ស្វែងយល់ពីបញ្ហាកម្រិតជាតិស្ករទាបក្នុងឈាម

ប្រសិនបើបរិមាណនៃជាតិគ្លុយកូសក្នុងឈាមរបស់អ្នកថយចុះក្រោម ៧០ មីលីក្រាមក្នុងមួយដេស៊ីលីត (mg/dl) នេះគឺជាសញ្ញាណដែលបង្ហាញថាអ្នកកំពុងជួបនូវបញ្ហាជាតិស្ករក្នុងឈាមថយចុះ ឬជាតិស្ករក្នុងឈាមទាប។ បញ្ហានេះអាចកើតឡើងបាន ប្រសិនបើមនុស្សម្នាក់ប្រើអាំងស៊ុយលីនអស់ច្រើនជាងបរិមាណដែលពួកគេត្រូវការសម្រាប់ស្ថានភាពជាក់លាក់ណាមួយ។ វាជារឿងចាំបាច់ណាស់ក្នុងការយល់ដឹងពីរោគសញ្ញាដំបូងនៃការថយចុះជាតិស្ករក្នុងឈាម ព្រោះបញ្ហាសុខភាពមួយនេះអាចរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យអ្នកប្រកាច់និងសន្លប់បាន។ ទោះជាយ៉ាងណាក៏ដោយនៅដំណាក់កាលដំបូងវាងាយស្រួលក្នុងការព្យាបាល។

រោគសញ្ញានៃការថយចុះជាតិស្ករក្នុងឈាមរួមមាន៖

  • ឃ្លានខ្លាំង
  • វិលមុខ
  • ស្រវាំងភ្នែក
  • ញ័រទ្រូង
  • ចង្វាក់បេះដូងលោតលឿន
  • ស្លេកស្លាំង
  • មានអារម្មណ៍រវើរវាយ
  • បែកញើស

ប្រសិនបើរោគសញ្ញាមានលក្ខណៈស្រាល មនុស្សច្រើនតែអាចដោះស្រាយបញ្ហាកម្រិតជាតិស្ករក្នុងឈាមទាបនេះបានដោយការទទួលទាន៖

  • ស្ករគ្រាប់រឹងពីរឬបីគ្រាប់
  • ទឹកក្រូចមួយពែង
  • ទឹកឃ្មុំមួយស្លាបព្រា
  • ទទួលទានថ្នាំគ្រាប់គ្លុសកូស

បន្ទាប់មកគេគួររង់ចាំ ១៥ នាទី មុនធ្វើតែសស្ករក្នុងឈាមទៅលើអ្នកជំងឺម្ដងទៀត ហើយប្រសិនបើវានៅទាបពួកគេគួរតែលេបគ្លុយកូសម្ដងទៀត។ នៅពេលកម្រិតជាតិស្ករត្រឡប់ទៅខ្ពស់ជាង ៧០ មីលីក្រាម / dl វិញ អ្នកជំងឺគួរតែបរិភោគអាហារដើម្បីរក្សាកម្រិតជាតិស្កររបស់ពួកគេឱ្យមានស្ថិរភាព។ ប្រសិនបើពួកគេនៅតែមានកម្រិតជាតិស្ករទាបក្នុងរយៈពេល១ម៉ោងឬយូរជាងនេះ ឬប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ អ្នកគួរតែនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ។ សម្រាប់អ្នកដែលមានការថយចុះជាតិស្ករក្នុងឈាមជាញឹកញាប់ឬធ្ងន់ធ្ងរគួរតែពិគ្រោះជាមួយគ្រូពេទ្យ។

ប្រភព៖ គេហទំព័រ Medical News Today

ប្រែសម្រួលដោយ៖ នៅ ស្រីនិច

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅថ្មីរបស់ហាតប៊ុក ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង