មេរៀនទាំង៥ដែលជំងឺកូវីដ១៩បានបង្រៀនដល់ប្រជាជនកម្ពុជា

អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់ច្បាស់មកហើយអំពីជំងឺកូវីដ១៩ ដែលជាជំងឺផ្លូវដង្ហើមដ៏កាចសាហាវ និងបានសម្លាប់ប្រជាជនរាប់លាននាក់ នៅលើពិភពលោក។ ជំងឺនេះបានកើតឡើងដំបូងនៅក្នុងទីក្រុងអ៊ូហាន នៃប្រទេសចិន។ ចំពោះប្រជាជនកម្ពុជាក៏បានទទួលរងគ្រោះដោយសារជំងឺនេះដែរ ប៉ុន្តែមិនមានករណីស្លាប់ណាមួយបានកើតឡើងនោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺជំងឺនេះបានផ្តល់ជាមេរៀនឱ្យប្រជាជនកម្ពុជាបានយ៉ាងច្រើនទៀតផង៖

១. បង្រៀនឲ្យប្រជាជនចេះលាងដៃនឹងសាប៊ូ ឬទឹកអាកុលសម្អាតមេរោគ នៅពេលពួកគេចេញពីបង្គន់ មុនពេលចាប់ចំណីអាហារ និងនៅក្នុងទីសាធារណៈជាដើម ដែលកាលពីពេលមុនមិនសូវឃើញមាននោះឡើយ។

ប្រភព៖ Unicef

២. បង្រៀនឲ្យប្រជាជនចេះពាក់ម៉ាស់  ការពារធូលីដី មេរោគផ្សេងៗ នៅពេលពួកគេធ្វើដំណើរឆ្ងាយ ឬទៅទីកន្លែងដែលមានមនុស្សច្រើន អ្វីដែលពិសេសជាងនេះទៀតនោះ គឺពួកគេក៏បានប្រើប្រាស់ក្រមា ដែលបានចូលរួមជួយថែរក្សា វប្បធម៌ ប្រពៃណីរបស់ខ្លួនតាំងពីបុរាណមកផងដែរ។

ប្រភព៖ rfa 

៣. បង្រៀនឲ្យប្រជាជនកម្ពុជាងាកមករកអត្តសញ្ញាណជាតិរបស់ខ្លួន៖ កាលពីមុនប្រជាជនមួយចំនួនធំបានជ្រើសរើសយកការចាប់ដៃដើម្បីជាការរាក់ទាក់នៅពេលជួបគ្នា ដោយពួកគេលែងខ្វល់ខ្វាយ ឬភ្លេច អំពីការសំពះដែលជាអត្តសញ្ញាណជាតិបានបន្សល់ទុកតាំងពីបុរាណកាលមក ប៉ុន្តែលុះដល់ជំងឺកូវីដ១៩បានចូលមកដល់ ប្រជាជនក៏ភ្ញាក់រលឹកនឹកឃើញអត្តសញ្ញាណរបស់ខ្លួន និងយកការសំពះជំនួសឲ្យការចាប់ដៃវិញម្តង។

ប្រភព៖ Popular Magazine

៤. បង្រៀនឲ្យប្រជាជនកម្ពុជាចេះគ្រប់គ្រងការចំណាយរបស់ខ្លួនបានល្អជាងមុន៖ ដោយសារជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រាក់ចំណូលរបស់ពួកគេ មានការធ្លាក់ចុះ ដូច្នេះនៅពេលចំណាយទៅលើអ្វីក៏ដោយ ពួកគេតែងមានការគិតច្បាស់លាស់​ ចំណាយទៅលើអ្វីដែលចាំបាច់ មិនចំណាយផ្តេសផ្តាសនោះឡើយ។

៥. បង្រៀនឲ្យសិក្សានុសិស្សចេះសិក្សាដោយខ្លួនឯង(ស្វ័យសិក្សា)៖ ដោយសារជំងឺកូវីដ១៩ បានរីករាលដាលចូលមកដល់ប្រទេសកម្ពុជាដែរ ដូច្នេះសាលាក៏ត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។ នៅអំឡុងពេលសាលាកំពុងបិទ សិក្សានុសិស្សទាំងឡាយត្រូវតែសិក្សានៅផ្ទះដោយខ្លួនឯង ហើយការសិក្សាបែបនេះហើយដែលធ្វើឲ្យពួកគេយល់អំពីសារៈសំខាន់នៃការសិក្សាដោយខ្លួនឯង មិនចាំបាច់ពឹងពាក់លើគ្រូបង្រៀនតែមួយមុខ ដូច្នេះពួកគេបានស្វែងរកនូវវិធីសាស្រ្តរៀនថ្មីដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែល្អប្រសើរ។ នៅពេលពួកគេចូលរៀនវិញ អត្រានៃសិស្សដែលសិក្សាដោយខ្លួនឯង ហើយប្រឹងប្រែងរៀនជាងមុនអាចនឹងមានកម្រិតខ្ពស់។

ឥឡូវនេះចំនួនមនុស្សដែលឆ្លងជំងឺកូវីដ១៩នៅប្រទេសកម្ពុជា​ត្រូវបានព្យាបាលជាសះស្បើយស្ទើរតែទាំងអស់ ហើយការឆ្លងក៏មានកម្រិតទាប ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សូមយើងទាំងអស់គ្នាត្រូវបន្តការពារ និងរក្សាអនាម័យជាប់ជានិច្ច និងកុំភ្លេចខ្លួន ឬមានការធ្វេសប្រហែសចំពោះវាឡើយ ព្រោះជំងឺនេះអាចត្រឡប់មកវិញគ្រប់ពេលដោយសារការធ្វេសប្រហែលរបស់យើង ដូចសុភាសិតខ្មែរមួយបានលើកឡើងថា”ការពារប្រសើរជាងព្យាបាល”​។

អត្ថបទដោយ៖ លក់ តុងអេង(ទឹកភ្លៀង)

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា