វីមួយ។ ដូច្នេះ យើងត្រូវអរគុណទៅកាន់មនុស្សដែលតែងតែនៅជាមួយយើងមិនថាក្នុងស្ថានភាពវិជ្ជមាន ឬអវិជ្ជមាននោះទេ ជាពិសេសទៅកាន់មនុស្សដែលតែងតែផ្តល់កម្លាំងចិត្ត និងផ្តល់ការគាំទ្រជាដរាបចំពោះយើង។

បទចម្រៀងដែលលោកអ្នកគួរស្វែងយល់ពីខ្លឹមសារនេះបន្ថែមរួមមាន Begin, Stigma, MAMA, Spring Day, Move

៣. មិនប្រកាន់ចំពោះបុគ្គលដែលមិនគាំទ្រយើង

ក្នុងការរស់នៅ យើងចៀសមិនផុតនោះទេពីទទួលរងនូវការឈ្នានីសឬច្រណែននិន្ទាពីមនុស្សអវិជ្ជមាន។ ជាដំណោះស្រាយ ពួកយើងគួរតែព្យាយាមចាកចេញពីក្រុមមនុស្សទាំងនោះ ពោលគឺមិនចាំបាច់ខ្វល់ខ្វាយអ្វីនោះឡើយ។ ក្រុមមនុស្សទាំងនោះគ្រាន់តែចង់ទទួលបានការចាប់អារម្មណ៍ ហើយនៅពេលដែលពួកយើងតបតកាន់តែខ្លាំង ពួកគេកាន់តែតាំងខ្លួនជាមនុស្សអស្ចារ្យ។ ដូច្នេះ ត្រូវផ្តោតលើអ្វីដែលនាំឱ្យពួកយើងដើរទៅរកភាពជោគជ័យវិញ។

បទចម្រៀងដែលលោកអ្នកគួរស្វែងយល់ពីខ្លឹមសារនេះបន្ថែមរួមមាន We On, Not Today, We are Bulletproof Pt. 2, Fire, Intro: Nevermind, 2! 3! (Hoping for More Good Days to Come), Cypher series

៤. បន្តកី្តស្រមៃខណៈដែលលោកអ្នកកំពុងរីករាយនឹងជីវិតយុវវ័យ

យុវភាពរបស់មនុស្សគឺជាពេលវេលាដ៏ស្រស់បំព្រងបំផុតនៅក្នុងខ្សែជីវិត។ ដូច្នេះ ត្រូវផ្តល់តម្លៃឱ្យរាល់ពេលវេលា ឱកាស និងដំណើរផ្សងព្រេង ដែលជាសេចក្តីត្រូវការរបស់បេះដូង។ ត្រូវស្វែងរកពីគោលបំណងក្នុងជីវិត បំពេញនូវសេចក្តីត្រូវការ និងបន្តក្តីស្រមៃរបស់អ្នក។ មានមនុស្សជាច្រើនមិនជឿទេថា BTS អាចធ្វើបានមកដល់ពេលនេះ។ ការសម្រេចបានមកនេះគឺដោយសារតែក្រុមបានប្រើប្រាស់គន្លឹះទាំងនោះជាកត្តាជំរុញទឹកចិត្ត។

បទចម្រៀងដែលលោកអ្នកគួរស្វែងយល់ពីខ្លឹមសារនេះបន្ថែមរួមមាន Tomorrow, Epilogue: Young Forever, First Love, Outro: WINGS, No More Dream, Dope, Lost

ទស្សនៈមួយរបស់លោក គីម ណាំជូន សមាជិកក្រុមBTS (ប្រភព៖ សៀវភៅ “បរាជ័យ” របស់ហាតប៊ុក)

៥. ស្រឡាញ់ខ្លួនឯង

មេរៀនជីវិតដែលសំខាន់ជាទីបំផុត គឺក្តីស្រឡាញ់ដែលអ្នកមានចំពោះខ្លួនអ្នក។ យើងមិនអាចផ្តល់ក្តីស្រឡាញ់ទៅកាន់អ្នកដទៃទេ ប្រសិនបើអ្នកមិនបានផ្តល់ក្តីស្រឡាញ់ចំពោះខ្លួនឯងជាមុនសិន។ នៅពេលដែលក្រុម BTS និយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួន ក្រុមនេះតែងតែក្រើនរំឭកដល់អ្នកគាំទ្រថា ត្រូវមើលថែខ្លួនឯង ផ្លូវចិត្ត ផ្លូវអារម្មណ៍ឱ្យបានល្អ ពីព្រោះរបស់ទាំងនេះពិតជាសំខាន់ណាស់ក្នុងការសម្រេចនូវក្តីស្រមៃក្នុងជីវិតម្នាក់ៗ។ ដូច្នេះ ត្រូវបង្កើតស្នាមញញឹមនៅលើវិថីជីវិតរបស់អ្នក ព្រោះជីវិតរបស់អ្នកមានតែមួយគត់ប៉ុណ្ណោះ ហើយត្រូវចាំថាអ្នកមិនមែនដើរតែម្នាក់ឯងនៅក្នុងជីវិតនេះនោះទេ។

បទចម្រៀងដែលលោកអ្នកគួរស្វែងយល់ពីខ្លឹមសារនេះបន្ថែមរួមមាន Whalien 52, Reflection, Awake, Fun Boys, A Supplementary Story: You Never Walk Alone

ប្រភព៖ maryloveskorea

ប្រែសម្រួលដោយ៖ ឆេង ភត្រា

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា – ឡេង ហេឡេន

បញ្ជាក់៖ សម្រាប់គោលបំណងនៃការចុះផ្សាយអត្ថបទមួយនេះ មិនមែនពួកយើងកំពុងព្យាយាមផ្សព្វផ្សាយពីវប្បធម៌បរទេស ហើយបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាមិនឱ្យគាំទ្រវិស័យសិល្បៈខ្មែរនោះទេ ប៉ុន្តែពួកយើងចង់ធ្វើការចែករំលែកឱ្យអ្នកទាំងអស់គ្នាបានយល់ដឹងពីមេរៀនជីវិតដ៏ល្អដែលយើងអាចរៀនសូត្របានពីក្រុមតារាចម្រៀងកូរ៉េដ៏ល្បីលំដាប់ថ្នាក់ពិភពលោកមួយនេះ។ ម៉្យាងវិញទៀត យើងក៏ចង់ឱ្យអ្នកទាំងអស់គ្នាធ្វើការបើកចិត្តឱ្យទូលាយ និងព្យាយាមសិក្សារៀនសូត្រពីអ្វីដែលល្អៗ ជាពិសេសគឺបញ្ឈប់ការរិះគន់ដោយគ្មានមូលដ្ឋានទៅលើក្រុមតារាចម្រៀងកូរ៉េមួយនេះ រួមទាំងអ្នកគាំទ្ររបស់ពួកគេផងដែរ។

សៀវភៅ បរាជ័យ របស់គ្រឹះស្ថានបោះពុម្ពផ្សាយហាតប៊ុក