មេរៀនជីវិតទាំង៥ដែលអ្នកអាចរៀនសូត្រពីសត្វសុនក (ឆ្កែ)

តើអ្នកដឹងទេ សត្វសុនក (ឆ្កែ) មិនមែនជាសត្វដែលអត់ប្រយោជន៍ដូចអ្វីដែលមនុស្សមួយចំនួនគិតនោះទេ។ ផ្ទុយទៅវិញវាជាសត្វមួយប្រភេទដែលមានអត្តចរិតល្អ ដែលអាចឱ្យយើងរៀនសូត្រពីពួកវាបាន។ ខាងក្រោមនេះគឺជាមេរៀនជីវិតមួយចំនួនដែលយើងអាចរៀនសូត្រពីសត្វឆ្កែ៖

១. ភាពស្មោះត្រង់៖ ជាការពិតណាស់ ឆ្កែគឺជាសត្វដែលស្មោះត្រង់ជាមួយអ្នក។ មិត្តភាពរបស់វានឹងនៅជាមួយមនុស្សដែលចិញ្ចឹមបីបាច់វារហូត។ ទោះបីជាពេលខ្លះអ្នកធ្លាក់ក្នុងដំណាក់កាលមួយដែលអស់អ្វីរលីងចេញពីខ្លួន សត្វឆ្កែរបស់អ្នកនឹងនៅទីនោះជាមួយអ្នក នៅពេលដែលគេគ្រប់គ្នាបោះបង់អ្នកចោល។ ហើយនេះជារឿងមួយដែលមនុស្សគួរតែរៀនសូត្រតាមនៅពេលរាប់អានមិត្តភក្តិ។

២. ធ្វើជាខ្លួនឯង៖ សត្វឆ្កែចូលចិត្តធ្វើជាខ្លួនឯង។ សត្វឆ្កែមិនដែលខ្វល់ពីអ្វីដែលសត្វដទៃគិតទៅលើវាឡើយ។ បើសិនជាវាសប្បាយ វានឹងបង្ហាញថាវាសប្បាយ ប៉ុន្តែបើវាកើតទុក្ខវានឹងបង្ហាញថាវាកើតទុក្ខ។ លក្ខណៈនេះទើបធ្វើឱ្យវាជាសត្វដែលគួរឱ្យស្រឡាញ់សម្រាប់មនុស្សមួយចំនួន។ ដូច្នេះយើងក៏អាចធ្វើខ្លួនគួរឱ្យស្រឡាញ់តាមរយៈការធ្វើជាខ្លួន​ឯងដូចសត្វឆ្កែផងដែរ។

សត្វសុនក (ឆ្កែ)

៣. លេង៖ ចំពោះសត្វឆ្កែ វាមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតនោះទេ។ មិនថាវាមានអាយុ១ឆ្នាំ ឬ១២ឆ្នាំនោះទេ ដរាបណាវាអាចលេងបាន វានឹងលេង។ សម្រាប់មនុស្ស រាងកាយយើងត្រូវការការធ្វើចលនា និងការបន្តដំណើរទៅមុខរហូតពេញមួយជីវិត។ ការលេងនៅទីនេះមានន័យថាជាការលេងកីឡា ដែលធ្វើឱ្យរាងកាយយើងរឹងមាំ។ ដូច្នេះសូមកុំខ្វល់ពីអ្វីដែលអ្នកដទៃគិតអី។ ជីវិតខ្លីណាស់ ដូច្នេះលេងអ្វីដែលល្អសម្រាប់សុខភាព និងធ្វើឱ្យអ្នកសប្បាយរីករាយ។

៤. លើកលែងទោស៖ សត្វឆ្កែខឹងមិនបានយូរនោះទេ។ ប្រសិនបើអ្នកមិនដាក់ចំណីឱ្យវា វានឹងមិនសប្បាយចិត្តតែមួយភ្លែតប៉ុណ្ណោះ។ បន្តិក្រោយមកវានឹងត្រឡប់មកដូចដើមជាមួយអ្នកវិញដដែល។ ចុះអ្នកវិញ? តើអ្នកគុំគួននៅពេលដែលនរណាម្នាក់ធ្វើឱ្យអ្នកឈឺចាប់មែនទេ? ការគុំគួនមិនបានជួយអ្វីក្រៅពីធ្វើឱ្យអ្នកពិបាកចិត្តតែម្នាក់ឯងនោះទេ។ ដូច្នេះដើម្បីរកក្ដីសុខឱ្យជីវិត អ្នកគួរតែធ្វើដូចសត្វឆ្កែ។ អ្នកគួរតែបំភ្លេចការគុំគួនទាំងនោះ និងលើកលែងទោសឱ្យអ្នកដែលធ្វើឱ្យអ្នកឈឺចាប់ នោះជីវិតរបស់អ្នកនឹងស្រស់បំព្រង។

សត្វសុនក (ឆ្កែ)

៥. ស្រឡាញ់ដោយគ្មានលក្ខខណ្ឌ៖ ការស្រឡាញ់ដោយគ្មានលក្ខខណ្ឌកើតឡើងនៅពេលដែលអ្នកស្រឡាញ់នរណាម្នាក់ដោយមិនខ្វល់ថាគេមានរូបរាងដូចម្ដេច គេរស់នៅក្នុងផ្ទះបែបណា មានឡានជិះឬអត់ និងជីវិតរបស់ម្នាក់នោះជួបរឿងអ្វីខ្លះនោះទេ។ នេះជាអ្វីដែលឆ្កែស្រឡាញ់ម្ចាស់របស់វា។ សត្វឆ្កែស្រឡាញ់ដោយមិនខ្វល់ថាពីរូបរាង និងជីវភាពរបស់ម្ចាស់វានោះទេ ដរាបណាម្ចាស់វាធ្វើល្អ ផ្ដល់ក្ដីស្រឡាញ់ដល់វា និងធ្វើឱ្យវាមានអារម្មណ៍កក់ក្ដៅ។ ដូច្នេះយើងក៏គួររៀនសូត្រពីសត្វឆ្កែបានដែរ។ ចូរកុំស្រឡាញ់នរណាម្នាក់ដោយសាររូបរាង និងទ្រព្យសម្បត្តិរបស់គេព្រោះរបស់ទាំងអស់នោះគ្រាន់តែជារបស់ក្រៅខ្លួន និងបណ្ដោះអាសន្នប៉ុណ្ណោះ។

ប្រភព៖ គេហទំព័រ Homeo Animal

ប្រែសម្រួលដោយ៖ អម្រិន ពិសី

ពិនិត្យនិងចុះផ្សាយដោយ៖ ស៊ូ សុភក្ត្រា

សៀវភៅ វិថីឆ្ពោះទៅរកសុភមង្គល ចេញផ្សាយដោយគ្រឹះស្ថានហាតប៊ុក