អត្ថប្រយោជន៍នៃការធ្វើដំណើរកម្សាន្ត

ជាទូទៅ ការធ្វើដំណើរកម្សាន្តអាចធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរនិងរីករាយជាងមុន។ ខាងក្រោមនេះ យើងនឹងបង្ហាញឱ្យអ្នកបានដឹងលម្អិតអំពីអត្ថប្រយោជន៍នៃការធ្វើដំណើរកម្សាន្ត៖

១)ការធ្វើដំណើរបានបង្រៀនអ្នកឱ្យស្គាល់ពិភពលោក

ពិភពលោកគឺជាសៀវភៅមួយក្បាល ហើយអ្នកដែលមិនបានធ្វើដំណើរ គឺប្រៀបបានដូចជាបានអានសៀវភៅនោះតែមួយទំព័រប៉ុណ្ណោះ” -(Saint Augustine )។ ជាទូទៅ ការធ្វើដំណើរអាចបង្រៀនអ្នកបានច្រើនជាងវគ្គសិក្សានៅសាកលវិទ្យាល័យ។ ជាពិសេស អ្នកអាចរៀនអំពីវប្បធម៌នៃប្រទេសដែលអ្នកបានទៅលេង។ ប្រសិនបើអ្នកនិយាយជាមួយអ្នកស្រុក នោះអ្នកទំនងជានឹងបានរៀនអំពីការគិត ក៏ដូចជាទម្លាប់ប្រពៃណីនិងប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ។

២) ការធ្វើដំណើរបានបង្រៀនអ្នកឱ្យដឹងពីទឹកដីកំណើតរបស់អ្នក

ប្រសិនបើអ្នកធ្វើដំណើរ អ្នកមិនត្រឹមតែបានរៀនអំពីវប្បធម៌បរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរៀនអំពីវប្បធម៌របស់ប្រទេសអ្នកផងដែរ។ អ្នកនឹងបានកត់សម្គាល់ ព្រមទាំងឃើញពីភាពខុសគ្នានៃវប្បធម៌និមួយៗ ហើយនឹងអាចរកឃើញនូវភាពខុសប្លែកពីគេនៃវប្បធម៌របស់អ្នកផងដែរ (វប្បធម៌ដែលប្រទេសដទៃគ្មាន)។

៣)បង្រៀនអ្នកឱ្យស្គាល់ខ្លួនឯង

អ្នកអាចរៀនសូត្រច្រើនអំពីខ្លួនឯងតាមរយៈការធ្វើដំណើរ។ អ្នកនឹងស្វែងយល់ពីអារម្មណ៍របស់ខ្លួននៅពេលដែលអ្នកបានចេញឆ្ងាយពីប្រទេសរបស់អ្នក នោះអ្នកនឹងដឹងថាអ្នកមានអារម្មណ៍យ៉ាងណាចំពោះស្រុកកំណើតរបស់ខ្លួន អ្នកនឹងដឹងថា អ្នកពិតជាមានអារម្មណ៍យ៉ាងណាចំពោះជនបរទេស ហើយអ្នកនឹងដឹងថា អ្នកដឹងឬមិនដឹងអ្វីខ្លះអំពីពិភពលោក។ អ្នកនឹងអាចសង្កេតមើលថា តើអ្នកមានប្រតិកម្មយ៉ាងណាក្នុងស្ថានភាពថ្មីទាំងស្រុង។ អ្នកនឹងមិនមែនជាមនុស្សដូចពីមុនទេ បន្ទាប់ពីត្រឡប់មកផ្ទះវិញ។

ការធ្វើដំណើរកម្សាន្ត (រូបភាពដោយ៖ កែវ ស្រីលាភ)

៤) ធ្វើឱ្យអ្នកអត់ធ្មត់ជាងមុន

ក្នុងអំឡុងពេលធ្វើដំណើរ អ្នកនឹងជួបមនុស្សដែលខុសប្លែកពីអ្នក។ ប្រសិនបើអ្នកធ្វើដំណើរបានច្រើន អ្នកនឹងរៀនទទួលយកហើយពេញចិត្តចំពោះភាពខុសគ្នាទាំងនេះ។ ការធ្វើដំណើរធ្វើឱ្យអ្នកចេះបើកចំហរនិងទទួលយកអ្វីថ្មីៗ។

៥) ផ្តល់ឱ្យអ្នកនូវពេលវេលានិងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន

ប្រសិនបើអ្នកធ្វើដំណើរ អ្នកអាចជួបរឿងរ៉ាវដែលអ្នកមិនធ្លាប់ជួបនៅផ្ទះ។ អ្នកអាចមើលឃើញកន្លែងនិងទេសភាពស្រស់ស្អាតដែលអ្នកមិនធ្លាប់បានឃើញពីមុនមក។ មិនតែប៉ុណ្ណោះ អ្នកអាចជួបមនុស្សដែលនឹងផ្លាស់ប្តូរជីវិតនិងរឿងរ៉ាវរបស់អ្នក។

៦) ធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តនិងឯករាជ្យ

ប្រាកដណាស់ ការធ្វើដំណើរនឹងធ្វើឱ្យអ្នកកាន់តែឯករាជ្យនិងមានទំនុកចិត្ត។ អ្នកនឹងដឹងថាអ្នកអាចស៊ូទ្រាំនឹងស្ថានភាពដែលនឹកស្មានមិនដល់ជាច្រើន ហើយអ្នកនឹងដឹងថាអ្នកអាចរស់បានដោយគ្មានជំនួយទាំងអស់ដែលតែងតែមានសម្រាប់អ្នកពេលនៅផ្ទះ។ អ្នកទំនងជានឹងដឹងថា អ្នកខ្លាំងនិងក្លាហានជាងអ្វីដែលអ្នកបានរំពឹងទុក។

៧) អនុញ្ញាតឱ្យអ្នកទទួលបានចំណេះដឹងដែលមានប្រយោជន៍

ប្រសិនបើអ្នកធ្វើដំណើរ អ្នកអាចរៀនពីអ្វីៗដែលមានប្រយោជន៍ជាច្រើន។ អ្នកអាចនឹងមានដំណោះស្រាយថ្មីដែលមានប្រសិទ្ធិភាពជាង ចំពោះបញ្ហាធម្មតាឬវិធីថ្មីក្នុងការបង្កើតអ្វីមួយ។

ការធ្វើដំណើរកម្សាន្ត (រូបភាពដោយ៖ កែវ ស្រីលាភ)

៨) ជួយបង្កើនជំនាញភាសារបស់អ្នក

ទោះបីជាអ្នកទៅប្រទេសដែលពួកគេនិយាយភាសាដូចអ្នកក៏ដោយអ្នកនៅតែអាចរៀនពាក្យថ្មីនិងការបញ្ចេញសម្លេងមួយចំនួនដែលត្រូវបានប្រើនៅទីនោះ។ ប្រសិនបើអ្នកទៅប្រទេសដែលពួកគេនិយាយភាសាផ្សេងអ្នកនឹងបានរៀនកាន់តែច្រើន។

៩) ជំរុញចិត្តអ្នក

ក្រោយពីមកដល់ផ្ទះពីការធ្វើដំណើរដ៏វែងឆ្ងាយ អ្នកទេសចរជាច្រើនបានដឹងថាពួកគេមានការលើកទឹកចិត្តច្រើនជាងមុន។ ក្នុងអំឡុងពេលធ្វើដំណើរអ្នកអាចរៀនពីអ្វីដែលអ្នកចង់សាកល្បង។ អ្នកប្រហែលជាចង់សាកល្បងជំនាញនិងចំណេះដឹងថ្មីៗរបស់អ្នក ហើយបទពិសោធន៍របស់អ្នកនឹងផ្តល់ថាមពលយ៉ាងច្រើន។

១០) ផ្តល់ឱ្យអ្នកនូវរឿងរ៉ាវដែលអ្នកអាចប្រាប់កូនៗ និងចៅៗរបស់អ្នកបាន

ក្នុងអំឡុងពេលធ្វើដំណើរ អ្នកអាចជួបរឿងគួរឱ្យរំភើបនិងគួរឱ្យរំភើបបំផុត ដែលជារឿងអស្ចារ្យដែលអ្នកអាចប្រាប់អ្នកដទៃ បងប្អូន កូនចៅបាន។ នៅពេលអ្នកចាស់ ហើយក្រឡេកមើលជីវិតរបស់អ្នកនិងបទពិសោធន៍នៃការធ្វើដំណើររបស់អ្នក នោះអ្នកនឹងដឹងថាអ្នកបានធ្វើអ្វីខ្លះនៅក្នុងជីវិតរបស់អ្នក ហើយជីវិតរបស់អ្នកមិនឥតប្រយោជន៍ឡើយ។ វាអាចផ្តល់ឱ្យអ្នកនូវសុភមង្គលនិងការពេញចិត្តចំពោះជីវិតរបស់អ្នក។

ប្រភព៖ គេហទំព័រ Eurama

ប្រែសម្រួលដោយ៖ គួច គីមហ្គេច

ពិនិត្យនិងកែសម្រួលដោយ៖ ស៊ូ សុភក្ត្រា