រឿងទាំង៧យ៉ាងដែលអ្នកត្រូវធ្វើប្រសិនបើអ្នកចង់ក្លាយជាឪពុកម្ដាយដ៏ល្អម្នាក់

រឿងពីរក្នុងចំណោមរឿងដ៏ពិបាកបំផុតនៅក្នុងពិភពលោក គឺការចិញ្ចឹមបីបាច់មនុស្ស និងធ្វើជាឪពុកម្ដាយដ៏ល្អម្នាក់។ ការធ្វើជាឪពុកម្ដាយដ៏ល្អម្នាក់មិនត្រឹមតែគ្រាន់តែបង្កើតកូនប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវចិញ្ចឹមបីបាច់ពួកគេប្រកបដោយក្ដីស្រឡាញ់ ទំនួលខុសត្រូវ ក្ដីអាណិតអាសូរ ចេះគិតគូរ និងគោរពពួកគេផងដែរ។ ដូច្នេះខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកត្រូវចង់ចាំទុកដើម្បីធ្វើជាឪពុកម្ដាយដ៏ល្អម្នាក់៖

១. ស្ដាប់៖ អ្នកមិនត្រូវគ្រប់គ្រង ឬសម្រេចចិត្តតែម្នាក់ឯងទៅលើផ្លូវដើររបស់ពួកគេទេ។ អ្នកត្រូវរៀនស្ដាប់យោបល់ពួកគេ និងអ្វីដែលពួកគេចង់បាន។

២. ផ្ដល់ក្ដីស្រឡាញ់ដែលឥតព្រំដែន៖ អ្នកត្រូវផ្ដល់ក្ដីស្រឡាញ់ និងធ្វើឱ្យពួកគេមានអារម្មណ៍ថាមានសុភមង្គលជារៀងរាល់ថ្ងៃ។ ក្ដីស្រឡាញ់ដែលឥតព្រំដែនជាក្ដីស្រឡាញ់ដែលអ្នកមានឱ្យពួកគេជារៀងរាល់ថ្ងៃ និងជាក្ដីស្រឡាញ់ដែលផ្ដល់ឱ្យដោយពុំត្រូវការអ្វីត្រឡប់មកវិញ។ ក្ដីស្រឡាញ់ដែលឥតព្រំដែនអាចធ្វើឱ្យអ្នកនិងកូនមានចំណងដ៏រឹងមាំមួយ និងធ្វើឱ្យកូនរបស់អ្នកមានសុខុមាលភាពផ្លូវចិត្តល្អផងដែរ។

៣. បង្រៀនដោយធ្វើជាគំរូ៖ កូនៗស្ដាប់ និងមើលអ្នកជារៀងរាល់ថ្ងៃ។ ដូច្នេះប្រសិនបើអ្នកចង់បង្រៀនពួកគេ អ្នកត្រូវធ្វើជាគំរូដល់ពួកគេ។ ឧទាហរណ៍ ប្រសិនបើអ្នកចង់ឱ្យពួកគេញ៉ាំអាហារសុខភាព អ្នកមិនត្រឹមតែប្រាប់ពួកគេប៉ុណ្ណោះទេ តែអ្នកខ្លួនឯងត្រូវធ្វើជាគំរូដោយញ៉ាំអាហារសុខភាពឱ្យពួកគេមើលជារៀងរាល់ថ្ងៃ។

រូបតំណាង (ប្រភព៖ USA Today)

៤. ចំណាយពេលជាមួយពួកគេឱ្យបានញឹកញាប់៖ ការទុកកូនអ្នកចោល អាចបង្កើតគម្លាតរវាងអ្នកនិងកូនរបស់អ្នក។ ក្មេងៗត្រូវការការស្រឡាញ់ និងភាពកក់ក្ដៅពីឪពុកម្ដាយ។ ដូច្នេះទោះជារវល់យ៉ាងណាក៏ដោយ អ្នកគួរតែឆ្លៀតពេលនៅជាមួយពួកគេជារៀងរាល់ថ្ងៃដើម្បីបន្ថែមភាពកក់ក្ដៅឱ្យពួកគេ។

៥. ធ្វើតាមអ្វីដែលអ្នកបានសន្យា៖ ការគោរពពាក្យសន្យារបស់អ្នកនឹងធ្វើឱ្យកូនៗរបស់អ្នកទុកចិត្ត និងមានជំនឿចិត្តមកលើអ្នក។ ពួកគេនឹងជឿថាអ្វីដែលអ្នកនិយាយ អ្នកនឹងធ្វើវាយ៉ាងពិតប្រាកដ។ ការធ្វើបែបនេះមិនត្រឹមតែបង្កើនក្ដីស្រឡាញ់រវាងអ្នក និងកូនៗរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងអាចក្លាយជាគម្រូដល់ល្អមួយដែលធ្វើឱ្យពួកគេធំឡើងដោយការទទួលខុសត្រូវផងដែរ។

៦. សុំទោសពួកគេបើចាំបាច់៖ មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ធ្វើខុស។ ឪពុកម្ដាយមួយចំនួនតែងតែភ្លេចសុំទោសនៅពេលដែលពួកគេធ្វើខុសចំពោះកូនរបស់គេ។ អ្នកអាចនឹងធ្វើឱ្យគិតថាអ្នកបាត់បង់អំណាចរបស់អ្នកនៅពេលអ្នកនិយាយពាក្យសុំទោស។ ប៉ុន្តែវាមិនដូច្នោះទេ ការសុំទោសនឹងធ្វើឱ្យកូនរបស់អ្នកមានកាន់តែគោរព និងស្និទ្ធជាមួយអ្នកថែមមួយកម្រិតទៀត ព្រោះពួកគេជឿថាអ្នកជាមនុស្សមានទំនួលខុសត្រូវ និងជាមនុស្សដែលគួរឱ្យគោរព។

រូបតំណាង (ប្រភព៖ Informationdiary)

៧. អនុញ្ញាតឱ្យកូនរបស់អ្នកធ្វើអ្វីដែលពួកគេចង់ធ្វើ៖ ម្ដងទៀត ការចិញ្ចឹមបីបាច់កូនមិនមែនជាការគ្រប់គ្រងជីវិតរបស់ពួកគេនោះទេ។ វាជាជិវិត និងផ្លូវដើររបស់ពួកគេ។ អ្នកមិនអាចបង្ខំ និងបដិសេធលើការចង់បានរបស់ពួកគេឡើយ ព្រោះនេះមិនមែនជាជីវិតរបស់អ្នកឡើយ។ ដូច្នេះសូមអនុញ្ញាតឱ្យពួកគេធ្វើអ្វីដែលពួកគេស្រឡាញ់។ អ្វីដែលអ្នកគួរធ្វើ គឺត្រូវធ្វើជាគំរូ និងអ្នកត្រួសត្រាយផ្លូវឱ្យពួកគេដើរ។

ប្រភព៖ គេហទំព័រ Lifehack

ប្រែសម្រួលដោយ៖ អម្រិន ពិសី

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា